ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងប្រុស១នាក់ទៅងូតទឹកប្រឡាយលង់ស្លាប់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ក្មេងប្រុសអាយុ៦ឆ្នាំម្នាក់បានស្លាប់ដោយសារលង់ទឹកប្រឡាយ នៅវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥ ចម្ងាយ៣០០ម៉ែត្រពីដូនឡឹក ឃុំសំបួរ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ទោ ឌី ទាវ អធិការនគរបាលស្រុកមង្គលបូរី បានឲ្យដឹងថា៖ក្មេងប្រុសរងគ្រោះឈ្មោះ រ៉េន ហេងលាភ ភេទប្រុស អាយុ ៦ ឆ្នាំរស់នៅភូមិដូនឡឹក ឃុំសំបួរ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។

លោកអធិការបានបន្តទៀតថា៖ តាមការបំភ្លឺរបស់ក្មេងពីរនាក់ ១.ឈ្មោះ គីម អិន ភេទប្រុស អាយុ ៨ឆ្នាំ ២.ឈ្មោះ អើង អ៊ិនវ៉ា ភេទប្រុសអាយុ១០ ឆ្នាំរស់នៅភូមិជាមួយគ្នានិងជាមិត្តភក្តិនឹងគ្នា បានរៀបរាប់ថា ពួកគេតែងនាំគ្នាទៅងូតទឹកប្រឡាយលេងជាប្រចាំ ប៉ុន្តែនៅថ្ងៃកើតហេតុ ខណៈពួកគេហែលទឹកលេងគេបានឃើញឈ្មោះហេងលាភ(ក្មេងរងគ្រោះ) លិចទៅក្នុងទឹកហើយពួកខ្លួនមិនហ៊ានជួយនិងភ័យក៏ហែលរត់ឡើងលើគោក ក៏បានឃើញពូ ហៀង សាវ៉ឺន   ភេទប្រុស អាយុ ៥៤ ឆ្នាំនៅភូមិ ដូនឡឹក ឃុំ សំបួរ គាត់ជិះម៉ូតូមកមើលស្រែខ្លួនក៏ហៅគាត់ប្រាប់ថាពួកម៉ាករបស់ខ្ញុំបានលង់ទឹកហើយនឹងសុំឲ្យគាត់ជួយរាវរកពួកម៉ាករបស់ខ្លួនក្នុងប្រឡាយទឹកនោះហើយគាត់បានចុះរាវរកក៏បានឃើញ តែក្មេងប្រុសនោះបានស្លាប់បាត់ទៅហើយ។

លោកអធិការបានបញ្ជាក់បន្ថែមថា៖ក្រោយទទួលបានព័ត៌មាន ពីលោកមេភូមិ យើងបានបង្កើតគណៈកម្មការត្រួតពិនិត្យសាកសពមានសមាសភាពដូចខាងក្រោម៖ នគរបាលជំនាញពិនិត្យវិភាគកន្លែងកើតហេតុ ,នគរបាលរដ្ឋបាលប៉ុស្តិ៍សំបួរ , មន្ត្រីមណ្ឌលសុខភាពសំបួរនិងលោកមេភូមិដើម្បីពិនិត្យនិងធ្វើកោសល្យវិច័យ ក្រោយពីពិនិត្យរួចក្រុមការងារនិងមានការសន្និដ្ឋានពីលោកគ្រូពេទ្យមណ្ឌលសុខភាពឃុំ សំបួរ ថាជនរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកខ្លួនឯងពិតប្រាកដមែន ៕

ដោយ ៖ វណ្ណា


ចែករំលែក៖