ភ្នំពេញ៖ ស្រ្តីម្នាក់បានសម្រេចចិត្តចាកចេញពីផ្ទះដោយយកម៉ូតូដឹកកូនតូច២នាក់មកភ្នំពេញទាំងគ្មានថវិកាជាប់ខ្លួន ព្រោះតែមានវិបត្តិនៅក្នុងគ្រួសារ។
ស្ត្រីនិងកូនតូចពីរនាក់បានសុំកន្លែងស្នាក់នៅបណ្តោះអាសន្នរបស់នគរបាលប៉ុស្តិ៍ជ្រោយចង្វាដោយមិនដឹងទៅទីណា។
ស្ត្រីខាងលើមានឈ្មោះយូរ ផល្លី អាយុ៣៣ ឆ្នាំ មានទីលំនៅភូមិជីម៉ូវ ឃុំត្បែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។
ស្ត្រីឈ្មោះ យូរ ផល្លីបានរៀបរាប់ថាដោយសារតែខ្លួនគ្មានលទ្ធភាពចិញ្ចឹមកូនហើយណាមួយទៀតប្ដីរបស់ខ្លួនក៏បានចាកចេញដោយមានស្រី មិនទទួលខុសត្រូវមើលកូន ទើបនាងដឹកកូនមកភ្នំពេញ។
ស្រ្តីរូបនេះបាននិយាយថា ប្តីរបស់នាងមានឈ្មោះប៊ូ បារាំង រស់នៅភូមិទួលល្ហុងឃុំតាំងដូង ស្រុកបាទី ខេត្តតាកែវ។
សមត្ថកិច្ចនគរបាលប៉ុស្តិ៍ជ្រោយចង្វាបានណែនាំនិងពន្យល់ទៅដល់ស្ត្រីខាងលើឲ្យវិលត្រឡប់ទៅកាន់លំនៅឋានវិញ កុំគិតបែបនេះ។
គាត់បានបន្តថា សព្វថ្ងៃនេះជំពាក់គេផងហើយប្តីមិនជួយដោះស្រាយ៕
ដោយ៖ អរុណរះ