ភ្នំពេញ៖ ក្នុងដំណើរធ្វើទស្សនកិច្ចរបស់លោកប្រធានាធិបតីចិន ស៊ី ជីនពីង (XI JINPING) នៅកម្ពុជា កាលពីថ្ងៃទី១៧ និង១៨ ខែមេសាថ្មីៗនេះ ភាគីកម្ពុជា-ចិន បានឯកភាពគ្នាក្នុងការពង្រឹងការប្រើប្រាស់រូបិយប័ណ្ណក្នុងស្រុកសម្រាប់ការធ្វើពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី។
ជាក់ស្ដែងយោងតាមសេចក្ដីថ្លែងការណ៍រួមរវាងចេញថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ម្សិលមិញនេះ កម្ពុជា-ចិន បានសម្រេចនូវការឯកភាពគ្នាជាច្រើនទាក់ទងនឹងការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ការអនុវត្តគំនិតផ្ដួចផ្ដើមអភិវឌ្ឍន៍សកល សន្ដិសុខសកល និងអរិយធម៌សកលក្នុងនោះត្រង់ចំណុចការអនុវត្តគំនិតផ្ដួចផ្ដើមអភិវឌ្ឍន៍សកលមានចំណុចមួយបានសរសេរថា៖ «ភាគីទាំងពីរបានឯកភាពពង្រឹងការប្រើប្រាស់រូបិយប័ណ្ណក្នុងស្រុកសម្រាប់ការធ្វើពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី ព្រមទាំងគាំទ្រការចូលរួមរវាងធនាគារពាណិជ្ជនានារបស់កម្ពុជាជាមួយនឹងប្រព័ន្ធទូទាត់ប្រាក់យ័នអន្តរធនាគារឆ្លងដែន និងឯកភាពគ្នាជំរុញកិច្ចសហការក្នុងការតភ្ជាប់ប្រព័ន្ធទូទាត់ឆ្លងដែន តាមរយៈQR កូដ»។
សូមជម្រាបថា ការពង្រឹងការធ្វើពាណិជ្ជកម្មដោយប្រើប្រាស់លុយក្នុងស្រុករវាងប្រទេសទាំងពីរនេះហាក់បីដូចជាឆ្លើយតបនឹងដុល្លារូបនីយកម្មដែលបានប្រើប្រាស់ជាច្រើនឆ្នាំហើយ។
លោកស្រី ជា សិរី អគ្គទេសាភិបាលធនាគារជាតិកម្ពុជា បានថ្លែងក្នុងក្នុងសិក្ខាសាលាស្ដីពីប្រាក់រៀល និងអបអរខួប៤៥ឆ្នាំនៃការដាក់ចរាចរប្រាក់រៀលឡើងវិញនៅសភាជាតិកម្ពុជា កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥កន្លងទៅនេះថា លុយដុល្លារអាមេរិកគឺជាសម្បត្តិរបស់រតនាគារអាមេរិកដូច្នេះប្រសិនជាថ្ងៃណាមួយអាមេរិកមិនសប្បាយចិត្តជាមួយនឹងគោលនយោបាយប្រទេសណាមួយ អាមេរិកមានសិទ្ធិគ្រប់ពេលក្នុងការបង្កកលុយមិនទទួលយកពីប្រទេសនោះដែលនេះហើយជាក្ដីបារម្ភដែលមិនត្រឹមតែធនាគារជាតិនោះទេ ពលរដ្ឋក្នុងប្រទេសនោះក៏ប៉ះពាល់ផងដែរ។
គួរបញ្ជាក់ថា ការបារម្ភពីការប្រើប្រាស់លុយដុល្លារនោះគឺកើតមានកាន់តែខ្លាំងបន្ទាប់ពីធនាគារកណ្ដាលអាមេរិកបានបង្កកទ្រព្យសម្បត្តិរបស់រុស្ស៊ីរាប់ពាន់លានដុល្លារបន្ទាប់ពីមានការផ្ទុះឡើងនៃសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ២០២២កន្លងទៅ៕
ដោយ៖តារា