ជំនួយការប្រធានាធិបតីរុស្ស៊ីបាននិយាយថា មេដឹកនាំនិងអ្នកតំណាងនៃប្រទេសចំនួន 29 ជុំវិញពិភពលោកនឹងចូលរួមក្បួនដង្ហែរំលឹកខួបលើកទី 80 នៃជ័យជម្នះលើពួកណាស៊ីអាល្លឺម៉ង់ក្នុងសង្គ្រាមលោកលើកទី 2 នៅទីក្រុងម៉ូស្គូនៅថ្ងៃទី 9 ខែឧសភា។
យោងតាមជំនួយការប្រធានាធិបតីរុស្ស៊ី លោកYury Ushakov ភ្ញៀវអន្តរជាតិក៏ត្រូវបានគេរំពឹងថានឹងជួបជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ផងដែរ។
ទីភ្នាក់ងារសារព័ត៌មាន RT បានដកស្រង់សម្តីលោក Ushakov ដែលបានបញ្ជាក់ថា ប្រធានាធិបតីចិន Xi Jinping ប្រធានាធិបតីប្រេស៊ីល Luiz Inacio Lula da Silva ប្រធានាធិបតីស៊ែប៊ី Aleksandar Vucic ប្រធានាធិបតីវេណេស៊ុយអេឡា Nicolas Maduro ប្រធានាធិបតីអេហ្ស៊ីប Abdel Fattah El Sisi និងនាយករដ្ឋមន្ត្រីស្លូវ៉ាគី Robert Fico ស្ថិតក្នុងចំណោមមេដឹកនាំពិភពលោកដែលនឹងមានវត្តមាននៅទីលានក្រហម នៅឆ្នាំទី៩ ដើម្បីចូលរួមពិធីទិវាដង្ហែទិវាជ័យជម្នះ។
នាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi នឹងមិនមានវត្តមាននៅក្នុងព្រឹត្តិការណ៍នេះទេ ដោយសារតែភាពតានតឹងកើនឡើងរវាងប្រទេសរបស់គាត់ នឹងប៉ាគីស្ថាន។ ទោះជាយ៉ាងណាក៏ដោយ ញូវដែលីនឹងនៅតែបញ្ជូនគណៈប្រតិភូជាន់ខ្ពស់ទៅចូលរួម។
ឧបនាយករដ្ឋមន្ត្រីស៊ែប៊ី លោក Sinisa Mali បាននិយាយកាលពីថ្ងៃទី 5 ខែឧសភាថា លោកប្រធានាធិបតី Vucic ត្រូវបានគេរំពឹងថានឹងចូលរួមក្នុងការប្រារព្ធពិធីនៅទីក្រុងមូស្គូ ទោះបីជាលោកមានបញ្ហាសុខភាពក៏ដោយ។ មន្ត្រីនៅទីក្រុងប្រ៊ុចសែលធ្លាប់បានព្រមានថា វត្តមានរបស់លោក Vucic នៅទីក្រុងមូស្គូនឹងផ្ទុយទៅនឹងសេចក្តីប្រាថ្នារបស់បែលក្រាដក្នុងការចូលរួមជាមួយសហភាពអឺរ៉ុប (EU)។
យោងតាមលោក Ushakov ការប្រារព្ធពិធីនេះ “កំពុងក្លាយជាព្រឹត្តិការណ៍អន្តរជាតិដ៏សំខាន់មួយ ដែលបង្ហាញពីកិត្យានុភាពដែលកំពុងរីកចម្រើនរបស់រុស្ស៊ីនៅក្នុងពិភពលោក”។
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅប្រទេសរុស្ស៊ី Lynne Tracy ក៏ត្រូវបានអញ្ជើញផងដែរ។ ទោះយ៉ាងណាបើតាមលោក Ushakov អ្នកស្រី Tracy មិនទាន់បញ្ជាក់ថានឹងចូលរួមឬក៏អត់នោះទេ។
ជំនួយការប្រធានាធិបតីរុស្ស៊ីបានបន្ថែមថា ក្បួនដង្ហែទិវាជ័យជម្នះនៅឆ្នាំនេះ ក៏នឹងមានការចូលរួមពីអង្គភាពយោធាមកពី 13 ប្រទេស រួមទាំងប្រទេសចិន អេហ្ស៊ីប និងវៀតណាមផងដែរ។ អតីតយុទ្ធជនមកពីប្រទេសមួយចំនួន រួមមាន អាមេនី អុីស្រាអែល ម៉ុងហ្គោលី និងសហរដ្ឋអាមេរិក ក៏ត្រូវបានគេរំពឹងថានឹងចូលរួមក្នុងព្រឹត្តិការណ៍នេះ។
កាលពីសប្តាហ៍មុន ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានព្រមានថា ក្រុងកៀវមិនអាចធានាសុវត្ថិភាពរបស់មេដឹកនាំពិភពលោក ដែលមកទីក្រុងមូស្គូ សម្រាប់ក្បួនដង្ហែរទិវាជ័យជម្នះនោះទេ។ មន្ត្រីរុស្ស៊ីក្រោយមកបានចោទប្រកាន់លោក Zelensky ថា ចង់បង្កគ្រោះថ្នាក់ដល់សុវត្ថិភាពរបស់ជនស៊ីវិលដែលចូលរួមក្នុងព្រឹត្តិការណ៍នេះនៅថ្ងៃទី 9 ឧសភា។ នាយករដ្ឋមន្ត្រីស្លូវ៉ាគី Fico ក៏បានរិះគន់ការគំរាមកំហែងរបស់ប្រធានាធិបតី Zelensky ថា “មិនសមហេតុផល” ៕ ដោយ៖ ធីរីណា

រូបថត៖ Tass
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច