ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តដឹកទឹកកកបើកបុករបាំងថ្មពុះចែកទ្រូងផ្លូវក្រឡាប់ផ្ងារជើង

ចែករំលែក៖

ភ្នំពេញ ៖ រថយន្តដឹកទឹកកកមួយគ្រឿងបេីកក្នុងល្បឿនលឿនបានរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវធ្វើឱ្យរថយន្តក្រឡាប់ទៅមុខលែងរួច កាលពីវេលាម៉ោង ១១និង២០នាទីយប់ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវលេខ ២៧១ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ 

តាមប្រភពព័ត៌មានបានប្រាប់ឱ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញយុវជនម្នាក់បើករថយន្តដឹកទឹកកកមួយគ្រឿង ពាក់ស្លាកលេខ កណ្តាល 2A-2638 ដែលធ្វើដំណើរតាមបណ្តោយផ្លូវលេខ ២៧១ ក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន ខណៈបើកមកដល់ចំណុចកើតហេតុ រថយន្តដឹកទឹកកកខាងលើនេះ ក៏រេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ ទាំងកំរោល បណ្តាលឲ្យបាក់ចំនួន០២កង់ ចំណែករថយន្តក្រឡាប់ផ្ងារជើង តែមិនបង្កអោយមនុស្សរងរបួសនោះឡើយ ។ 

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានចុះមកដល់ រួចទាក់ទងទៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីមកស្ទូចយករថយន្តទៅរក្សាទុករង់ចាំដោះស្រាយនៅពេលក្រោយ ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖