ទីក្រុងហ្សឺណែវ៖ ស្ថានបេសកកម្មអចិន្រ្តៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ និងអង្គការនានានៅទីក្រុងហ្សឺណែវ បានលើកឡើងថា កម្ពុជាមានភាពរីកចម្រើនគួរកត់សម្គាល់ក្នុងការជំរុញឱ្យកាន់តែប្រសើរឡើងនូវយុត្តិធម៌សង្គម ខណៈកម្ពុជាបាននឹងកំពុងបន្តកិច្ចខិតខំប្រឹងប្រែង ដើម្បីកែលម្អអភិបាលកិច្ច និងកាត់បន្ថយអំពើពុករលួយ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់តំណាងកម្ពុជា ដែលត្រូវបានរំលេចឡើងនៅក្នុងក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ (HRC) ស្តីពី សមិទ្ធិផលរបស់កម្ពុជាក្នុងវិស័យសិទ្ធិមនុស្ស ការកសាងសន្តិភាព និងការអភិវឌ្ឍ កាលពីថ្ងៃទី ១៨ខែ មេសា ឆ្នាំ ២០២៥។
សេចក្តីប្រកាសអះអាងថា៖« យុត្តិធម៌សង្គមនិងអភិបាលកិច្ចល្អ កម្ពុជាមានភាពរីកចម្រើនគួរកត់សម្គាល់ក្នុងការជំរុញឱ្យកាន់តែប្រសើរឡើងនូវយុត្តិធម៌សង្គម ការលើកកម្ពស់សមភាពយេនឌ័រ និងការការពារក្រុមងាយរងគ្រោះ។ កម្ពុជាបាននឹងកំពុងបន្តកិច្ចខិតខំប្រឹងប្រែង ដើម្បីកែលម្អអភិបាលកិច្ច កាត់បន្ថយអំពើពុករលួយ និងលើកកម្ពស់តម្លាភាព»។
ពាក់ព័ន្ធការលើកកម្ពស់សមភាពយេនឌ័រ រាជរដ្ឋាភិបាលបានបោះជំហានយ៉ាងចាំបាច់មួយទៀត ក្នុងការលើកកម្ពស់សមភាពយេនឌ័រ ការការពារក្រុមងាយរងគ្រោះ និងធានាថាមនុស្សគ្រប់ រូបទទួលបានសិទ្ធិរបស់ពួកគេដោយគ្មានការរើសអើង។ ការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះ សមភាពយេនឌ័រត្រូវបានឆ្លុះបញ្ចាំងនៅក្នុងគោលនយោបាយទាក់ទងនឹងសមភាពយេនឌ័រ។
បើតាមសេចក្តីប្រកាសដដែល រាជរដ្ឋាភិបាលបានផ្តោតលើការកែលម្អ ការអប់រំ ការថែទាំសុខភាព និងការទទួលបានសេវាសាធារណៈសំខាន់ៗ ដោយធានាថា អត្ថប្រយោជន៍ទាំងនេះត្រូវបានចែករំលែកប្រកបដោយសមធម៌សម្រាប់ប្រជាពលរដ្ឋទាំងអស់៕
ដោយ៖ សិលា