ព័ត៌មានទាន់ហេតុការណ៍៖

🔥១គ្រួសារស្លាប់​ ៣នាក់ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​អគ្គិភ័យ​ឆាប​ឆេះ​រថយន្ត​ដឹកប្រេង១គ្រឿង​នៅស្រុកព្រៃនប់

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង ១១និង៤០​ នាទីយប់​ មានករណីអគ្គិភ័យឆេះរថយន្តដឹកប្រេងចំនួន​០១គ្រឿង រួចបន្តឆេះរាលដាលដល់ផ្ទះប្រជាពលរដ្ឋស្ថិតនៅចំណុច​ ភូមិព្រែកប្រស់ ឃុំ​ ទឹកថ្លា ស្រុក​ ព្រៃនប់​ ខេត្ត​ ព្រះសីហនុ។ 

ករណីអគ្គីភ័យនេះបណ្តាលឲ្យ រងការ​ខូចខាតរួមមាន៖ ឆេះរថយន្តដឹកប្រេងចំនួន០១គ្រឿងរបស់ក្រុមហ៊ុន CLEAN ENERGlES (CE) ពាក់ស្លាកលេខភ្នំពេញ​ 4A-2820​ ឆេះក្បាលរថយន្ត​ (អស់ទាំងស្រុង)​ និងបន្តឆេះរាលដាលដល់ផ្ទះប្រជាពលរដ្ឋចំនួន០២ខ្នង​ អស់ទាំងស្រុង,ម៉ូតូចំនួន០៥គ្រឿង និងទ្រព្យសម្បត្តិមួយចំនួនធំ សរុបជាទឹកប្រាក់ចំនួន៥មុឺនដុល្លារ​ ព្រម ទាំងបណ្ដាលឱ្យស្លាប់មនុស្សចំនួន០៣នាក់។ 

ម្ចាស់ផ្ទះរងគ្រោះ៖,-​ ម្ចាស់ផ្ទះទី១ ឈ្មោះ អ៊ុត ភាព ភេទ​ ស្រី អាយុ​ ៤៩​ ឆ្នាំ មុខរបរ កម្មកររោងចក្រ ផ្ទះសង់អំពីឈើដំបូលប្រក់សង្ក័សីមានទំហំទទឹង០៤ម៉ែត្រ × បណ្ដោយ០៦ម៉ែត្រ​ (អអស់ទាំងស្រុងនិងម្ចាស់ផ្ទះទី២ ឈ្មោះ មន ភក្ដី ភេទ​ ប្រុស អាយុ​ ៤០​ ឆ្នាំ​ ត្រូវជាប្ដី និងប្រពន្ធឈ្មោះ​ បាត ស្រីមុំ ភេទ​ ស្រី អាយុ​ ៣៥​ ឆ្នាំ មុខរបរ លក់ដូរ​ ផ្ទះសង់អំពីថ្ម ដំបូលប្រក់សង្ក័សី មានទំហំទទឹង០៧ម៉ែត្រ×បណ្ដោយ១៥ម៉ែត្រ​ (ឆេះផ្ទះអស់ទាំងស្រុង)​ និងបណ្ដាលឲ្យឆេះគ្រោះថ្នាក់ដល់កូនស្លាប់ចំនួន០៣នាក់រួមមានៈ

១.​ ឈ្មោះ​ យ៉ារី សុខសិលា ភេទ​ ប្រុស​ អាយុ​ ១៨​ ឆ្នាំ (ស្លាប់នៅនឹងកន្លែងកើតហេតុ)),២.ឈ្មោះ​ ភក្ដី រីតា ភេទស្រី អាយុ​ ១៥​ ឆ្នាំ (ស្លាប់នៅនឹងកន្លែងកើតហេតុ)​ និង,៣.​ ឈ្មោះ​ ភក្ដី សំមេន ភេទ​ ប្រុស​ អាយុ​ ១៣​ ឆ្នាំ​ (ស្លាប់នៅនឹងកន្លែងកើតហេតុ) និងម្ដាយឈ្មោះ​ បាត ស្រីមុំ អាយុ​ ៣៥​ ឆ្នាំ​ (រងរបួសស្រាល)​ ។

តាមការបំភ្លឺរបស់ឈ្មោះ ភក្ដី គារ៉ា ភេទ ប្រុស អាយុ ១៧ ឆ្នាំ ត្រូវជាកូនបង្កើតម្ចាស់ផ្ទះបានបញ្ជាក់ថា មុនពេលកើតហេតុរូបគាត់កំពុងបង្ហូរសាំងដាក់ប៊ីដុងពីរថយន្តដឹកប្រេង ដែលអ្នកបើកបររថយន្តរបស់ក្រុមហ៊ុន CLEAN ENERGlESបានបង្ហូរសាំងលក់ឱ្យទៅម្ចាស់ផ្ទះខាងលើរួចគាត់បានបង្ហូរសាំងបានចំនួន០២ប៊ីដុង ក៏លើកយកមកទុកក្នុងផ្ទះ រួចហើយក៏បានបង្ហូរសាំងបន្ថែមទៀតទើបតែបានកន្លះប៊ីដុង ។ ពេលនោះដែរម្ដាយរបស់គាត់ក៏កំពុងអាំងងាវហូបនៅពីមុខផ្ទះ ភ្លាមៗនោះស្រាប់តែឆាបឆេះជាអគ្គិភ័យកើតឡើងតែម្ដង។

ករណីអគ្គិភ័យខាងលើ​កម្លាំង​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ​ និង​សង្គ្រោះ​ បានចេញរថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកព្រៃនប់ ២គ្រឿង​ បានប្រើប្រាស់ទឹកអស់៣រថយន្ត​ ស្មើនឹង១២ មម៉ែត្រគូនិង រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្ត កំពតចំនួន០២គ្រឿង​ បានប្រើប្រាស់ទឹកអស់២រថយន្ត​ ស្មើនិង៨ម៉ែត្រគូប៕

ដោយ៖ សូរិយា


ចែករំលែក៖