ខេត្តបាត់ដំបង៖ លោកវរសេនីយ៍ទោ ទឹម វិឆ័យ អធិការនគរបាលស្រុកសំពៅលូន បានឱ្យដឹងនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥នេះថា៖ មុខសញ្ញារក្សាទុកចែកចាយគ្រឿងញៀនខុសច្បាប់ចំនួន ០២នាក់ត្រូវបានសមត្ថកិច្ចជំនាញស្រុក ចុះស្រាវជ្រាវបង្ក្រាបនិងឃាត់ខ្លួនយកមកសាកសួរបញ្ចប់នីតិវិធី និងត្រៀមបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្តដេីម្បីចាត់ការតាមច្បាប់។
លោកវរសេនីយ៍ទោ ទឹម វិឆ័យ អធិការនគរបាលស្រុកសំពៅលូនបានបន្តថា ក្នុងប្រតិបត្តិការនោះបានធ្វេីឡេីងកាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥ម្សិលមិញនេះ នៅចំណុចក្រុមទី០៩ ស្ថិតក្នុងភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ខណៈដែលលោកដឹកនាំកម្លាំងផ្នែកប្រឆាំងគ្រឿងញៀនចុះល្បាតក្នុងភូមិសាស្ត្រ ហើយបង្ក្រាបបានករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ០១ករណី ក្នុងបទល្មើសជាក់ស្តែង ។
ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ០២នាក់ ១-ឈ្មោះ ធី សុីថា ហៅទើម ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិវាលវង់ ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង និង២-ឈ្មោះ អឿន រុន ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង នាំមកកាន់អធិការដ្ឋាននគរបាលស្រុកសំពៅលូនដើម្បីធ្វើការសាកសួរ ។ ចំណែកវត្ថុតាងចាប់យកបានរួមមាន៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ០១ថង់, ទូរស័ព្ទដៃចំនួន០២គ្រឿង និងម៉ូតូចំនួន០១គ្រឿង ។
បច្ចុប្បន្ន ជនសង្ស័យខាងលេីនេះ ត្រូវបានកម្លាំងការិយាល័យជំនាញខេត្តត្រៀមបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត ដើម្បីបន្តនីតិវិធីច្បាប់៕
ដោយ៖ តារា