ភ្នំពេញ ៖ ព្រះពុទ្ធសាសនាបានដើរ តួនាទី ដ៍សំខាន់នៅក្នុងសង្គមក្នុងការអប់រំ មនុស្សឲ្យប្រព្រឹត្ដតែអំពើល្អ ពិសេសអប់រំ ផ្នែកពុទ្ធិដល់ពលរដ្ឋឲ្យគោរពវិន័យច្បាប់ និងប្រៀនប្រដៅមនុស្សឲ្យដើរតាមផ្លូវល្អ ប្រព្រឹត្ដតែអំពើល្អ រស់នៅដោយសុខដុមរនា នៅក្នុងសង្គមគ្រួសារសហគមន៍ដែលមិន មានអំពើហិង្សាប្រកបដោយសន្ដិភាព យុត្ដិធម៌ ។
លោក ប៉ា សុជាតិវង្ស អភិបាលរាជធានី ភ្នំពេញបានបញ្ជាក់បែបនេះ ខណៈលោក ចូលរួមពិធីស្រោចស្រព ព្រះសុគន្ធវារី ប្រកាសតែងតាំងព្រះចៅអធិការវត្តនិរោធ រង្សី ប្រគេនព្រះអគ្គញាណ ស្រេង សុខា និងគ្រូសូត្រស្តាំ ឆ្វេង នៅសង្កាត់ និរោធ ខណ្ឌច្បារអំពៅ កាលពីរសៀលថ្ងៃទី៩ ខែ កញ្ញា ឆ្នាំ២០១៦ ។
លោក ប៉ា សុជាតិវង្ស អភិបាលរាជធានី ភ្នំពេញបានបញ្ជាក់ថា ការប្រកាសតែង តាំងព្រះអគ្គញាណ ស្រេង សុខា ជាព្រះចៅអធិការវត្តនិរោធរង្សី នាពេលនេះគឺបានបង្ហាញឲ្យឃើញពីការរួបរួមសាមគ្គីឯក ភាពទាំងពុទ្ធចក្រ ទាំងអាណាចក្រ បង្កើត បានជាកម្លាំងសរុបមួយដ៏ធំធេងក្នុង ចំណោមពុទ្ធបរិស័ទ ប្រជាពលរដ្ឋឈាន ទៅរួមគ្នាថែរក្សាការពារលើកកម្ពស់គុណតម្លៃព្រះពុទ្ធសាសនា និងរួមចំណែកការ អភិវឌ្ឍប្រទេសជាតិ ។
លោកបានបន្តថា យើងទាំងអស់គ្នាពិតជាជ្រាបច្បាស់ថា ព្រះពុទ្ធសាសនា គឺជា សាសនាមួយដែលបានដើរតួយ៉ាងសំខាន់នៅក្នុងសង្គមរបស់យើងជាយូរលង់ណាស់មកហើយ ។ ព្រះពុទ្ធសាសនាបានប្រមូលផ្គុំ បាននូវកម្លាំងប្រកប ដោយសីលធម៌ល្អ ផ្តល់ឲ្យសង្គមយើងទាំងមូលបង្កលក្ខណៈ ងាយស្រួលដល់កិច្ចកសាងប្រទេសជាតិ ។ ព្រះពុទ្ធសាសនា បានដិតជាប់ក្នុងផ្នត់គំនិត របស់ប្រជាពលរដ្ឋខ្មែរតរៀងមក ដោយ គ្រាន់តែមានការរីកចម្រើន ឬធ្លាក់ចុះទៅតាមសភាពការណ៍នៃប្រទេសជាតិតែ ប៉ុណ្ណោះ ។
លោក អ៊ាង ស៊ីផាន អភិបាលខណ្ឌ ច្បារអំពៅបានឲ្យដឹងថា ខណ្ឌច្បារអំពៅ មាន ២៤វត្ត ក្នុងនោះគណៈមហានិកាយ ចំនួន២២វត្ត និងគណៈធម្មយុត្តិកនិកាយ ចំនួន២វត្ត ព្រះសង្ឃសរុប១២៤១អង្គ ។ ដោយឡែកវត្តនិរោធរង្សីមានព្រះសង្ឃសរុប ចំនួន៨៨អង្គ គណៈកម្មការវត្តអាចារ្យវត្ត ១៩នាក់ សីលវ័ន្ត សីលវតី ៦នាក់ និស្សិត សិស្ស ស្នាក់នៅចំនួន១០នាក់ ។
លោក អ៊ាង ស៊ីផានបានបន្តថា អ្វីដែល ជាមោទនភាព និងចាប់អារម្មណ៍នោះ គឺព្រះ សង្ឃ និងប្រជាពុទ្ធបរិស័ទ ក្នុងខណ្ឌច្បារ អំពៅបានបំពេញតួនាទីយ៉ាងសកម្មក្នុងការលើកស្ទួយកិត្តិយសព្រះពុទ្ឋសាសនាឲ្យ កាន់តែ មានភាពថ្លៃថ្នូររុងរឿង ដោយការ គោរពប្រតិបត្តិតាមព្រះពុទ្ធឱវាទ ដែលជា មាគ៌ាសន្តិភាពស្ងប់រម្ងាប់បង់នូវភ្លើងទុក្ខ និងភ្លើងកិលេសផងទាំងពួងជាមាគ៌ាប្រាសចាកអំពើហិង្សាការបៀតបៀនការប្រទូស្ត រា៉យចំពោះជីវិត សត្វ ព្រមទាំងការអភិវឌ្ឍឲ្យមានការរីកចម្រើនលើគ្រប់វិស័យទាំងផ្នែកអាណាចក្រ និងពុទ្ធចក្រ ៕ សំរិត