ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចនាយករដ្ឋមន្ត្រី ៖ អ្នក ណាថា កន្លែងនេះ ក្រទៅៗ? ទៅចង្អុល បង្ហាញឱ្យខ្ញុំ!

ចែករំលែក៖

ខេត្តតាកែវ ៖ អ្នក ណាថា កន្លែងនេះ ក្រទៅៗ? ទៅចង្អុល បង្ហាញឱ្យខ្ញុំ! សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន លើកឡើង បែបនេះ នាពិធីសម្ពោធ ផ្លូវជាតិ ៣ខ្សែ ពីស្រុកត្រាំកក់ ខេត្តតាកែវ។ 

សម្តេច ហ៊ុន ម៉ាណែត ថា៖ «បើ ប្រៀបធៀបពីជំនាន់ ៨០ មក ឥឡូវ គ្មាន ការ រីកចម្រើន ខ្ញុំ គិតថា យើងមិន ធ្វើនាយករដ្ឋមន្ត្រីទៀតក៏បានដែរ»។

ប្រមុខ រដ្ឋាភិបាល ចង់ឱ្យមានអ្នក ចង្អុលថា តើភូមិណាមួយ ស្រុក ណាមួយ នៃខេត្តតាកែវ មិនមាន ការផ្លាស់ប្តូរ ជាពិសេស ផ្នែកហេដ្ឋារចនាសម្ព័ន្ធ។ ទោះបីជាយ៉ាងណាក៏ដោយ សម្តេច ក៏ទទួលស្គាល់ថា ជីវភាពពលរដ្ឋមាន បញ្ហាប្រឈមខ្លះ ប៉ុន្តែរដ្ឋាភិបាល តែងតែគិតគូរពលរដ្ឋខ្លួនជាអាទិភាព។

សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានបញ្ជាក់ថា ៖ រយៈពេលមួយឆ្នាំមកនេះ សម្ដេចបានចុះហត្ថលេខាឱ្យវិនិយោគតំបន់សេដ្ឋកិច្ចពិសេសនៅខេត្តកំពតពីរបីទៅហើយ ខណៈកាលពីពេលថ្មីៗនេះ ទើបតែបានសម្ពោធជាផ្លូវការកំពង់ផែទេសចរណ៍អន្តរជាតិកំពត និងកំពុងបន្តវិនិយោគលើរោងចក្រមួយចំនួនទៀត។

សម្ដេចធិបតីនាយករដ្ឋមន្រ្ដីថ្លែងថា ៖ ការដាក់ចេញនូវគោលនយោបាយអាទិភាពផ្សេងៗ របស់ រាជរដ្ឋាភិបាល ទៅដល់វិនិយោគិននានាទាំងក្នុង និងក្រៅប្រទេសគឺបានទាក់ទាញ កំណើន វិនិយោគជាច្រើនមកដាក់ការវិនិយោគដោយផ្ទាល់នៅកម្ពុជាក្នុងរយៈពេលជាង១ឆ្នាំមកនេះ។

សម្ដេចធិបតី នាយករដ្ឋមន្រ្ដីគូសបញ្ជាក់ថា ក្នុងរយៈពេលជាង៤០ឆ្នាំមកនេះ កម្ពុជាបានវិវត្តរីកចម្រើនលើគ្រប់វិស័យ ហើយមិនមែនរីកចម្រើនតែនៅរាជធានីភ្នំពេញប៉ុណ្ណោះទេ ប៉ុន្ដែបានរីកចម្រើននៅគ្រប់បណ្ដារាជធានី-ខេត្តដែលមានទាំងហេដ្ឋារចនាសម្ព័ន្ធ សាលារៀន មន្ទីរពេទ្យ និងជីវភាពរបស់ប្រជាពលរដ្ឋមានភាពធូរធារជាងមុន៕

ដោយ ៖ សិលា


ចែករំលែក៖