ភ្នំពេញ ៖ សាលារាជធានីភ្នំពេញ គ្រោងនឹងស្ថាបនាស្ពានអាកាសមួយកន្លែង បន្ថែមទៀតនៅត្រង់រង្វង់មូលចោមចៅដើម្បដោះស្រាយការកកស្ទះចរាចរណ៍ច្រកចេញចូលក្នុងរាជធានីភ្នំពេញឱ្យបានកាន់តែល្អប្រសើរ។
លោក មាន ចាន់យ៉ាដា នាយករដ្ឋបាល និងជាអ្នកនាំពាក្យសាលារាជធានីភ្នំពេញបានមានប្រសាសន៍កាលពីរសៀលថ្ងៃ៨ ខែកញ្ញា ឆ្នាំ២០១៦ថា រហូតមកដល់ពេល នេះសាលាក្រុងបានចាប់ផ្តើមឱ្យអ្នកជំនាញ ចុះសិក្សាបច្ចេកទេសពីគំរូប្លង់ក្នុងការស្ថាបនាស្ពានអាកាសត្រង់រង្វង់មូលចោមចៅរួចរាល់ហើយ។
លោកបានបន្ដថា ការសម្រេចឱ្យអ្នកជំនាញសិក្សាពីគម្រោងស្ថាបនាស្ពានអាកាសត្រង់រង្វង់មូលចោមចៅនេះដោយ សារតែបច្ចុប្បន្ននៅក្នុងតំបន់នេះមានការ
កកស្ទះចរាចរណ៍ជាប្រចាំដែលនាំឱ្យរំខានដល់អ្នកធ្វើដំណើរចេញចូលក្នុងរាជធានីភ្នំពេញ ខណៈដែលតំបន់នេះជាផ្លូវតភ្ជាប់ទៅកាន់ផ្លូវជាតិចំនួន២ គឺផ្លូវជាតិលេខ៣ និងផ្លូវជាតិលេខ៤ ដែលមានស្ថានភាព ចរាចរណ៍មមាញឹកខ្លាំង។
លោកបានលើកឡើងថា អាជ្ញាធរមិនទាន់សម្រេចយ៉ាងណានោះទេដោយសារតែមិនទាន់មានកិច្ចប្រជុំបច្ចេកទេសនៅក្នុងសាលារាជធានីភ្នំពេញនៅឡើយ ប៉ុន្ដែ គម្រោងនេះស្ថិតក្នុងផែនការអភិវឌ្ឍន៍នៅក្នុងឆ្នាំ២០១៧ខាងមុខ។
សូមបញ្ជាក់ថា បច្ចុប្បន្ននេះនៅរាជធានីភ្នំពេញមានស្ពានអាកាសចំនួន៤កន្លែងហើយ ក្នុងនោះមានស្ពានអាកាសក្បាលថ្នល់ស្ពានអាកាសស្ទឹងមានជ័យ ស្ពាន
អាកាស៧មករា និងស្ពានអាកាស៥មករា។ ប៉ុន្ដែទោះជាយ៉ាងនេះក្តីសាលារាជធានីភ្នំពេញក៏កំពុងគ្រោងកែលម្អស្ពានអាកាសក្បាលថ្នល់ ស្ថាបនាផ្លូវក្រោមដីត្រង់ភ្លើង ស្តុបបេកាសេ និងស្ថាបនាស្ពានអាកាសត្រង់ស្តុបផ្សារដីហុយដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ក្នុងរាជធានីភ្នំពេញឱ្យកាន់តែប្រសើរ៕ ហេង នរិន្ទ្រ