ក្រោយការសាកល្បងគ្រប់បែកបរមាណូលើកទី៥ធ្វើឲ្យសហគមន៍អន្តរជាតិព្រួយ បារម្ភ អង្គការសហប្រជាជាតិកោះប្រជុំជា បន្ទាន់លើបញ្ហាខាងលើពេលនេះកូរ៉េខាងជើងបានត្រៀមលក្ខណៈសាកល្បងជាលើក ទី៦ក្នុងរយៈពេលមួយសប្តាហ៍។
សារព័ត៌មានយុនហាប់របស់កូរ៉េខាង ត្បូងបានផ្សាយថា កូរ៉េខាងជើងបានរៀបចំរួចរាល់សម្រាប់ការសាកល្បងគ្រាប់បែក បរមាណូជាលើកទី៦ ដោយកូរ៉េខាងជើងបានប្រើប្រាស់ផ្លូវក្រោមដី ដែលបានប្រើប្រាស់ក្នុងការសាកល្បងនាពេលកន្លងមកនៅលើភ្នំ។ សកម្មភាពសាកល្បងជាបន្ទាប់ នោះត្រូវបានអ្នកវិភាគលើកឡើងថា នៅ ពេលនេះកូរ៉េខាងជើងអាចធ្វើជាម្ចាស់គ្រាប់ បែកបរមាណូរួមតូចសម្រាប់បំពាក់លើកាំជ្រួចមីស៊ីលវាយប្រហារទៅកាន់គោលដៅបានយ៉ាងឆាប់រហ័ស។
ពេលនេះគេអាចនិយាយបានថា កូរ៉េ ខាងជើងបានក្លាយជាប្រទេសមហាអំណាច បរមាណូមួយនៅតំបន់អាស៊ី បន្ទាប់ពីចិន ឥណ្ឌា និងប៉ាគីស្ថាន។ បើទោះបីរងការដាក់ ទណ្ឌកម្មពីអង្គការសហប្រជាជាតិក្រោយការសាកល្បងគ្រាប់បែកបរមាណូទទួលបានជោគជ័យនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ ២០១៦ តែអ្នកនាំពាក់កូរ៉េខាងជើងបាន បញ្ជាក់ថា ការដាក់ទណ្ឌកម្មទាំងនោះគឺជារឿងគួរឲ្យចង់សើច។
តាមការវាយតម្លៃពីកូរ៉េខាត្បូងការសាក ល្បងគ្រាប់បែកបរមាណូកាលពីថ្ងៃទី៩ ខែកញ្ញានោះមានកម្លាំងផ្ទុះ១០គីឡូតុនគឺខ្លាំង បំផុតមិនធ្លាប់មានពីមុនមក។ ចំណែកអ្នកឯកទេសអាមេរិកបានបញ្ជាក់ថា ថាមពល ដែលចេញពីកន្លែងផ្ទុះនោះអាចមានកម្លាំងរហូតដល់២០ទៅ៣០គីឡូតោន ខ្លាំងជាងគ្រាប់បែកបរមាណូដែលអាមេរិកទម្លាក់នៅហ៊ីរ៉ូស៊ីម៉ាប្រទេសជប៉ុនទៅទៀត។
មហិច្ឆតាបរមាណូរបស់កូរ៉េខាងជើងដឹក នាំដោយលោក គីម ជុងអ៊ុន គឺលើសពីអ្វីដែលសហគមន៍អន្តរជាតិព្យាករ។ ការ បង្កើតអាវុធទាំងនោះគឺដើម្បីការពាររបប ដឹកនាំតកូនចៅនៅកូរ៉េខាងជើង។ មួយ វិញទៀតសកម្មភាពរបស់កូរ៉េខាងជើងគឺជាការបង្ខំឲ្យអាមេរិកពិភាក្សាស្វែងរក ដំណោះស្រាយជាមួយកូរ៉េខាងជើង។
ការសាកល្បងគ្រាប់បែកបរមាណូ និង បាញ់មីស៊ីលដោយជោគជ័យគឺជាការគំរាម កំហែងដល់សហគមន៍អន្តរជាតិ ហើយអន្តរជាតិត្រូវតែទទួលស្គាល់ពីភាពរីកចម្រើននៅក្នុងកម្មវិធីបរមាណូរបស់ប្រទេសនេះ។
សារព័ត៌មាន The Guardian របស់អង់គ្លេសបានដកស្រង់សម្តីលោកស្រី Kelsey Davenport អគ្គនាយកនៃអង្គការ Arms Control Association បានបញ្ជាក់ថា កូរ៉េខាងជើងអាចធ្វើជាម្ចាស់នៃការបង្រួមតូចក្បាលគ្រាប់បរមាណូសម្រាប់បំពាក់ទៅលើកាំជ្រួចមីស៊ីលគ្រប់ប្រភេទរបស់ប្រទេស នេះដែលអាចកម្ទេចទីតាំងរបស់កូរ៉េខាង ត្បូងនិងជប៉ុនបានគ្រប់ពេល។
ក្រោយការសាកល្បងនុយក្លេអ៊ែរលើកទី៥របស់កូរ៉េខាងជើងប្រជាជនកូរ៉េខាងត្បូង មិនបានបង្ហាញការបារម្ភឬភាពតានតឹងអ្វីទេ។ ដោយឡែកក្រុមជំនាញនិងសារព័ត៌មានកូរ៉េខាងត្បូងបាននាំគ្នាស្រមៃគិតពីការ វាយប្រហារនុយក្លេអ៊ែររបស់ក្រុងព្យុងយ៉ាង ទៅលើក្រុងសេអ៊ូល។
ប្រជាជនកូរ៉េខាងត្បូងមិនសំដែងការ បារម្ភចំពោះការសាកល្បងនុយក្លេអ៊ែរលើក ទី៥របស់កូរ៉េខាងជើងក៏ដោយសារពួកគេ មានភាពស៊ាំទៅនឹងការផ្គើននុយក្លេអ៊ែរឬការបាញ់មីស៊ីលរបស់ក្រុងព្យុងយ៉ាងរាប់ ទសវត្សមកហើយដែរ។
ការសាកល្បងនុយក្លេអ៊ែររបស់ក្រុងព្យុង យ៉ាងលើកទី៥ កាលពីថ្ងៃសុក្រ បានធ្វើឲ្យក្រុមជំនាញនិងសារព័ត៌មានបើកភ្នែកធំៗ ព្រោះថា ការគំរាមនុយក្លេអ៊ែររបស់កូរ៉េខាង ជើងនេះខ្លាំងជាងអ្វីដែលគេធ្លាប់គិតទៅទៀត។ អាវុធនុយក្លេអ៊ែរដែលក្រុងព្យុងយ៉ាងបាញ់សាកល្បងកាលថ្ងៃសុក្រកន្លងទៅអាចមានកម្លាំងដល់ទៅ១០គីឡូតោនមានអានុភាពលើសពីនុយក្លេអ៊ែរដែលក្រុង ព្យុងយ៉ាងបានបាញ់សាកកាលពីខែមករាដល់ទៅ២ដង។
ទីភ្នាក់ងារកូរ៉េយុនហាប់បានក្រើនរំលឹក ឡើងវិញនូវការសិក្សារបស់មជ្ឈមណ្ឌលអាមេរិកមួយកន្លែង។
មជ្ឈមណ្ឌលនេះធ្លាប់ រំពឹងថា ការផ្ទុះគ្រាប់១០គីឡូតោនទៅលើក្រុងសេអ៊ូលអាចសម្លាប់មនុស្ស២សែន៣ម៉ឺន៥ពាន់នាក់។ ទោះយ៉ាងនេះក្តីក៏នុយ ក្លេអ៊ែរដែលកូរ៉េខាងជើងបាញ់សាកលើកទី៥មិនទាន់ខ្លាំងដល់គ្រាប់បែកដែលបានកម្ទេចក្រុងហ៊ីរ៉ូស៊ីម៉ា ឆ្នាំ១៩៤៥ទេ។ គ្រាប់បែកនុយក្លេអ៊ែរអាមេរិកដែលកម្ទេចក្រុងហ៊ីរ៉ូស៊ីម៉ា កាលណោះមានកម្លាំង១៥គីឡូ តោន។
មុនបាញ់សាកល្បងនុយក្លេអ៊ែរជាលើក ទី៥ កូរ៉េខាងជើងក៏ធ្លាប់ធ្វើតេស្តមីស៊ីល ច្រើនដងមកហើយដែរ ក្នុងនោះមានការបាញ់ ចេញពីនាវាមុជទឹកមួយគ្រឿងផងដែរ។ រដ្ឋាភិបាលកូរ៉េខាងត្បូងកំពុងបារម្ភថា សមត្ថ ភាពនុយក្លេអ៊ែររបស់កូរ៉េខាងជើងកាន់តែល្អប្រសើរជាងមុន ហើយក៏កាន់តែលឿនទៅមុខបើប្រៀបនឹងពេលកន្លងមក។
កាលពីថ្ងៃសុក្រក្រុងព្យុងយ៉ាងបានអួតដែរថា បានទទួលជោគជ័យក្នុងការសាកល្បងក្បាលគ្រាប់នុយក្លេអ៊ែរដែលអាច បំពាក់មីស៊ីលបាន។ ក្រោយការបាញ់សាក នុយក្លេអ៊ែររបស់ក្រុងព្យុងយ៉ាងលោក អូបា ម៉ា បានប្រកាសយល់ព្រមធ្វើការជាមួយក្រុម ប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និង មហាអំណាចផ្សេងៗ ដើម្បីពង្រឹងទណ្ឌកម្ម ដែលធ្លាប់ដាក់លើក្រុងព្យុងយ៉ាងកន្លងមក។ កូរ៉េខាងជើងឯណោះវិញ ប្រកាសទៅវិញ ថា មិនចុះចាញ់នឹងអាមេរិកទេ។
នៅពេលដែលកូរ៉េខាងជើងទទួលបានជោគជ័យទាំងស្រុងនៅក្នុងការពង្រួមតូចក្បាលគ្រាប់បែកបរមាណូបំពាក់លើមីស៊ីល ជោគជ័យនោះកូរ៉េខាងជើងមិនត្រូវការកិច្ចពិភាក្សាជាមួយអាមេរិកឡើយផ្ទុយទៅវិញអាមេរិកគឺត្រូវការពិភាក្សាជាមួយកូរ៉េខាងជើងវិញម្តង។
ភាពជោគជ័យរបស់កូរ៉េខាងជើង និងការមិនខ្លាចទណ្ឌកម្មរបស់សហគមន៍អន្តរជាតិបានធ្វើឲ្យអំណាចប្រទេសនេះកាន់តែខ្លាំងឡើយដោយកូរ៉េខាងជើងមិនខ្លាចធ្វើសង្គ្រាមនោះឡើយ ហើយប្រទេសនេះមាន សមត្ថភាពការពារការវាយប្រហារនិងវាយបកទៅវិញគ្រប់ពេលវេលាដោយគ្រាប់បែក បរមាណូ។
កូរ៉េខាងជើងធ្លាប់បានគំរាមអាមេរិកថា នឹងកម្ទេចអាមេរិកប្រសិនបើមានសង្គ្រាមកើតឡើងនោះ៕ ម៉ែវ សាធី