ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលរងខេត្តស្វាយរៀង៖ គ្រោះថ្នាក់ចរាចរណ៍នៅតែជាក្តីបារម្ភសម្រាប់មនុស្សគ្រប់រូប ដូច្នេះសូមចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានខ្ជាប់ខ្ជួនទាំងអស់គ្នា​

ចែករំលែក៖

ខេត្តស្វាយរៀង៖ លោកសរ សុដានី អភិបាលរងខេត្តស្វាយរៀងបានថ្លែងថា គ្រោះថ្នាក់ចរាចរណ៍នៅតែជាក្តីបារម្ភ សម្រាប់មនុស្សគ្រប់រូប ដូច្នេះសូមចូលរួមគោរពច្បាប់ចរាចរណ៍អោយបានខ្ជាប់ខ្ជួនទាំងអស់គ្នា​ ដោយថ្ងៃនេះថ្ងៃស្អែកសូមកុំអោយមានគ្រោះថ្នាក់ចរាចរណ៍។

ការថ្លែងលើកឡើងបែបនេះ ក្នុងឱកាសដែលលោកសរ សុដានី តំណាងលោប៉េង ពោធិ៍សាអភិបាលខេត្ត ញ្ជើញចូលរួមក្នុងពិធីអប់រំផ្សព្វផ្សាយស្តីពីច្បាប់ចរាចរណ៍ផ្លូវគោក សុវត្ថិភាពក្នុងការធ្វើដំណើរ និងសុវត្ថិភាពក្នុងការដឹកជញ្ជូនជូន ដល់អ្នកបើកបរយានយន្តដឹកកម្មករ និងកម្មករ និយោជិត ដែលកម្មវិធីនេះ រៀបចំដោយបេឡាជាតិសន្តិសុខសង្គម នៅសាលប្រជុំតំបន់សេដ្ឋកិច្ចពិសេស (មេនហាតធេន)នាព្រឹកថ្ងៃទី១០ ខែឧសភាឆ្នាំ ២០២៥។

ពិធីនេះមានការចូលរួមពីតំណាងអាជ្ញាធរ ស្ថាប័នពាក់ព័ន្ធមួយចំនួន តំណាងតំបន់សេដ្ឋកិច្ចពិសេស​ មេនហាតធេន តំណាងមកពី​៦រោងចក្រក្នុងតំបន់សេដ្ឋកិច្ចពិសេស (មេនហាតធេន)​ ដែល​ ១រោងចក្រមានកម្មករ និយោជិតចូលរួមចំនួន ៥០នាក់ សរុប ៣០០នាក់ អ្នកបើកបរយានយន្តដឹកកម្មករចំនួន ១៥០នាក់​ ក្នុងនោះរួមមាន៖ 

១.រោងចក្រ ថបស្ព័ត ថេកស្ថាយ

២.រោងចក្រ អុិលីត ខេមបូឌា ខូ.,​អិលធីឌី

៣.រោងចក្រ ស៊ីកូ ខេមបូឌា ខូ.,​អិលធីឌី

៤. រោងចក្រ ឃីងមេកឃើ ហ្វ៊ូតវែ

៥.រោងចក្រ សាន ហ្វេង ខេមបូឌា ខូ.,​អិលធីឌី

៦. រោងចក្រ ស្ពីតថេក ខេមបូឌា។

បន្ថែមលើសពី លោកអភិបាលរងខេត្ត បានអំពាវនាវដល់កម្មករ កម្មការិនីនិងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវយកទុកដាក់ក្នុងការថែរក្សាការពារអាយុជីវិត ជាពិសេសដល់ក្រុមគ្រួសារខ្លួននិងអ្នកដទៃដែលជាអ្នកប្រើប្រាស់ផ្លូវគ្រប់ៗគ្នា តាមរយៈការចូលរួមលើកកម្ពស់សុវត្ថិភាពចរាចរណ៍ ដោយអនុវត្តច្បាប់សំដៅការបង្ការនិងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឲ្យបានជាអតិបរមា។

លោក ក៏បានក្រើនរំលឹកទៅដល់កងកម្លាំងប្រដាប់អាវុធទាំងអស់ ត្រូវធ្វើជាគំរូល្អទៅដល់ប្រជាពលរដ្ឋ ក្នុងការគោរពអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ព្រោះកងកម្លាំងជាតួអង្គក្នុងការអនុវត្តច្បាប់ ជាអ្នកចាប់ផាកពិន័យផងដែរ ៕

ដោយ៖ សុថាន


ចែករំលែក៖