ខេត្តពោធិ៍សាត់ ៖ លោក Kevin Whitcraft ប្រធានក្រុមហ៊ុន RMA Group ស្នើសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ធានាឱ្យមានតុល្យភាពពន្ធអាករ រវាងរថយន្តនាំចូលពីក្រៅប្រទេស នឹងរថយន្តដំឡើងក្នុងស្រុក។ ប្រធានក្រុមហ៊ុនស្នើដូច្នេះនៅក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការខ្សែច្រវាក់ផលិតកម្មថ្មី និងរោងចក្រដំឡើងគ្រឿងបង្គុំរថយន្ត FORD នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥។
ប្រធានក្រុមហ៊ុន ក៏ស្នើសម្ដេចផ្តល់អាទិភាពដល់រថយន្តដែលបានដំឡើងក្នុងស្រុកនៅក្នុងដំណើរការលទ្ធកម្មសាធារណៈ និងការដេញថ្លៃ (quota)។ ផ្តល់ការលើកទឹកចិត្តផ្នែកពន្ធផ្សេងៗគ្នាទៅតាមទីតាំងរោងចក្រនីមួយៗ, ជាពិសេស រោងចក្រដែលស្ថិតនៅតាមតំបន់ដាច់ស្រយាល។ កែសម្រួលនូវលក្ខណៈវិនិច្ឆ័យនៃការវិនិយោគរោងចក្រដំឡើងរថយន្តស្របតាមស្ថានភាពជាក់ស្តែង និងជំរុញការអនុវត្តស្តង់ដាររថយន្ត, ស្តង់ដារប្រេងឥន្ធនៈ និងស្តង់ដារ រោងចក្រដំឡើងរថយន្ត ជាដើម។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការពង្រីកខ្សែច្រវាក់ផលិតកម្មថ្មីរបស់ក្រុមហ៊ុន Ford Motor របស់អាមេរិកនៅលើទឹកដីស្រុកក្រគរ ខេត្តពោធិ៍សាត់ ជាមោទនភាពមួយបន្ថែមទៀត សម្រាប់ពលរដ្ឋមូលដ្ឋាននៅទីនេះ ក៏ដូចជាប្រជាជននៅទូទាំងប្រទេសក្នុងការទទួលបានវត្តមានថ្មីបន្ថែមរបស់ឧស្សាហកម្មធុនធ្ងន់ទំនើប ដែលបាននិងកំពុងចូលរួមបង្កើនឱកាសការងារ, កំណើនបៀវត្ស, ការអភិវឌ្ឍធនធានមនុស្ស និងការផ្ទេរបច្ចេកវិទ្យា ក្នុងការអនុវត្តការងារផ្ទាល់នៅក្នុងខ្សែច្រវាក់ផលិតកម្ម។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងបង្ហាញមោទនភាព និងវាយតម្លៃខ្ពស់ចំពោះគ្រប់ភាគីពាក់ព័ន្ធ ក្នុងការចូលរួមចំណែកដល់ការអភិវឌ្ឍវិស័យយានយន្តនៅកម្ពុជា, ជាពិសេសចំពោះក្រុម ហ៊ុន អន្តរជាតិ RMA Group ជាក្រុមហ៊ុននាំមុខមួយក្នុងការផ្គត់ ផ្គង់ ផលិតផល និងសេវា ជូនដល់ប្រជាពលរដ្ឋកម្ពុជា និងក្រុមហ៊ុន Ford Motor Company ជាក្រុមហ៊ុនដ៏ធំរបស់អាមេរិក ដែល បាន ផ្តល់ទំនុកចិត្ត និងជ្រើសរើសប្រទេសកម្ពុជា ជាទីតាំងវិនិយោគរបស់ខ្លួន ដើម្បីចែកចាយនៅលើទីផ្សារក្នុងស្រុក ប្រកបដោយសក្តានុពល យោងទៅលើស្ថានភាពនៃការអភិវឌ្ឍរីកចម្រើន និងកំណើនជីវភាពជាបន្តបន្ទាប់របស់ប្រជាពលរដ្ឋកម្ពុជា។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលបានដាក់ចេញនយោបាយ លើកទឹកចិត្តដល់អ្នកវិនិយោគបរទេសឱ្យមកផលិតគ្រឿងបង្គុំនៅកម្ពុជា។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្តថា បច្ចុប្បន្នកម្ពុជាមានរោងចក្រដំឡើងរថយន្តចំនួន៩។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជាប្រើជំហានគីង្គក់ តែកម្ពុជាដើរទៅមុខជានិច្ច។ មិនធ្វើត្រឹមតែផ្នែកកសិកម្មប៉ុណ្ណោះទេ បច្ចុប្បន្នក៏អាចដំឡើងរថយន្តបានផងដែរ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្តេចមិនប្រកែកនឹងការអញ្ជើញទៅសម្ពោធសមិទ្ធផលនានារបស់វិស័យឯកជននោះឡើយ ៕
ដោយ ៖ សិលា