ខេត្តតាកែវ៖ នាព្រឹកថ្ងៃអាទិត្យ ទី២០ ខែមេសា ឆ្នាំ២០២៥ លោក ស៊ុយ សាន រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការ លោក ប៉ាល់ ចន្ទតារា រដ្ឋលេខាធិការ និង លោក ខាន់ ម៉ាណេរ រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន ដឹកនាំគណៈប្រតិភូក្រសួង ចូលរួមចុះពិនិត្យទីតាំងសម្រាប់ត្រៀមរៀបចំពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៤១ លេខ៣១ និងលេខ៣៣ ដែលដឹកនាំដោយ ឯកឧត្តមសន្ដិបណ្ឌិត យូ ស៊ុនឡុង រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជានាយករងខុទ្ទកាល័យសម្ដេចមហាបវរធិបតីនាយករដ្ឋមន្ដ្រី ដោយមានការចូលរួមផងដែរពី ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តតាកែវ អាជ្ញាធរមានសមត្ថកិច្ច ក្រុមហ៊ុនសាងសង់ CRBC ក្រុមហ៊ុនទីប្រឹក្សាបច្ចកទេស WACC និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនទៀត។
លោករដ្ឋមន្ត្រីប្រតិភូ បានធ្វើការណែនាំដល់ក្រុមការងារទទួលបន្ទុកគ្រប់ផ្នែកពាក់ព័ន្ធត្រូវបំពេញភារកិច្ចរបស់ខ្លួនឱ្យបានច្បាស់លាស់ និងសហការគ្នាឱ្យបានជិតស្និទ្ធ ដើម្បីញ៉ាំងឱ្យថ្ងៃដំណើរការនៃពិធីសម្ពោធ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អាចប្រព្រឹត្តទៅបានដោយរលូន ប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់៕
ដោយ ៖ សិលា