ព័ត៌មានទាន់ហេតុការណ៍៖

បទវិភាគ៖ ជោគវាសនារួមគ្នា ចិននិងកម្ពុជាចាប់ដៃគ្នាកសាងផ្លូវទៅរកភាពរុងរឿងថ្កុំថ្កើង

ចែករំលែក៖

ភ្នំពេញ ៖ តបតាមការអញ្ជើញរបស់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា លោក Xi Jinping ប្រធានរដ្ឋចិន នឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជាពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែមេសាខាងមុខ នេះជាដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋចិនXi Jinping នៅប្រទេសកម្ពុជាម្តងទៀត បន្ទាប់ពីរំលងអស់រយៈពេល៩ឆ្នាំ ។ ក្នុងអំឡុងពេលដំណើរទស្សនកិច្ច ភាគីទាំងពីរចិននិងកម្ពុជានឹងផ្លាស់ប្តូរមតិយោបល់ដោយស៊ីជម្រៅលើវិស័យធំៗចំនួន៥ គឺការកសាងទំនុកចិត្តខាងនយោបាយចំពោះគ្នា កិច្ចសហប្រតិបតិ្តការដែលផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក ការធានាសន្តិសុខ ការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន និងកិច្ចសហការខាងយុទ្ធសាស្ត្រ ។

           ប្រទេសទាំងពីរចិននិងកម្ពុជាមានចំណងមិត្តភាពដ៏យូរលង់ណាស់មកហើយ ។ តាំងពីបានបង្កើតទំនាក់ទំនងការទូតជាផ្លូវការនៅខែកក្កដា ឆ្នាំ១៩៥៨មក ចំណងមេត្រីភាពប្រពៃណីដែលរួមគ្នាពូនជ្រំនិងបណ្តុះបំប៉នដោយថ្នាក់ដឹកនាំជំនាន់ចាស់នៃប្រទេសទាំងពីរ ឆ្លងកាត់ពេលវេលារឹតតែយូររឹតតែរឹងមាំ ហើយបានក្លាយជាគំរូនៃទំនាក់ទំនងអន្តរជាតិបែបថ្មី ។ មិនថាស្ថានភាពអន្តរជាតិនិងតំបន់មានបម្រែបម្រួលយ៉ាងណាក៏ដោយ ជានិច្ចកាល ភាគីទាំងពីរចិននិងកម្ពុជាតែងតែរក្សាទំនុកចិត្តកម្រិតខ្ពស់ គោរពរាប់អានគ្នាប្រកបដោយសមភាព ក៏ដូចជាផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកនិងឈ្នះ-ឈ្នះ ។

      សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានថ្លែងថា ក្នុងរយៈពេលជាយូរមកហើយ ប្រទេសចិនបានផ្តល់ផលប្រយោជន៍ជាក់ស្តែងជាច្រើនដល់កម្ពុជា បានរួមចំណែកដ៏សំខាន់ក្នុងកិច្ចកសាងហេដ្ឋារចនាសម័្ពន្ធនៅកម្ពុជា ដូចជាផ្លូវថ្នល់និងស្ពានជាដើម ។ សម្តេចបានសង្កត់ធ្ងន់ថា ជានិច្ចកាល ប្រទេសចិនតែងតែផ្តល់ការគាំទ្រយ៉ាងមុតមាំដល់ការអភិវឌ្ឍរបស់កម្ពុជាលើគ្រប់វិស័យ ហើយគ្មានអមល័ក្ខខ័ណ្ឌណាមួយឡើយ ។

         សូមបញ្ជាក់ថា កម្ពុជាជាប្រទេសមួយដែលបានចូលរួមនិងអនុវត្តមុនគេបង្អស់នូវគំនិតផ្តួចផ្តើម “ខ្សែក្រវាត់និងផ្លូវ” ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក គម្រោងរួមគ្នាកសាង“ខ្សែក្រវាត់និងផ្លូវ”ទទួលបានផ្លែផ្កាគួរឱ្យកត់សម្គាល់ ។ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុបានទាក់ទាញសហគ្រាសនិងស្ថាប័នអន្តរជាតិចំនួនជាង២រយ ដែលបានបង្កើតឱកាសការងារចំនួន៣ម៉ឺន២ពាន់កន្លែង។ ផ្លូវល្បឿនលឿនក្រុងភ្នំពេញ -ក្រុងព្រះសីហនុ ដែលជាផ្លូវល្បឿនលឿនទីមួយរបស់ប្រទេសកម្ពុជាបានបង្រួញពេលធ្វើដំណើរពី៥ម៉ោងនៅកាលពីមុន មកនៅត្រឹមតែមិនដល់២ម៉ោង ។ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរបានជំរុញមុខរបរទេសចរណ៍កើនឡើងយ៉ាងឆាប់រហ័ស គិតរហូតដល់ចុងឆ្នាំមុន បានបើកខ្សែហោះហើរចំនួន១៧ខ្សែទៅកាន់ប្រទេសចំនួន៨ ។ ប្រជាជនកម្ពុជាយល់ឃើញជាទូទៅថា គម្រោងរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ”បានរួមចំណែកយ៉ាងខ្លាំងដល់យុទ្ធសាស្ត្រអភិវឌ្ឍន៍របស់កម្ពុជា ហើយនឹងជួយកម្ពុជាឱ្យសម្រេចបាននូវគោលដៅដ៏មហិមារបស់ខ្លួន ពោលគឺដល់ឆ្នាំ ២០៣០ នឹងក្លាយជាប្រទេសចំណូលកម្រិតមធ្យមនិងខ្ពស់ ហើយដល់ឆ្នាំ ២០៥០ នឹងក្លាយជាប្រទេសចំណូលខ្ពស់ ។

        ប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រោមការណែនាំជាយុទ្ធសាស្ត្ររបស់លោកប្រធានរដ្ឋចិន Xi Jinping និងថ្នាក់ដឹកនាំកម្ពុជា ការកសាងទំនុកចិត្តខាងយុទ្ធសាស្ត្ររវាងចិននិងកម្ពុជាមានភាពកាន់តែស៊ីជម្រៅថែមទៀត ក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការត្បូងពេជ្រចិននិងកម្ពុជាមានខ្លឹមសារកាន់តែពេញលេញ ការកសាងរបៀងអភិវឌ្ឍន៍ឧស្សាហកម្មនិងរបៀងត្រីនិងអង្ករទទួលបានការវិវឌ្ឍរីកចម្រើនយ៉ាងល្អប្រសើរជាបន្តបន្ទាប់ កិច្ចសហប្រតិបតិ្តការក្នុងគ្រប់វិស័យទទួលបានផ្លែផ្កាយ៉ាងស្តុកស្តម្ភ ដែលបានផ្តល់ផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជននៃប្រទេសទាំងពីរ ហើយក៏បានរួមចំណែកដល់ការរក្សាសន្តិភាពនិងវិបុលភាពក្នុងតំបន់ រហូតដល់ពិភពលោកទាំងមូលផងដែរ ។

        បច្ចុប្បន្ននេះ ស្ថានការណ៍អន្តរជាតិមានភាពស្មុគស្មាញនិងភាពរង្គោះរង្គើ បម្រែបម្រួលនិម្មាបនកម្មដែលពុំធ្លាប់មានក្នុងរយៈពេល១រយឆ្នាំមានភាពកាន់តែខ្លាំងឡើងៗ។ ក្នុងបរិបទបែបនេះ ដំណើរទស្សនកិច្ចរបស់អ្នកដឹកនាំកំពូលរបស់ចិន នឹងបំពេញបន្ថែមខ្លឹមសារក្នុងយុគសម័យថ្មីដល់កិច្ចកសាងសហគមន៍រួមវាសនារវាងចិននិងកម្ពុជា នឹងចារទំព័រប្រវតិ្តសាស្ត្រថី្មនៃទំនាក់ទំនងទ្វេភាគី ហើយក៏នឹងនាំមកនូវសុខសុភមង្គលកាន់តែច្រើនដល់ប្រជាជននៃប្រទេសទាំងពីរ ដើម្បីរួមគ្នាបង្កើតអនាគតកាន់តែល្អបវរ ៕

ប្រភព ៖ «CCFR China state-controlled media »


ចែករំលែក៖