ភ្នំពេញ៖ ម្ចាស់បានទុកម៉ូតូសណ្តោងរុឺម៉កចោលហើយឡើងទៅដេក ស្រាប់តែមានបុរសម្នាក់បានមកដេកលើរុឺម៉ករបស់គាត់រួចខ្យល់គស្លាប់ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ១០ និង៣០នាទីព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៥ ស្ថិតត្រង់ចំណុចបេឡានផ្សារថ្មី សង្កាត់ផ្សារថ្មីទី០១ ខណ្ឌដូនពេញ ។
សពបុរសខាងលើមានឈ្មោះ រ៉ាវុធ ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរមិនពិតប្រាកដ ។
តាមប្រភពព័ត៌មានពីម្ចាស់ម៉ូតូរុឺម៉កសណ្ដោង(កង់បីខ្មែរ)បានឲ្យដឹងថា មុនពេលកើតហេតុរូបគាត់បានយកម៉ូតូសណ្ដោងរុឺម៉ករបស់គាត់មកទុកដូចសព្វដង និងបានដើរទៅដេកនៅបន្ទប់ជួល។ បន្ទាប់មកក៏ត្រឡប់មកយកកង់បីវិញក៏ស្រាប់តែឃើញបុរសខាងលើបានដេកលើកង់បីរបស់គាត់ គាត់ក៏បានដាស់តែបុរសខាងលើមិនមានការឆ្លើយតបនោះទេ។ ដោយមានការសង្ស័យរូបគាត់ក៏បានទាក់ទងទៅរថយន្ដសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែតចុះពិនិត្យឃើញថាបុរសខាងលើបានស្លាប់បាត់ទៅហើយ ។ ភ្លាមៗនោះក៏ធ្វើការទាក់ទងទៅខាងសមត្ថកិច្ចមូលដ្ឋានផងដែរ។
បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានបានចុះដល់ចំណុចកើតហេតុខាងលើ បានធ្វើការទាក់ទងទៅសមត្ថកិច្ចជំនាញកោសល្យវិច័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះពិនិត្យ និងធ្វើកំណត់ហេតុ រួចក៏បានសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយសារខ្យល់គ សមត្ថកិច្ចក៏បានប្រគល់សពអោយរថយន្ដសាមុយដឹកទៅវត្តទួលសង្កែរង់ចាំសាច់ញ្ញាតិមកយកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ ៖ ភារ៉ា ដង្កោ