ព័ត៌មានទាន់ហេតុការណ៍៖

ព្រឹទ្ធសភា និងរដ្ឋសភាកម្ពុជា គ្រោងរៀបចំធ្វើសមាជ ដើម្បីជំរុញឧត្តមប្រយោជន៍ជូនប្រជាពលរដ្ឋ

ចែករំលែក៖

ភ្នំពេញ៖ ព្រឹទ្ធសភា និងរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា គ្រោងរៀបចំសមាជរដ្ឋសភានិងព្រឹទ្ធសភា នៅ ក្នុងខែមិថុនាខាងមុខនេះ តបតាមសំណើរបស់ប្រមុខរាជរដ្ឋាភិបាល សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។

សមាជរដ្ឋសភា និងព្រឹទ្ធសភាជាដំណើរការលទ្ធិប្រជា ធិបតេយ្យ និងការទទួលខុសត្រូវដ៏ខ្ពង់ខ្ពស់បំផុត របស់រាជរដ្ឋាភិបាលចំពោះប្រជាពលរដ្ឋ ដែលបានផ្តល់ការគំាទ្រ យ៉ាងច្រើនលើសលប់ មកលើរាជរដ្ឋាភិបាល នៅក្នុងការបោះឆ្នោតជ្រើសតំាងតំណាងរាស្រ្តនីតិកាលទី៧ កាលពីថ្ងៃខែកក្កដា ឆ្នាំ២០២៣ កន្លងនេះ។ 

ជាការឆ្លើយតបចំពោះទំនុកចិត្តរបស់ប្រជាពលរដ្ឋបែប នេះហើយ បានជារាជរដ្ឋាភិបាលស្នើសុំសភាដែលតំណាងឱ្យប្រជាពលរដ្ឋ រៀបចំសមាជរដ្ឋសភា ព្រឹទ្ធ សភា ឡើង ក្នុងគោលបំណងបង្ហាញពីលទ្ធផលដែលរាជរដ្ឋាភិបាលសម្រេចបានក្នុងការបម្រើប្រជាពលរដ្ឋនិងប្រទេសជាតិនៅក្នុងរយៈពេលជិត២ឆ្នាំមកនេះ។ 

រាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភាបានបង្កើតឡើងក្រោយពីការបោះឆ្នោតដោយសេរី យុត្តិធម៌ គ្មានអំពើហឹង្សា កាលពីថ្ងៃទី២៣ខែកក្កដា ឆ្នាំ២០២៣ ដោយ មានការចូលរួមពីគណបក្សនយោបាយ ចំនួន ១៨ ហើយមានប្រជាពលរដ្ឋមានឈ្មោះបោះឆ្នោតចំនួន ៨៤.៥៩% បានអញ្ជើញទៅបោះឆ្នោត។ ជាលទ្ធផល គណបក្សប្រជាជនកម្ពុជាទទួលបានការគាំទ្រ លើស លប់គិតជាភាគរយប្រមាណ ៨២.៣% នៃចំនួនអ្នក បោះឆ្នោត ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តថ្មីមួយក្នុងដំណើរឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យ នៅកម្ពុជា ។ 

គណបក្សនយោបាយចំនួនពីរទទួលបានអាសនៈនៅរដ្ឋសភាគឺ គណបក្សប្រជាជនកម្ពុជាទទួលបាន១២០ អាសនៈ និងគណបក្សហ៊្វុនស៊ិនប៉ិចទទួលបាន ៥ អាសនៈ។ 

ក្រោមជំនឿទុកចិត្តដ៏ច្រើនលើសលប់របស់ប្រជាពលរេដ្ឋ មកលើគណបក្សប្រជាជនកម្ពុជាបែបនេះហើយ ទើបសម្តេចតេជោ ហ៊ុន សែន ដែលជាអគ្គមគ្គទេសក៍និងជាប្រតិបត្តិករឯកក្នុងការស្វែងរកសន្តិភាពជូនប្រទេសជាតិ និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានបម្រើប្រជាពលរដ្ឋជារៀងរហូតមកនោះ បានសម្រេចចិត្តដ៏ត្រឹមត្រូវ ប្រកបដោយទស្សនៈវែងឆ្ងាយ ក្នុងការធានា ការពារសុខសន្តិភាពយូរអង្វែងតទៅមុខទៀត ជូនប្រជាពលរដ្ឋ ដោយសម្តេចបានសម្រេចផ្ទេរការដឹកនាំប្រទេសជូនឥស្សរជនជំនាន់ក្រោយ មានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលជាឥស្សរជនវ័យក្មេង ប្របកដោយថាមវន្ត  មានឆន្ទៈមោះមុត មានសីលធម៌ខ្ពស់ ដឹកនាំប្រទេសជាតិជាបន្ត។ ការផ្លាស់ប្តូរថ្នាក់ដឹកនាំបានប្រព្រឹត្តទៅដោយសន្តិវិធី និងរលូន មិនធ្លាប់មានក្នុងប្រវត្តិសាស្រ្ត។ ពោលនៅក្នុងរយៈពេលជាង៥00 ឆ្នាំ មកនេះ នៅពេលដែលកម្ពុជាមានការផ្លាស់ប្តូរអំណាចម្តងៗ តែងមានវិបត្តិ ជម្លោះផ្ទៃក្នុង ឬមានសង្រ្គាមផ្ទុះឡើងជានិច្ច។ 

រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត បានរៀបចំនិង ដាក់ចេញនូវ «យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១» ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និង ចីរភាព និង «កម្មវិធីគោលនយោបាយអាទិភាពចំនួន៦» ព្រមទាំង «វិធានការគន្លឹះចំនួន៥» ក្នុងគោលដៅបន្តរក្សាឱ្យបានរឹងមាំនូវចលនការនៃសុខសន្តិភាព ក៏ដូចជាពូនជ្រំនិងពង្រឹងសមិទ្ធផលនៃកិច្ចអភិវឌ្ឍដែលសម្រេចបាននាពេលកន្លងមក និងដើម្បីកសាងនិងពង្រឹងមូលដ្ឋានគ្រឹះ សម្រាប់ជំរុញសន្ទុះនៃការអភិវឌ្ឍ ប្រទេសជាតិ ក្នុងដំណើរឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ស្របតាមឆន្ទៈនិងបំណងប្រាថ្នា ដ៏ពិសិដ្ឋរបស់ប្រជាជន។

សមាជរដ្ឋសភានិងព្រឹទ្ធជាឱកាសវិសេសវិសាលមួយដែលរាជរដ្ឋាភិបាល បង្ហាញពីទំនួលខុសត្រូវចំពោះមុខពលរដ្ឋ ដោយនៅក្នុងនោះនឹងបង្ហាញពីលទ្ធផលការងារសម្រេចបានជិត២ឆ្នាំមកនេះ ជូនពលរដ្ឋនៅចំពោះមុខតំណាងរាស្រ្ត ដែលជាតំណាងពលរដ្ឋម្ចាស់ឆ្នោត។ 

សូមជម្រាបថា យោងច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃសមាជរដ្ឋសភានិងព្រឹទ្ធសភា សមាជរដ្ឋសភានិងព្រឹទ្ធសភាគឺជាការប្រជុំរួមគ្នានៃសមាជិករដ្ឋសភានិងព្រឹទ្ធសភា ដើម្បីដោះស្រាយបញ្ហាសំខាន់ៗ របស់ប្រទេសជាតិ ក្នុងករណីចំបាច់ ដូចជា៖ ការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ឯករាជ្យ អធិបតេយ្យ និងបូរណភាព ទឹកដី ឬ ករណីប្រធានសក្តិ បណ្តាលឱ្យមានវិនាសកម្មយ៉ាងធ្ងន់ធ្ងរដល់ជាតិនិងប្រជាជនឬ ករណីផ្សេងៗទៀត ដែលគណៈកម្មការធិការសមាជយល់ឃើញថាជាបញ្ហាសំខាន់របស់ប្រទេសជាតិ។

ព្រះមហាក្សត្រ ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្រ្តី អាចផ្តួចផ្តើមឱ្យមានការប្រជុំសមាជបាន។ ប្រធានសមាជ អញ្ជើញសមាជិករដ្ឋសភា និងព្រឹទ្ធសភាឱ្យចូលរួមប្រជុំសមាជ។ ច្បាប់សមាជរដ្ឋសភាព្រឹទ្ធសភា បានកំណត់ថា ប្រធានព្រឹទ្ធសភាជាប្រធានសមាជ។ 

សមាជសភានិងព្រឹទ្ធសភា ជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តបម្រើឧត្តមប្រយោជន៍ប្រទេសជាតិនិងប្រជាពលរដ្ឋ។ លទ្ធផលចេញពីសមាជ ជាលទ្ធផលឧត្តុងឧត្តម ខ្ពង់ខ្ពស់បំផុតដែលនឹងត្រូវចុះក្នុងព្រះរាជកិច្ច។ សមាជរដ្ឋសភានិងព្រឹទ្ធសភាព ជាដំណើរលទ្ធិ ប្រជាធិបតេយ្យ សេរី ពហុបក្ស នៅកម្ពុជា ដែលមានប្រជាពលរដ្ឋខ្មែរជាម្ចាស់វាសានាប្រទេសជាតិរបស់ខ្លួន៕

ដោយ៖ សូរិយា


ចែករំលែក៖