ភ្នំពេញ ៖ ស្ថាបនិក ក្រុមហ៊ុនដែលប្រជាពលរដ្ឋរងគ្រោះ ចោទ ថា ជាជន ឆបោក ក្នុងទំហំទឹកប្រាក់ប្រមាណជិត១៦លានដុល្លារនោះ នៅវេលាម៉ោង៣ រសៀល ថ្ងៃ ទី២១ ខែមេសា ឆ្នាំ២០២៥នេះ ត្រូវបានកម្លាំង នគរបាលខណ្ឌសែនសុខ ចុះទៅនាំខ្លួនបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់។
សូមបញ្ជាក់ថា ៖ ការនាំខ្លួនស្ថាបនិក បោកប្រាស់រូបនោះ ត្រូវគេដឹងថា បន្ទាប់ពី ប្រជាពលរដ្ឋ រងគ្រោះបាននាំគ្នាតវ៉ា បិទផ្លូវ ដើម្បីទទូចស្នើសុំឱ្យសមត្ថកិច្ច និងតុលាការ ជួយអន្តរាគមន៍ដើម្បីនាំខ្លួនបុគ្គលរូបនោះ ទៅចាត់ការតាមច្បាប់។
សូមជម្រាបថា ៖ ប្រជាពលរដ្ឋប្រមាណ៤០នាក់ ក្នុងចំណោមពលរដ្ឋ ប្រមាណ ២០០០នាក់ ដែលរងគ្រោះដោយសារការវិនិយោគអចលនទ្រព្យ ដោយទិញដី និងដាក់លុយបានការប្រាក់ នេះ បាននាំគ្នាតវ៉ាដោយបិទ ផ្លូវទទូចស្នើ សុំ ឱ្យជួយឃាត់ខ្លួន ស្ថាបនិក ក្រុមហ៊ុនឌីបេសហ្រ្គីនឡងឡាយហ៍(ខេមបូឌា)ឯ.ក ម្នាក់ ដែលបានឃុបឃិតគ្នា បោកប្រាស់ យកលុយពីប្រជាពលរដ្ឋ ដែលគិត ជាទឹកប្រាក់ ប្រមាណជិត១៦លានដុលារ ហើយ សមត្ថកិច្ច ក៏នាំខ្លួនយកទៅចាត់ការ។
សមត្ថកិច្ចបញ្ជាក់ថា ៖ ការតវ៉ាបិទផ្លូវ នេះ ធ្វើ ឡើង កាល ពី វេលា ម៉ោង ១ រសៀល ថ្ងៃទី២១ ខែមេសា នៅមុខទីស្នាក់ការ ក្រុមហ៊ុន ដែលស្ថិតនៅបុរីភ្នំពេញថ្មី ភូមិព្រៃមូល សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមប្រភពពីពលរដ្ឋរងគ្រោះបានឱ្យដឹងថា នៅវេលាល្ងាចថ្ងៃទី ២០ ខែមេសា ឆ្មាំ២០២៥ ប្រជាពលរដ្ឋរងគ្រោះបាននាំគ្នាឡោមព័ទ្ធ ស្នាក់ការ ក្រុមហ៊ុនហើយឃាត់ខ្លួនស្ថាបនិកក្រុមហ៊ុនម្នាក់ឈ្មោះ ទូច សុភាព ដែលបានឃុបឃិតគ្នាឆបោក ប្រាក់របស់ពួកគាត់អស់រយៈពេលប្រមាណជាង ២ឆ្នាំមកហើយ បន្ទាប់ពីឃាត់ខ្លួនទុកនៅមុខស្នាក់ការរហូតដល់ព្រឹកថ្ងៃទី២១ ខែមេសានេះ ពុំត្រូវសមត្ថកិច្ច នាំខ្លួន ទៅចាត់ការតាមច្បាប់ឡើយ ដោយរង់ចាំបញ្ជាពីថ្នាក់លើឱ្យយោបល់ ប៉ុន្តែដោយករណី ជាបទល្មើសហើយប្រជាពលរដ្ឋឃាត់ខ្លួនទុកឱ្យក៏សមត្ថកិច្ចធ្វើតាមនីតិវិធី។
តាមប្រជាពលរដ្ឋដែលរងគ្រោះបាន ឱ្យ ដឹងថា កាលពីកំឡុងឆ្នាំ ២០២២ក្រុមហ៊ុនឌីបេសហ្រ្គីនឡងឡាយហ៍(ខេមបូឌា មានស្នាក់ការមុនដំបូងនៅសង្កាត់ស្នោ ខណ្ឌកំបូល រាជធានីភ្នំពេញ ដែលមានលោក ដេង ប៊ុនលីន ជាអគ្គនាយកក្រុមហ៊ុន,លោកទូច សុភាព ជាស្ថាបនិកក្រុមហ៊ុន និង លោក ម៉ៅ ជាតិតា ជាប្រធានទីផ្សារ និងបានអូសទាញ ឆរបោកដោយ ឱ្យពួកគាត់ទិញដី និងដាក់ លុយដើម្បីវិនិយោគអចលនទ្រព្យដោយបានការប្រាក់ ៥%។
ដោយមានការជឿទុកចិត្ត ពលរដ្ឋក៏បាននាំគ្នាប្រមូលលុយខ្លះ ខ្ចីលុយធនាគារយក លុយខ្លះ ៥ពាន់ដុល្លារ ខ្លះ១ម៉ឺន ២ម៉ឺន រហូត ទៅ ដល់ខ្លះ ជាង១០ម៉ឺនដុល្លារក៏មាន។
លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការ នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានឱ្យដឹងថា ៖ ការឃាត់នេះ គឺដើម្បីរក្សាសណ្តាប់ សន្តិសុខ ជៀសវាងមានអំពើហិង្សាណាមួយកើតឡើង ។ ដូច្នេះក៏ឃាត់បញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរ ៕
ដោយ ៖ សិលា