ព័ត៌មានទាន់ហេតុការណ៍៖

លោក ទូច សុខៈ(ឃៈ) ៖ ៩សមរភូមិ ទំរាំក្លាយជា«អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ»

ចែករំលែក៖

ភ្នំពេញ ៖ លោក ទូច សុខៈ(ឃៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ បានបង្ហោះថា ៖ សូមអរគុណចំពោះសារព័ត៌មានកម្ពុជាថ្មី ដែលបន្តចុះផ្សាយអំពីអតីតអ្នកសារព័ត៌មាន ក្លាយជា«អ្នកនាំពាក្យ»តាមក្រសួងស្ថាប័នជាតិ! តែខ្ញុំជា«អ្នកនាំពាក្យរង»ទេ។ ទោះ«រង» គឺជាការចាប់ផ្ដើមពីកាំទី១ ជាឱកាសរៀនសូត្រពី ឯកឧត្ដមសន្តិបណ្ឌិត ខៀវ សុភ័គ រដ្ឋលេខាធិការ និងនាយកខុទ្ទកាល័យ ហើយក៏ជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ ដែលលោកឆ្លងកាត់សមរភូមិសាធារណមតិរាប់សិបឆ្នាំ។ ដូច្នេះ ខ្ញុំត្រូវតែរៀនសូត្រពីលោក ព្រោះខ្ញុំមិនដែលធ្វើសោះ ត្រូវថ្នាក់ដឹកនាំតែងតាំងធ្វើឱ្យខ្ញុំស្រឡាំងកាំងតែត្រូវទទួលបទបញ្ជា និង ហ៊ានសាកល្បង។ ឆ្លៀតឱកាសនេះ ខ្ញុំក៏សូមបន្ថែមលើការផ្សព្វផ្សាយ អំពី ការងាររបស់ខ្ញុំមួយចំនួនទៀត ពិសេសក្នុងវិស័យសារព័ត៌មានព័ត៌មានទំរាំមានថ្ងៃនេះ ដូចខាងក្រោម៖

១.ខ្ញុំចាប់ផ្ដើមស្រឡាញ់អាជីពសារព័ត៌មានតាំងពីខ្ញុំឡើងមកភ្នំពេញដំបូងក្នុងឆ្នាំ១៩៩៩ ដែលខ្ញុំជិះកង់អ្នកនៅកុដិជាមួយគ្នាក្នុងវត្តលង្កាទៅរៀនគួរនៅសាលាជ័យថាវី«បាក់ទូក»។ ពោលគឺ ពេលត្រឡប់មកវត្តវិញ ជិះតាមផ្លូវព្រះមុនីវង្ស ដល់ម្ដុំជិតវត្តកោះ ឡានទឹកជាច្រើនគ្រឿងបានបើកយ៉ាងលឿន អមដោយសម្លេងស៊ីរ៉ែនយ៉ាងរន្ថើន។ ពេលនោះសឹងគ្មានយានណាបើកឡើង គឺទុកផ្លូវឱ្យឡានទឹកធ្វើដំណើរ។ ពេលនោះ ខ្ញុំឃើញអ្នកកាសែតជិះម៉ូតូម៉ាក AX យ៉ាងលឿនតាមពីក្រោយ។ ចិត្តខ្ញុំបានដក់ជាប់ថាធ្វើអ្នកកាសែតមានអាទិភាពដល់ម្លឹង។ នេះជាចំណុចចាប់ផ្ដើម! ក្នុងពេលទៅរៀនគួរនៅសាលាជ័យថាវី ខ្ញុំគ្មានកង់ជិះទេ គឺដើរពីវត្តលង្កាទៅសាលា ដើរពីសាលាមកវត្តវិញ។ តែក្រោមមកមានមិត្តរួមថ្នាក់ តែងតែជួនទៅជូនមកជារឿយៗ។ ពេលថ្ងៃត្រង់ ខ្ញុំត្រូវដើរទៅរៀនភាសាអង់គ្លេសនៅឥតគិតថ្លៃនៅផ្សារអូឡាំពិក។ ពេលរសៀល ខ្ញុំដើរទៅរៀនតៃខ្វាន់ដូនៅទួលទំពូង។ ក្រោមមកបានស្គាល់អ្នករៀនជាមួយ ក៏បានជិះកង់ជារឿយៗ ពេលត្រឡប់មកវិញ។ កង់នោះគឺមីគីពណ៌ក្រហម តែគ្មានកែបក្រោយទេ។ ខ្ញុំឈរពីក្រោយតោងស្មារគាត់។ ពេលខ្លះខ្ញុំអ្នកជិះ គាត់តោងស្មារខ្ញុំ។ គាត់នោះ គឺឈ្មោះ ជា វណ្ណារិទ្ធិ ប្អូនប្រុសរបស់បង ជា ដាវីដ តារាចម្រៀងមួយរូប។ មកដល់ពេលនេះ ជា វណ្ណារិទ្ធិ ជាពិធីករដ៏មានប្រជាប្រិយភាពនៅស្ថានីយ៍ទូរទស្សន៍បាយ័ន។ សូមអរគុណប្អូន!

២.ក្រោយពីជាប់បាក់ឌុបឆ្នាំ១៩៩៩ និងរៀនត្រៀមប្រឡងចូលសាកលវិទ្យាល័យជាប់ក្នុងឆ្នាំ២០០០ ខ្ញុំគិតរកវិធីណាអាចធ្វើជាអ្នកកាសែតតែគ្មានបណ្ដាញ ហើយក៏មិនដែលរៀនវិជ្ជាជីវៈសារព័ត៌មានទៅទៀត។ ប្រហែលជានិស្ស័យ លោកពូ ឈឹម សិរីភួន បច្ចុប្បន្នជាអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ កាលនោះតែងមកលេងកូនគាត់ ដែលស្នាក់នៅកុដិលេខ១៨ វត្តលង្កាជាមួយខ្ញុំ ធ្វើឱ្យខ្ញុំបានប្រាស្រ័យទាក់ទងគាត់ជារឿយៗ។ ពេលមួយខ្ញុំក៏ដាច់ចិត្តជម្រាបគាត់រឿងចង់ធ្វើអ្នកកាសែត ព្រោះគាត់ធ្វើការនៅកាសែតច្រើនកន្លែង។ ពេលនោះគាត់ថា ក្រែងខ្ញុំពុំមានពេល ព្រោះនៅរៀនច្បាប់នៅឡើយអ៊ីចឹង។ ខ្ញុំចង់អស់សង្ឃឹមដែរ តែគាត់បន្តថា ខ្ញុំមិនចាំបាច់ចុះយកព័ត៌មានដូចគេទេ សរសេរជាអត្ថបទវិចារណកថានយោបាយតែម្ដងទៅ។ ខ្ញុំមិនយល់នោះទេ តែគាត់បង្ហើបមក ខ្ញុំក៏ឧស្សាហ៍មើលកាសែតត្រង់ទំព័រវិចារណកថានយោបាយ ក៏ចាប់ផ្ដើមសរសេរទុកជូនគាត់ពេលមកលើកក្រោយៗ។ គាត់បានទទួលយកអត្ថបទវិចារណកថារបស់ខ្ញុំ យកទៅសម្រួលតាមវិជ្ជាជីវៈ ហើយបានចេញផ្សាយលើទំព័រកាសែត«ចក្រវាឡ»។ ពេលគាត់មកលើកក្រោម ក៏កាន់កាសែត មានចុះផ្សាយអត្ថបទរបស់ខ្ញុំមកឱ្យ។ ខ្ញុំរំភើប មិននឹងស្មានថាមានឈ្មោះលើទំព័រកាសែតទេ។ ខ្ញុំក៏សរសេរបន្តបន្ទាប់ រហូតកាសែតនោះបិទ។ ចប់! តែគាត់ធ្វើការនៅកាសែតមួយទៀត គឺ«អរិយធម៌»។

៣.ក្នុងឆ្នាំទី៤ថ្នាក់បរិញ្ញាបត្រនីតិសាស្ត្រ ខ្ញុំបានចូលធ្វើការជាមន្ត្រីរដ្ឋបាលវេនយប់ ចាប់ពីម៉ោង៦ល្ងាច ដល់ម៉ោង៦ព្រឹកនៅភោជនីយដ្ឋាននិងបៀរហ្គាឌិន ដែលមានទាំងផ្ទះសំណាក់ផង នៅខាងក្រោយវិទ្យាល័យសន្ធរម៉ុក។ តែធ្វើបានមួយរយៈបងស្រីជីដូនមួយ«ជាតារាភាពយន្ត»ដែលទៅយកខ្ញុំពីវត្តលង្កាមកនៅជាមួយគាត់ ទៅតាមដល់កន្លែងនិងសុំឱ្យឈប់ធ្វើព្រោះគាត់ខ្លាចជួបរឿងមិនល្អ។ នេះជាគុណធម៌របស់គាត់ចំពោះខ្ញុំ!

៤.ក្នុងឆ្នាំ២០០៤ ទាំងកំពុងធ្វើសារណាបញ្ចប់ការសិក្សាផង ខ្ញុំបានទៅគ្រប់គ្រងអង្គការមួយនៅក្នុងវត្តកំពង់ភ្នំក្នុង ដែលជាទីកន្លែងធ្លាប់ស្នាក់អាស្រ័យកាលពីរៀននៅវិទ្យាល័យ ហ៊ុន សែន កំពង់ភ្នំ «ជិតស្ពានអ្នកលឿង»ស្ថិតនៅស្រុកលើកដែក ខេត្តកណ្ដាល។ នៅទីនោះ ក្រៅពីការដឹកនាំសម្របសម្រួលគ្រប់គ្រង ខ្ញុំក៏បង្រៀនភាសាអង់គ្លេសទាំងក្មេងៗ សិស្សពេញវ័យ និងវគ្គខ្លីៗអំពីច្បាប់ផងដែរ។

៥. បានមួយរយៈ ក្នុងឆ្នាំ២០០៥ ខ្ញុំក៏ឡើងមករកការងារធ្វើនៅភ្នំពេញវិញ ដោយស្នាក់នៅវត្តលង្កាដូចកាលនៅរៀនសាលាច្បាប់ពីមុន។ ខ្ញុំបានជាប់ជាអ្នកស្មគ្រចិត្តនៅអង្គការមួយ នៅខាងក្រោយទីស្ដីការគណៈរដ្ឋមន្ត្រី ដែលអង្គការនេះតែងតែបើកវគ្គបណ្ដុះបណ្ដាលខ្លីៗ ខ្ញុំនិងបុគ្គលិកផ្សេងៗជួយសម្របសម្រួល។ កាលនោះ ជួនកាលខ្ញុំដើរពីវត្តលង្កាទៅធ្វើការ និងពេលខ្លះ អ្នកស្ម័គ្រចិត្តធ្វើការជាមួយទៅយកនិងជូនមកវិញ។ ខ្ញុំមើលទៅដូចមិនសូវទំនងក៏សុំលាឈប់ និងស្វែងរកការងារផ្សេង។ ខ្ញុំបានជិះកង់ជាមួយមិត្តភក្តិ ដើររកការងារតាមមុខក្រុមហ៊ុន និងអង្គការក្រៅរដ្ឋាភិបាលសឹងរាល់ថ្ងៃ។ កាលនោះ ឱ្យតែឃើញគេបិទផ្លាកសៗ ឬក្ដារខៀនសៗព្យួរ គឺនាំគ្នាស្រូតឈប់កង់ចុះមើល។ រឿងដែលហួសចិត្ត ជារឿយៗ ពេលចុះមើលផ្ទាល់ គឺក្ដារខៀននោះជាផ្ទាំងចេញលទ្ធផលភ្នាល់បាល់ និងកន្ទុយលេខ។ ក្រោយមក មិត្តភក្តិម្នាក់ទៀត បបួលទៅដាក់ពាក្យនៅក្រុមហ៊ុន fast food ធំមួយដែលកើតមុនគេនៅភ្នំពេញ និងមានតែមួយពេលនោះ និងល្បីឈ្មោះ។ ជាលទ្ធផលពីរនាក់មិត្តភក្តិ បានជាប់ Short List និងឈានទៅសម្ភាសផ្ទាល់មាត់ចុងក្រោយ។ តែលទ្ធផលចុងក្រោយ មិត្តភក្តិខ្ញុំ ដែលរៀនខាងកសិកម្ម ជាប់ តែខ្ញុំរៀនច្បាប់ធ្លាក់។

៦. ខ្ញុំនៅបន្តជិះកង់ជាមួយមិត្តភក្តិផ្សេងទៀត ដើររកមើលគេប្រកាសរើសបុគ្គលិកដូចមុនទៀត។ មកដល់វិទ្យុស្ត្រី នៃមណ្ឌលព័ត៌មានស្ត្រីកម្ពុជា WMC ពួកយើងបានឃើញក្ដារខៀនបិទផ្សាយព័ត៌មាន ក៏ប្រញាប់ឈប់កង់និងចុះមើលយ៉ាងរហ័ស។ ក្រដាសរ៉ាម លើក្ដារខៀន ប្រកាសរើសបុគ្គលិកស្ម័គ្រចិត្តជា«អ្នកអត្ថាធិប្បាយកម្មវិធី-ពីធីករ»។ ឃើញភ្លាមខ្ញុំអរណាស់ ព្រោះជាចំណូលចិត្តចង់ក្លាយជាពិធីករ ក៏ត្រូវរូតរៀបចំឯកសារដាក់ពាក្យមិនបង្អង់។ ជាលទ្ធផលខ្ញុំបានជាប់ Short List និងឈានទៅសម្ភាសផ្ទាល់មាត់ចុងក្រោយ។ ពេលសម្ភាសផ្ទាល់មាត់ មានសំណួរជាច្រើនចោទសួរ ហើយអ្នកសួរ និងសំណួរដែលខ្ញុំចាំជាងគេ គឺបង ម៉ី សនសុធារី បច្ចុប្បន្នទីប្រឹក្សា សារព័ត៌មានកម្ពុជាថ្មី និងសំណួររបស់គាត់ គឺឱ្យខ្ញុំលើកមាត្រាណាមួយក្នុងរដ្ឋធម្មនុញដែលលើកកម្ពស់តម្លៃស្ត្រី។ ពេលនោះ ខ្ញុំឆ្លើយ និងពន្យល់ដោយគ្មានទាក់ទើរ ព្រោះខ្ញុំបានត្រៀមរួចហើយ ដោយហេតុថា អង្គភាពនេះធ្វើការផ្ដោតលើការលើកកម្ពស់ស្ត្រី។ ដូច្នេះ ខ្ញុំព្យាករណ៍ថា ច្បាស់ជាមានសំណួរពាក់ព័ន្ធប្រធានបទនេះ ឬពេលដែលអ្នកធ្វើបទសម្ភាសផ្ដល់ឱកាសឱ្យយើងមានយោបល់ចុងក្រោយ ខ្ញុំនឹងលើកចំណុចនេះមកអធិប្បាយ ដើម្បីទាក់ទាញចំណាច់អារម្មណ៍។ ជាលទ្ធផល ខ្ញុំបានជាប់ រួមជាមួយបេក្ខជន៩នាក់ទៀត។

ប៉ុន្តែជាប់នេះ ពុំមែនស្ថាពរទេ គឺត្រូវឆ្លងកាត់ការអនុវត្តផ្ទាល់មួយរយៈខ្លីទៀត។ បន្ទាប់ពីការណែនាំការងារប៉ុន្មានថ្ងៃ ពួកយើងត្រូវចូលធ្វើជាអ្នកអត្ថាធិប្បាយតាមកម្មវិធី ដែលនិយមហៅថា«ពិធីករ» និងការងារផ្សេងៗទៀត។ កាលនោះ ខ្ញុំជ្រើសរើសកម្មវិធី«សំនៀងក្រោមពន្លឺចន្ទ្រ» ចាប់ពីម៉ោង៩យប់ ដល់ម៉ោង១០យប់ ដែលមានលោក ប៊ុណ្ណារិទ្ធិ ជាពិធីករចាស់វស្សា តែបច្ចុប្បន្នលោកក្លាយជា ប្រធានមន្ទីរវប្បធម៌ខេត្តកំពង់ឆ្នាំង។ សូមអបអរសាទរ! កាលនោះ ខ្ញុំគ្មានកង់ជិះទេ ត្រូវដើរពីវត្តលង្កាទៅវិទ្យុស្ត្រី នៃមណ្ឌលព័ត៌មានស្ត្រីកម្ពុជា WMC នៅជិតផ្សារដើមថ្កូវ។ តែពេលយប់ៗ ខ្ញុំយកកង់មិត្តភក្តិជិះទៅ តែពេលចប់កម្មវិធីត្រឡប់មកវត្តលង្កាវិញ ត្រូវលើកកង់រំលងរបង ព្រោះវត្តបិទទ្វាររបងត្រឹមម៉ោង១០យប់ ដោយមិត្តភក្តិខ្ញុំនៅខាងក្នុង ឡើងលើរបងទាញកង់មុខ ឯខ្ញុំនៅខាងក្រៅរុញកង់ឡើងលើ។ រួចហើយ ខ្ញុំលោហ៍ដៃឱ្យគាត់ចាប់ទាញខ្ញុំឡើង…។

ក្រោយពេលអនុវត្តផ្ទាល់ ថ្នាក់ដឹកនាំវាយតម្លៃសម្រេចយកតែប៉ុន្មាននាក់ប៉ុណ្ណោះ ដែលមានខ្ញុំម្នាក់ដែរ។ តែយើងពុំបានទទួលប្រាក់ខែទេ អាចមីងៗ បងៗខ្លះអាណិតជួយហុចនេះហុចនោះខ្លះៗ។ ខ្ញុំនៅចាំបង «អ៊ា វឌ្ឍនា» អតីតអ្នកគ្រប់គ្រងក្រុម EV Band ឱ្យអាវខ្ញុំ និងសម្ភារមួយចំនួន។ សូមអរគុណបង តែបងបែរលាចាកលោកទៅបាត់! ពេលនោះខ្ញុំគ្មានអីជិះទេ ជួនកាលថ្នាក់លើឱ្យចេញទៅយកព័ត៌មាន កម្មវិធីនេះកម្មវិធីនោះ ក៏ទាញកង់របស់បង«សំ នឿន» ជាប្រធានក្រុមព័ត៌មាន និងជាមេខ្ញុំ ជិះទៅយកព័ត៌មាន ដែលមកដល់សព្វថ្ងៃគាត់ជាអគ្គនាយករងសារព័ត៌មានត្រយង។ បន្ទាប់ពីដឹងថា ខ្ញុំគ្មានអ្វីសូម្បីកង់ជិះមកធ្វើការ បង«ម៉េង» បច្ចុប្បន្នធ្វើការនៅស្ថានទូតអាម៉េរិក បានឱ្យលុយខ្ញុំ៣០ដុល្លារទៅទិញកង់មួយជិះគ្រាន់ជិះ។ សូមអរគុណបង!

ក្រោយៗមក ខ្ញុំបានដៃគូដែលជាប់ជាមួយគ្នា មានម៉ូតូក៏អាស្រ័យជាមួយគាត់ និងចុះយកព័ត៌មានជាមួយគ្នាក្នុងរាជធានីភ្នំពេញ។ នៅគឺ «ប៊ុណ្ណា» បច្ចុប្បន្ន ជាអគ្គនាយកសារព័ត៌មានត្រយង។ ពួកយើងជិះម៉ូតូស្វែងរកព័ត៌មាន ពិសេសករណីបាតុកម្ម។ ថ្ងៃមួយ «ប៊ុណ្ណា» ឌុបខ្ញុំទៅដល់មុខបឋមសិក្សាទួលគោក «សាលាពៅអ៊ុំ» ស្រាប់តែឃើញមនុស្សប្រមូលផ្ដុំមានម៉ូតូកង់ និងចូលស្រទៅក្នុងសាលា។ ខ្ញុំប្រញាប់ឱ្យប៊ុណ្ណាឈប់ រួចរត់ទៅសួរនាំគេថា បាតុកម្មរឿងអី? ចម្លើយមក គេមកយកកូនគេចេញពីសាលា។ ពេលខ្ញុំត្រឡប់មកម៉ូតូវិញប្រាប់ប៊ុណ្ណា ហើយគាត់មើលនាឡិកា ចង្អុលម៉ោងជាង១១។ ពួកយើងអស់សំណើច បើកម៉ូតូចេញទៅ។

៧. និយាយកាត់ៗ! ខ្ញុំធ្វើការស្ម័គ្រចិត្តទាំងជាពិធីករ អ្នកសរសេរព័ត៌មាន រាយការណ៍-អានព័ត៌មាន និងជួយការការងារផលិតកម្មវិធី រយៈពេលខ្ទង់៥ខែ ទើបក្លាយជាបុគ្គលិកពេញសិទ្ធិ ដែលទទួលបានប្រាក់ខែដំបូង១៥០ដុល្លារ ក្នុងភារកិច្ចជាអ្នកផលិតកម្មវិធី ពិធីការ តែខ្ញុំនៅតែសរសេរ និងអាន-រាយការណ៍ព័ត៌មានបន្ថែមដដែល។ បានចូលជាបុគ្គលិកពេញសិទ្ធិនេះ ដោយតែបង«ប៊ុនធឿន»អ្នកផកិតកម្មវិធី និងជាពិធីករកម្មវិធី«ទេគឺទេ» ដែលនិយាយអំពីបញ្ហាគ្រឿងញៀន សុំលាឈប់ទៅបម្រើការងារនៅវិទ្យុបាយ័ន។ បច្ចុប្បន្នបង«ប៊ុនធឿន»ក្លាយជាអភិបាលខណ្ឌឬស្សីកែវ។ ទន្ទឹមនឹងធ្វើការនៅវិទ្យុស្ត្រីនេះពេញម៉ោង ខ្ញុំបានឆ្លៀតក្រៅម៉ោង ទៅជួលម៉ោងវិទ្យុផ្សេងៗផលិតកម្មវិធីរកស្ប៉ត់ពាណិជ្ជកម្មដាក់។ ព្រមទាំងឆ្លៀតពេលសៅរ៍អាទិត្យ ថ្ងៃឈប់សម្រាក ពីរនាក់«ប៊ុណ្ណា»ចេញឆ្វែលរកព័ត៌មានសរសេរឱ្យកាសែតស្ថាបនាខ្មែរ និងទស្សនាវដ្ដី។ ដូចគ្នាដែរ ក៏ឆ្លៀតសរសេរអត្ថបទព័ត៌មានសិល្បៈបោះឱ្យសារព័ត៌មានសប្បាយផងដែរ ដែលខ្ញុំចាំដំបូងគឺទាក់ទងសម្ភាសប្អូនស្រី គាត សុវណ្ណាឡាង Freshy Girl ។ អ្វីដែលគួរអស់សំណើច ទៅសម្ភាសគេ ភ្លេចយកកាមេរ៉ាថតរូបទៅ។ ហ៊ី! អត្ថបទដែលខ្ញុំសរសេរពីនាងដាក់ចំណងជើងថា«គាត សុវណ្ណាឡាង បង្ហាញបុរសដែលនៅពីក្រោយការបើកហាងរបស់នាង» ដោយខ្ញុំបានណាត់នាងទៅសម្ភាសដល់ហាងនៅម្ដុំបឹងកេងកង ដូចជាលើផ្លូវ៣៦០។ ក្រៅពីនេះ ខ្ញុំក៏ធ្លាប់ធ្វើជាពិធីករនៅវិទ្យុ ABC ដែលកាលនោះនៅលើផ្លូវសហព័ន្ធរស្ស៊ី ក្បែរៗសាកលវិទ្យាល័យភូមិន្ទភ្នំពេញ តែពុំមែនបុគ្គលិកទេ គឺមិត្តភក្តិទិញម៉ោងផ្សាយក្រោមការឧបត្ថម្ភពីធនាគារអេស៊ីលីដា និងផ្សព្វផ្សាយបើកវគ្គបង្រៀនជំនាញពិធីករផងដែរ ដែលកាលនោះបង្រៀននៅបន្ទប់មួយនៃផ្ទះប្លុកអូឡាំពិក។ សង្ខេបមក ខ្ញុំធ្វើការនៅវិទ្យុស្ត្រី រហូតក្លាយជាផលិតករប្រតិបត្តិ«EP»អ្នកដឹកនាំកម្មវិធី និងបម្រើការងារអស់រយៈ៥ឆ្នាំក៏លាឈប់នៅឆ្នាំ២០១០។ ហេតុអ្វីខ្ញុំឈប់? តើខ្ញុំទៅធ្វើអ្វីវិញ?

៨.បន្ទាប់លាឈប់ពីវិទ្យុស្ត្រី នៃមណ្ឌលព័ត៌មានស្ត្រីកម្ពុជា WMC ខ្ញុំបានសម្រេចចិត្តទៅធ្វើការនៅសារព័ត៌មានសប្បាយ ជាសារព័ត៌មានអនឡាញ ដែលមានបង ម៉ី សនសុធារី ជានិពន្ធនាយិការ។ ដំបូងខ្ញុំទទួលមុខងារជា«ប្រធានក្រុមអ្នកយកព័ត៌មាន – Head of Reporter» ដែលមានភារកិច្ច លើកប្រធានបទឱ្យអ្នកយកព័ត៌មានផលិត លើកសំណួរ និងដឹកនាំទៅសម្ភាសថែមទៀត និងសម្រួលអត្ថបទរបស់ពួកគេ។ មួយរយៈក្រោយមក ខ្ញុំត្រូវក្រុមហ៊ុន តែងតាំងជា«និពន្ធនាយករង»។ ខ្ញុំធ្វើការនៅទីនេះពេញម៉ោង នឹងក្រៅម៉ោងឆ្លៀតទៅបង្កើតកម្មវិធីវិទ្យុនៅចំការដូង មានវិទ្យុសុវណ្ឌភូមិ FM 104 វិទ្យុចំការដូង FM 103.5 វិទ្យុ FM 90.25នៅចំការដូង វិទ្យុជាតិ FM 97 នៅស្ទឹងមានជ័យ វិទ្យុ FM 99 និងវិទ្យុបាយ័ន FM 95 កម្មវិធីបណ្ដុះគំនិតយុវជន ជាមួយបង អ៊ុំ រស្មី បច្ចុប្បន្នជាជំនួយការសម្ដេចធិបតី និងជាអនុប្រធានក្រុមការងារព័ត៌មានរបស់សម្ដេចធិបតី។ ពេលថ្ងៃត្រង់ ខ្ញុំឆ្លៀតមកបង្រៀនវគ្គខ្លីៗ ដែលខ្ញុំជួលផ្ទះនៅម្ដុំសាលាច្បាប់បឹងត្របែក បង្រៀន«គន្លឹះរៀនឱ្យពូកែ វិជ្ជាជីវៈពិធីករ និងសិល្បៈនិយាយជាសាធារណៈ ប្រកបដោយឥទ្ធិពល…»។ សរុបមក ខ្ញុំបំពេញការងារនៅសារព័ត៌មានសប្បាយនេះ បានតែ២ឆ្នាំប៉ុណ្ណោះ ក៏លាឈប់នៅឆ្នាំ២០១២ក្នុងខែសីហា។ ទីនេះ ខ្ញុំបានរៀនសូត្រវិជ្ជាជីវៈព័ត៌មានតាមអនឡាញ បន្ទាប់ពីជំនាញវិទ្យុ។ ចេញពីនេះ តើខ្ញុំទៅណា?

៩.មុនខែសីហាឆ្នាំ២០១២ មិត្តភក្តិខ្ញុំ «សំណព្វ» បច្ចុប្បន្នសក្តិ៥នៅក្រសួងមហាផ្ទៃ កាលនោះគាត់ជាអ្នកគ្រប់គ្រងវិទ្យុហង្សមាស FM 104.5 និងអត្ថាធិប្បាយកម្មវិធីកីឡានៅទូរទស្សន៍ហង្សមាស បានទាក់ទងមកខ្ញុំថា ខាងលោកថៅកែហង្សមាសស្វែងរកអ្នកមានបទពិសោធន៍ និងប៉ិនប្រសព្វខាងអត្ថាធិប្បាយព័ត៌មាន ហើយប្រាប់ថាគាត់បានណែនាំខ្ញុំទៅលោកថៅកែរួចហើយ លោកថៅកែចាប់អារម្មណ៍។ គាត់ប្រាប់ឱ្យខ្ញុំទាក់ទងទៅលោកថៅកែទៅបើចាប់អារម្មណ៍ការងារទូរទស្សន៍។ ស្របតាមផែនការរបស់ខ្ញុំផង ខ្ញុំបានទាក់ទងទៅលោកថៅកែតាមទូរស័ព្ទ តែពុំបាននិយាយស៊ីជម្រៅទេ គាត់ថាចាំគាត់ត្រឡប់មកពីថៃវិញទាក់ទងជួបគ្នាជជែកលម្អិត។ ចុងក្រោយក៏បានជួបគ្នាផ្ទាល់ជជែកនិងទទួលយកលក្ខខណ្ឌទាំងសងខាង។ ខ្ញុំផ្ដើមការពីជាផលិតករព័ត៌មាន និងអត្ថាធិប្បាយព័ត៌មាន រហូតឡើងជា«អនុប្រធានគ្រប់គ្រងព័ត៌មានរាជធានីខេត្តទាំងហង្សមាស និងរស្មីហង្សមាស។ តែការឡើងអត្ថាធិប្បាយព័ត៌មាននៅធ្វើដដែល និងធ្វើទាំងពីរស្ថានីយ៍ គឺហង្សមាស និងរស្មីហង្សមាស។ មែនទែនទៅ ខ្ញុំចូលធ្វើការនៅហង្សមាសមុនចុះកិច្ចសន្សា ដោយឡើងអត្ថាធិប្បាយព័ត៌មានពេលព្រឹកៗ ព្រោះខ្វះបុគ្គលិក។ ក្នុងរយៈពេលធ្វើការនៅហង្សមាស ខ្ញុំក៏បានស្នើលោកថៅកែថា ខ្ញុំសុំពេលក្រៅម៉ោងធ្វើការតាមវិទ្យុដោយខ្ញុំជាប់កិច្ចសន្យាពីមុនៗមក។ លោកថៅកែមិនថាអីទេ។ កាលនោះ ខ្ញុំនិយាយព័ត៌មានពេលនៅវិទ្យុសុវណ្ណភូមិ FM 104 ជាកម្មវិធីដែលបង្កើតខ្លួនឯងឈ្មោះ«ម្ចាស់អាណាចក្រ» អានព័ត៌មាននិងវិភាគច្បាប់ កម្មវិធីនៅវិទ្យុមិត្តភាពកម្ពុជាចិន និងនៅវិទ្យុជាតិកម្ពុជា កម្មវិធីបែបប្រឹក្សាយោបល់ស្នេហា គ្រួសារ និងច្បាប់ ម៉ោង១១ដល់១២យប់។ ជារួមខ្ញុំធ្វើនៅទូរទស្សន៍ហង្សមាស និងរស្មីហង្សមាសរយៈ៩ឆ្នាំ ចាប់ពីឆ្នាំ២០១២ គឺហង្សមាស បន្ទាប់មកក្រុមហ៊ុនបើករស្មីហង្សមាសមួយទៀត និងរហូតមកដល់ឆ្នាំ២០២១ ខ្ញុំក៏សុំលាឈប់ក្នុងកំឡុងកូវីដ១៩។ តើខ្ញុំទៅណា? គឺខ្ញុំជាប់ការងារមូលដ្ឋានច្រើនពិបាកដកឃ្លា និងសុំច្បាប់ ព្រោះប៉ះពាល់កម្មវិធី។ ក្រៅតែពីការងារចុះមូលដ្ឋាន ខ្ញុំក៏ដឹកនាំសារព័ត៌មានថ្មីមួយ គឺសារព័ត៌មានត្រយង ក្នុងតួនាទីអគ្គនាយករង និងក្រោមមកជាអនុប្រធានក្រុមប្រឹក្សាប្រចាំការ។

១០.ជាសរុបមកក្នុងអាជីពជាអ្នកសារព័ត៌មាន ខ្ញុំបានប្រឡូកទាំងវិទ្យុ ទូរទស្សន៍ កាសែត ទស្សនាវដ្ដី និងអនឡាញ ដែលជាប្រព័ន្ធផ្សព្វផ្សាយទំនើបបែបថ្មី តាមសម័យបច្ចេកវិទ្យាឌីជីថល បន្ថែមលើការបើកវគ្គបណ្ដុះបណ្ដាលជំនាញសារព័ត៌មាន ជំនាញពិធីករ និងជំនាញពាក់ព័ន្ធផ្សេងៗទៀត។ គិតពីការចាប់ផ្ដើមគឺឆ្នាំ២០០៥ មកដល់ថ្ងៃដែលខ្ញុំត្រូវបានតែងតាំងជា«អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ» នាឆ្នាំ២០២៣ មានរយៈពេលជិត២០ឆ្នាំក្នុងវិស័យសារព័ត៌មាន «Multi-Media ប្រព័ន្ធផ្សព្វផ្សាយចម្រុះ» ឬបណ្ដាញព័ត៌មានឌីជីថល។ ក្រៅពីការងារនាំពាក្យ ខ្ញុំមានភារកិច្ចច្រើនទៀតដែលត្រូវធ្វើ ពុំមែនចាំតែឆ្លើយតបជាមួយអ្នកសារព័ត៌មាន និងមហាជន ឬចាំតែបង្ហើរសម្លេងតាមវិទ្យុ តាមបណ្ដាញសង្គម ឬក៏ឡើងកញ្ចក់ទូរទស្សន៍ទេ។ ខ្ញុំនឹងក្រុមការងារមមាញឹករកដង្ហើមដកសឹងគ្មានលើការងារចម្រុះ ដែលជារួម ការងារនាំពាក្យ មានផ្នែក៣ប្រតិបត្តិការជាសមរភូមិក្នុងពេលតែមួយ «(១)អ្នកនាំពាក្យ (២)ផ្នែកផលិតព័ត៌មាន និងទី(៣)ផ្នែកទំនាក់ទំនងសាធារណៈ។ តែយើងមិនដែលថ្ងូរទេ ព្រោះយើងចង់ចូលរួមកែទម្រង់សង្គម ទោះបង្ខំចិត្តប៉ះសតិអារម្មណ៍បងប្អូនមួយអន្លើណាក្ដី។ តើបើចេញពី«អ្នកនាំពាក្យរង» ខ្ញុំត្រូវទៅណាទៀត? មានតែរង់ចាំមើលស្ថានការណ៍រុញច្រាន និងការរៀបចំរបស់ថ្នាក់ដឹកនាំប៉ុណ្ណោះ។ តែមនុស្សត្រូវមានគោលដៅ និងដំណើរជីវិតដូចទាហាន គឺត្រូវមានផែនទីក្នុងសមរភូមិ។ នេះគ្រាន់តែជាសេចក្ដីសង្ខេបៗប៉ុណ្ណោះ។ ពិស្ដានឹងមាននៅក្នុងសៀវភៅនិយាយអំពីប្រវត្តិជីវិតផ្ទាល់ខ្លួនរបស់ខ្ញុំ នៅពេលក្រោយៗ។ សូមអរគុណ!!! ៕

ដោយ ៖ សិលា


ចែករំលែក៖