ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចហៅនារីម្នាក់ដោះអាវបញ្ចេញ ដេីមទ្រូងមកធ្វើការអប់រំណែនាំកុំឱ្យគាត់ធ្វើសកម្មភាពនេះបន្តទៀត

ចែករំលែក៖

ខេត្តស្វាយរៀង ៖ សមត្ថកិច្ចហៅនារីម្នាក់ដែលដោះអាវបញ្ចេញដេីមទ្រូងមកធ្វើការអប់រំណែនាំកុំឱ្យគាត់ធ្វើសកម្មភាពនេះបន្តទៀត។

បន្ទាប់ពីមានការបង្ហោះចែកចាយនូវវីដេអូនារីម្នាក់ដោះអាវបញ្ចេញដេីមទ្រូងក្នុងសង្ក្រាន្តស្វាយរៀងនៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥ ដែលមានប្រជាពលរដ្ឋយ៉ាងច្រើនកុះករចូលរួមលេងការបាញ់ទឹករាំលេងកម្សាន្តជុំវិញរង្វង់មូលក្រុងស្វាយរៀង និងមានការប្រគំតន្រ្តីផងនោះ ស្រាប់តែមាននារីម្នាក់ដែលសមត្ថកិច្ចខេត្តស្វាយរៀងបញ្ជាក់ថាជាជនជាតិវៀតណាមនោះ បានរាំហើយដោះអាវចេញបញ្ចេញដើមទ្រូងធ្វើឱ្យអ្នកឃើញហេតុការណ៍នេះឈរភ្លឹកតែម្តង។

នៅក្នុងហេតុការណ៍នោះ មានអ្នកថតជាវីដេអូបានបង្ហោះចែកចាយពេញបណ្តាញសង្គម និងមានអ្នកចូលមកបញ្ចេញមតិ រិះគន់ អ្នកខ្លះជេរ អ្នកខ្លះចង់ឲ្យសមត្ថកិច្ចពាក់ព័ន្ធស្វែងរកអត្តសញ្ញាណ ។

នៅព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៥នេះ លោក កែវ សុថា ស្នងការរងនគរបាលខេត្តស្វាយរៀង និងជាប្រធានប្រចាំគោលដៅរង្វង់មូលខេត្តស្វាយរៀងបានប្រាប់អ្នកសារព័ត៌មានថា នៅត្រង់ចំណុចរង្វង់មូលខេត្តស្វាយរៀងទល់មុខកន្លែងប្រគំតន្ត្រីមាននារីម្នាក់ជាជនជាតិវៀតណាមឆ្លងដែនចូលមកលេងក្នុងសង្ក្រាន្តស្វាយរៀងដោយភាពសប្បាយពេក បានជាគាត់ដោះអាវបញ្ចេញសាច់សខ្ចី។

លោកស្នងការរងបានបន្តទៀតថា នារីជនជាតិវៀតណាមនេះគឺគាត់ពាក់អាវពីរជាន់ ដោះអាវក្រៅចេញនៅអាវក្នុងពណ៌សាច់ (អាវហ្គេននារី) មើលទៅដូចសាច់ពិតៗ តែតាមពិតគឺអាវហ្គេនហ្នឹងមានបិទបាំងចុងសុដន់។

ក្រោយពីនារីជនជាតិវៀតណាមរាំដោះអាវចេញនោះសមត្ថកិច្ចបានហៅគាត់មកធ្វើការអប់រំណែនាំកុំឱ្យគាត់ធ្វើសកម្មភាពបែបនេះបន្តទៀត៕

ដោយ៖ សុថាន


ចែករំលែក៖