ខេត្តព្រះសីហនុ៖ ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថភ្លើងនិងរថយន្តដឹកទំនិញ១គ្រឿងបានកើតឡើងដោយការធ្វេសប្រហែសរបស់ក្រុមមើលផ្លូវដែក ដែលមិនទម្លាក់បារាសបណ្ដាលឲ្យរថយន្ត រងការខូចខាតជាខ្លាំងនិងអ្នកបើកបររថយន្តរងរបួសស្រាល។
សមត្ថកិច្ចជំនាញបានឲ្យដឹងថា នៅវេលាម៉ោង០០និង ០៥ នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ លើដងផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រលេខ ១៨៩-១៩០ ស្ថិតក្នុងភូមិទួល ឃុំទឹកល្អក់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើង បង្កដោយរថភ្លើង១ខ្សែពណ៌លឿងលាយខៀវ ពាក់លេខសម្គាល់៦៦៤០ ដែលមានទិសដៅពីខេត្ត ព្រះសីហនុ ឆ្ពោះទៅរាជធានីភ្នំពេញ និងអ្នកបើកបរមិន ទាន់ស្គាល់អត្តសញ្ញាណបានបើកបុករថយន្តដឹកទំនិញធុនធំមួយគ្រឿង។
ប្រភពបានបន្តឱ្យដឹងថា លុះមកដល់ចំណុចខាងលើ ស្ថានភាពផ្លូវងងឹត ចំណែករថភ្លើងមិនមានបិទ,បើកប៉ារ៉ាស់ឬភ្លើងសញ្ញាគ្រោះថ្នាក់ និងមិនបានផ្ដល់សញ្ញាស៊ីផ្លេ បានបើកបុករថយន្ដ១គ្រឿង ដែលកំពុងបើកបរឆ្លងកាត់ ផ្លូវដែក (មិនមានដាក់បារ៉ាស់បិទ,បើកឬភ្លើងសញ្ញាគ្រោះថ្នាក់ទេ)។ រថយន្ដម៉ាក HYUNDAI ពណ៌ ប្រផេះ ពាក់ផ្លាកលេខ ភ្នំពេញ 3F-9186 និងសឺមីរ៉ឺម៉ក ពណ៌ក្រហម ពាក់ផ្លាកលេខ ព្រះសីហនុ 4A-5758 ដែលមានទិសដៅស្រុកព្រៃនប់ ឆ្ពោះទៅខេត្តកំពត បើក បរដោយឈ្មោះ ធីម ខ្មៅ ភេទប្រុស អាយុ៣២ឆ្នាំ មុខ របរបើកបររថយន្ដ មានទីលំនៅភូមិកំប៉ោ ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ បានបុករថយន្ដចំពីចំហៀងខាងស្ដាំតែម្ដង ។
ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបណ្ដាលឲ្យ អ្នកបើកបររថយន្ដរងរបួសស្រាល។ បច្ចុប្បន្នជនរង គ្រោះត្រូវបានសាច់ញាតិយកទៅព្យាបាលដោយខ្លួនឯង រីឯវត្ថុតាង(រថយន្ដ) បានយកមករក្សាទុកជាបណ្ដោះ អាសន្ននៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់។
ចំណែករថភ្លើងត្រូវបានអ្នកបើកបររថភ្លើងបើកបរបន្ដដំណើរទៅរាជធានីភ្នំពេញបាត់៕
ដោយ៖ សូរិយា