ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចធិបតី៖ ប្រកាសជំរុញការផលិតគ្រឿងបន្លាស់រថយន្តក្នុងស្រុក ដើម្បីកាត់បន្ថយការនាំចូល

ចែករំលែក៖

ខេត្ត​ពោធិ៍សាត់​៖​ សម្ដេចមហាបវរធិបតី​ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា​ បានប្រកាសពីការលើកទឹកចិត្តរបស់រាជរដ្ឋាភិបាលចំពោះអ្នកវិនិយោគដែលមានបំណងបង្កើតរោងចក្រផលិតគ្រឿងបង្គុំរថយន្តនៅក្នុងប្រទេសកម្ពុជា។​ ការជំរុញ​បែបនេះ​របស់​សម្ដេច​ធិបតី​ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធខ្សែសង្វាក់ផលិតកម្មរថយន្ត Ford ថ្មីរបស់ក្រុមហ៊ុន RMA Cambodia នៅព្រឹកថ្ងៃអង្គារទី២២​ ខែមេសា​ ឆ្នាំ​២០២៥នេះ។ 

សម្ដេចធិបតី​ ហ៊ុន​ ម៉ាណែត​ បានថ្លែង​កោតសរសើរចំពោះការរីកចម្រើននៃខ្សែចង្វាក់ផលិតកម្មរថយន្តនៅកម្ពុជា ដែលបានចាប់ផ្ដើមប្រើប្រាស់គ្រឿងបង្គុំមួយចំនួនផលិតក្នុងស្រុក។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលនឹងរៀបចំគោលនយោបាយជាក់លាក់ ដើម្បីជំរុញឱ្យមានការផលិតគ្រឿងបង្គុំរថយន្តកាន់តែច្រើនមុខថែមទៀតនៅក្នុងប្រទេស។

សម្ដេចធិបតី ថ្លែង​បញ្ជាក់​ថា «ឥឡូវនេះរាជរដ្ឋាភិបាលកំពុងតែដាក់ទិសដៅរៀបចំគោលនយោបាយដើម្បីលើកទឹកចិត្តអ្នកដែលមកផលិតគ្រឿងបង្គំឱ្យបានច្រើននៅកម្ពុជា កម្ពុជាមិនមែនគ្រាន់តែជាប្រទេសដែលប្រមូលទិញគ្រឿងបង្គុំមកពីក្រៅ មកផលិតនាំចេញទេ ប៉ុន្តែផលិតឱ្យបានកាន់តែច្រើនអតិបរមានៅកម្ពុជា នេះជាគោលដៅដែលយើងដាក់ចេញ ហើយសង្ឃឹមថា យើងនឹងបន្តទៅទៀត»។ ការលើកទឹកចិត្តនេះមានគោលបំណងសំខាន់ក្នុងការកាត់បន្ថយការពឹងផ្អែកលើការនាំចូលគ្រឿងបង្គុំរថយន្តពីបរទេស និងបង្កើតឱកាសការងារកាន់តែច្រើនសម្រាប់ប្រជាពលរដ្ឋកម្ពុជា។

ក្រុមហ៊ុន RMA CAMBODIA បានប្រតិបត្តិការនៅក្នុងព្រះរាជាណាចក្រកម្ពុជាអស់រយៈពេល ៣៣ ឆ្នាំមកហើយ ដោយជាក្រុមហ៊ុនផ្គត់ផ្គង់ផលិតផល និងសេវាកម្មដ៏ល្បីល្បាញលើពិភពលោក ក្នុងវិស័យជាច្រើនដូចជា យានយន្ត កសិកម្ម ហេដ្ឋារចនាសម្ព័ន្ធ និងឧស្សាហកម្មចំណីអាហារជាដើម។ ក្រុមហ៊ុននេះមានបុគ្គលិកសរុបជាង ៤,០០០ នាក់ ក្នុងនោះមានបុគ្គលិកនារីចំនួន ១,១៧៨ នាក់ និងបុគ្គលិកជំនាញបច្ចេកទេសចំនួន ២,៣០៣ នាក់៕

ដោយ​៖ តារា​


ចែករំលែក៖