ព័ត៌មានទាន់ហេតុការណ៍៖

លោក វ៉ាង វិនពីន៖​ ចិនកំពុងត្រូវបានពិភាក្សា​ ពីលើគម្រោងផ្លូវដែកល្បឿនលឿនពីកម្ពុជាទៅចិន

ចែករំលែក៖

ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លោក វ៉ាង វិនពីន  បានលើកឡើងថា រាជរដ្ឋាភិបាលចិន​ បានយកចិត្តទុកដាក់យ៉ាងខ្លាំង លើគម្រោងផ្លូវដែកល្បឿនលឿននៅកម្ពុជា​ ខណៈ​គម្រោងផ្លូវដែកតភ្ជាប់ពីប្រទេសកម្ពុជាទៅចិន ក៏កំពុងត្រូវបានពិភាក្សាផងដែរ។​ ការលើកឡើងបែបនេះរបស់លោក វ៉ាង វិនពីន នាឱកាសស្ថានទូតចិនប្រចាំកម្ពុជា កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥ម្សិលមិញ​នេះ​ បានរៀបចំសន្និសីទសារព័ត៌មាន ស្តីពីលទ្ធផលដំណើរទស្សនកិច្ចផ្លូវរដ្ឋមកកម្ពុជា របស់លោក ស៉ី ជីនពីង ប្រធានាធិបតីចិន។

លោកឯកអគ្គរដ្ឋទូតចិន​ បានថ្លែង​បញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំយល់ឃើញថា កិច្ចសហប្រតិបត្តិការផ្លូវដែក ភាគីចិនយើងយកចិត្តទុកដាក់មែនទែន ហើយយើងនឹងជំរុញយ៉ាងសកម្ម។ ហើយយើងយល់ឃើញថា យើងបង្កើនសហប្រតិបត្តិការផ្លូវដែកនឹងផ្តល់ផលប្រយោជន៍ដល់ចិន និងកម្ពុជា ក៏ដូចជាផ្តល់ប្រយោជន៍ដល់ការតភ្ជាប់ក្នុងតំបន់យើង ហើយនឹងលើកកម្ពស់នូវប្រសិទ្ធភាពការដឹកជញ្ជូនមនុស្ស និងអីវ៉ាន់។ ចំពោះផ្លូវដែកពីប្រទេសចិន ដល់កម្ពុជា នឹងធ្វើឆ្លងកាត់តាមប្រទេសណាហ្នឹង យើងកំពុងពិភាក្សាគ្នា»។

ដោយឡែក​លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ពាក់ព័ន្ធនឹងគម្រោងអភិវឌ្ឍន៍ផ្លូវដែកនៅកម្ពុជានេះ បានឱ្យដឹងកាលពីថ្ងៃទី៥ ខែមេសាថា៖​ កម្ពុជា បានសិក្សា និងរៀបចំផែនការរួចរាល់ហើយ។ ផែនការអភិវឌ្ឍន៍ផ្លូវ​ដែក​​នៅកម្ពុជាចែកចេញជាពីរដំណាក់កាលរួមមាន៖ ដំណាក់កាលមធ្យមពីឆ្នាំ២០២៣ ទៅឆ្នាំ២០២៧ និងរយៈពេលវែងពីឆ្នាំ២០២៨ ទៅឆ្នាំ២០៣៣។

លោករដ្ឋមន្ត្រី​ក្រសួង​សាធារណការ​ បានបញ្ជាក់ថា​ ក្នុងរយៈពេលមធ្យមនេះ កម្ពុជាមានគម្រោងអភិវឌ្ឍន៍ផ្លូវដែកចំនួន៣គម្រោង រួមមាន៖ គឺប្រែក្លាយផ្លូវដែកពីរខ្សែបច្ចុប្បន្ន (ភ្នំពេញ-ព្រះសីហនុ, ភ្នំពេញ-ប៉ោយប៉ែត) ឱ្យក្លាយជាផ្លូវដែក​អាចបើក​បាន​ល្បឿនលឿនជាងពេលបច្ចុប្បន្ន ហើយគម្រោងទី២ និងទី៣ គឺការកសាងផ្លូវរថភ្លើងភ្ជាប់​រាជធានី​ភ្នំពេញ ទៅព្រលានយន្តហោះអន្តរជាតិតេជោ និងតភ្ជាប់ព្រលានយន្តហោះអន្តរជាតិខេត្ត​សៀម​រាប ទៅកាន់ក្រុងសៀមរាប។

ដោយឡែកសម្រាប់រយៈពេលវែងពីឆ្នាំ២០២៨ ទៅឆ្នាំ២០៣៣វិញ កម្ពុជា មានគម្រោងអភិវឌ្ឍន៍ផ្លូវដែក​ចំនួន​៥គម្រោងរួមមាន៖ ការសាងសង់ផ្លូវដែកល្បឿនលឿនភ្នំពេញ-ព្រះសីហនុ និងភ្នំពេញ-ប៉ោយប៉ែត, សាងសង់ផ្លូវដែកល្បឿនលឿនភ្នំពេញ ទៅបាវិត ព្រំដែនវៀតណាម, ភ្នំពេញ ទៅប៉ោយប៉ែត កាត់តាម​កំពង់​ធំ និងសៀមរាប។

គួរជម្រាបជូនថា​ ក្រៅពីគម្រោងសាងសង់ផ្លូវដែកល្បឿនលឿនទាំង៤គម្រោងនេះទៅ កម្ពុជា ក៏នឹងសាងសង់ប្រព័ន្ធផ្លូវ​ដែក​ក្នុង​រាជធានីភ្នំពេញ ដើម្បីសម្រួលការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋ ដែលកំពុងមានកំណើនខ្លាំង៕

ដោយ​៖ តារា​


ចែករំលែក៖