ព័ត៌មានទាន់ហេតុការណ៍៖

ឈ្លោះគ្នាញឹកញយកើតជាគំនុំ បុរសជាអ្នកជិតខាងទាញកាំបិតផ្គាក់កាប់យាយតា២នាក់ស្លាប់យ៉ាងអាណោចអាធ័មនៅស្រុកពាមរក៍

ចែករំលែក៖

   ខេត្តព្រៃវែង ៖ លោកយាយលោកតា២នាក់ប្ដីប្រពន្ធត្រូវបានបុរសម្នាក់ដែលជាអ្នកជិតខាងចូលទៅកាប់ដល់ក្នុងផ្ទះយ៉ាងសាហាវព្រៃផ្សៃដោយសារតែរឿងគំនុំឈ្លោះគ្នាញឹកញយដងពេក។

   ករណីឃាតកម្មនេះបានកើតឡើងកាលពីវេលាម៉ោង ២ និង ៣០នាទីរសៀលថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៥ នៅផ្ទះជនរងគ្រោះដែលស្ថិតក្នុងភូមិថ្មី ឃុំពាមមានជ័យ ស្រុកពាមរក៍ ខេត្តព្រៃវែង។

   ជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតទី១ ឈ្មោះជេម យុទ្ធ ភេទប្រុស អាយុ ៨៣ឆ្នាំ ត្រូវជាប្ដី ស្លាប់នៅនឹងកន្លែង និងទី២ ឈ្មោះ ទេស ផលផេន ភេទស្រីអាយុ៧៦ឆ្នាំត្រូវជាប្រពន្ធបានស្លាប់បាត់បង់ជីវិតពេលបញ្ជូនដល់មន្ទីរពេទ្យ។ ចំណែកជួនសង្ស័យមានឈ្មោះ ប៊ីន សុធី ភេទប្រុស អាយុ៣៥ឆ្នាំ មានផ្ទះនៅជាប់នឹងផ្ទះជនរងគ្រោះ។

   សមត្ថកិច្ចបានឲ្យដឹងថា តាមការសាកសួរនៅជុំវិញកន្លែងកើតហេតុបានឲ្យដឹងថា ជនល្មើសនិងជនរងគ្រោះជាអ្នកជិតខាងគ្នា ហើយធ្លាប់ឈ្លោះគ្នាច្រើនដងមកហើយ ប៉ុន្តែមិនដែលឈានដល់ការប្រើប្រាស់អំពើហិង្សានោះទេ។

    ប្រភពដដែលបានបន្តថា មុនពេលកើតហេតុតាយាយ២នាក់ប្ដីប្រពន្ធកំពុងនៅក្នុងផ្ទះសុខៗមិនបានឈ្លោះប្រកែកអ្វីជាមួយជនបង្កហេតុនោះទេ ប៉ុន្តែមិនដឹងយ៉ាងម៉េច សុខៗស្រាប់តែជនបង្កទាញកាំបិតផ្គាក់ពីផ្ទះរបស់ខ្លួន ចូលទៅកាប់សន្ធាប់លើយាយតានៅក្នុងផ្ទះ បណ្ដាលឲ្យត្រូវលោកតា១កាំបិតចំកញ្ចឹងក ប្រកាច់ស្លាប់ភ្លាមៗនៅនឹងកន្លែង។ ចំណែកលោកយាយត្រូវជនបង្កកាប់១កាំបិតចំកណ្ដាលក្បាល ដួលប្រកាច់ទៅលើដី។ ភ្លាមៗនោះអ្នកស្រុកជិតខាងបានឃើញហេតុការណ៍ក៏ស្រែកឆោឡោឡើង ធ្វើឲ្យជនបង្កភ័យក៏រត់គេចខ្លួន ប៉ុន្តែភ្លាមៗនោះលោកមេភូមិបានទូរស័ព្ទប្តឹងទៅកម្លាំងនគរបាលស្រុក ចេញអន្តរាគមន៍ស្ទាក់ចាប់ជនបង្កហេតុ

បានភ្លាមៗនៅតាមដងផ្លូវ ហើយក៏បញ្ជូនទៅឃុំខ្លួននៅអធិការដ្ឋាននគរបាលស្រុកពាមរក៍តែម្ដង។

   សមត្ថកិច្ចបានបញ្ជាក់ថា ក្រោយកើតហេតុភ្លាមៗលោកយាយរងគ្រោះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកភ្លាមៗ ប៉ុន្តែពេលទៅដល់មន្ទីរពេទ្យ លោកយាយក៏បានស្លាប់បាត់បង់ជីវិតទើបត្រូវបញ្ជូនត្រឡប់ទៅផ្ទះវិញ ប្រគល់ឲ្យសាច់ញាតិរៀបចំធ្វើបុណ្យទាំង២នាក់យាយតាដោយឡែកជនបង្ក សមត្ថកិច្ចកំពុងកសាងសំណុំរឿងចាត់ការទៅតាមនីតិវិធី៕

ដោយ៖ សូរិយា


ចែករំលែក៖