ព័ត៌មានទាន់ហេតុការណ៍៖

វគ្គបណ្តុះបណ្តាលស្តីពីសារព័ត៌មានកីឡានិងអ្នកអត្ថាធិប្បាយរំពឹងមានអ្នកចូលរួមពី៦០ទៅ៧០នាក់

ចែករំលែក៖

ភ្នំពេញ៖ ដើម្បីអភិវឌ្ឍសមត្ថភាពមន្ត្រីជំនាញគ្រប់ផ្នែកដែលពាក់ព័ន្ធជាមួយវិស័យកីឡានៅកម្ពុជាគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានគ្រោងបើកវគ្គ បណ្តុះបណ្តាលស្តីពីសារព័ត៌មានកីឡា ជាតិ និងអ្នកអត្ថាធិប្បាយកីឡាឲ្យស្របតាម ច្បាប់កីឡាអន្តរជាតិដោយមានមន្ត្រីមកពីសហព័ន្ធកីឡាភ្នាក់ងារយកព័ត៌មានកីឡាជាតិ និងអ្នកអត្ថាធិប្បាយព័ត៌មានកីឡាគ្រប់បណ្តាញផ្សព្វផ្សាយទូទាំងប្រទេសក្នុងគោលបំណងពង្រឹងនិងអភិវឌ្ឍសមត្ថភាពផ្នែកសារព័ត៌មានកីឡាមានរយៈពេល២ថ្ងៃគឺថ្ងៃទី២០-២១ ខែកញ្ញា ឆ្នាំ២០១៦នៅអគារ ស្នាក់ការ NOCC ។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាមានប្រសាសន៍ថា ដោយមានការណែនាំ ពីលោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួង ទេសចរណ៍ និងជាប្រធានគណៈកម្មាធិការ ជាតិអូឡាំពិកកម្ពុជាបានដាក់ផែនការដើម្បីពង្រឹងសមត្ថភាពមន្ត្រីដែលពាក់ព័ន្ធជា មួយវិស័យកីឡាក្នុងគោលបំណងអភិវឌ្ឍសមត្ថភាពគ្រប់ជំនាញទាំងអស់ ក្នុងនោះសារព័ត៌មានកីឡានិងអ្នកធ្វើអត្ថាធិប្បាយព័ត៌មានកីឡាក៏ត្រូវមានសមត្ថភាពខ្ពស់ក្នុងការសរសេរនិងនិយាយឲ្យចំពាក្យពេចន៍ កីឡាដើម្បីបម្រើការសប្បាយនិងអប់រំផងដែរ ។ លោកបានបញ្ជាក់ថា ចំពោះវគ្គសិក្សានេះសំដៅទៅលើមន្ត្រីកីឡានិងអ្នកព័ត៌មានកីឡាដើម្បីពង្រឹងសមត្ថភាពឲ្យទទួលបាននូវគុណភាពប្រាកដដោយវិជ្ជាជីវៈសារព័ត៌មាន ។

ដូច្នេះNOCCបាននឹងកំពុងជំរុញឲ្យមានវគ្គសិក្សាខាងលើនេះបានកាន់តែច្រើនបន្ថែមទៀត ធ្វើយ៉ាងណាឲ្យបានមុនព្រឹត្តិការណ៍ប្រកួតកីឡាជាតិលើកទី១ដែលចាប់ផ្តើមពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៦នេះ។ លោក វ៉ាត់ ចំរើនបានបន្តទៀតថា វគ្គបណ្តុះបណ្តាលនេះក្នុងឆ្នាំ២០១៦គឺយើងហៅថាជាឆ្នាំអនុវត្តផែនការមេកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ហើយយើងនឹងចាប់ផ្តើមពី មន្ត្រីសហព័ន្ធកីឡាជាតិ ពីព្រោះបច្ចុប្បន្ន មន្ត្រីសហព័ន្ធកីឡាជាតិមួយចំនួនធំមិនទាន់មានអ្នកធ្វើអត្ថាធិប្បាយ (MC) បានត្រឹម ត្រូវស្របតាមនិយាមរបស់កីឡានៅឡើយទេ ។ ដូច្នេះវគ្គនេះនឹងមានវាគ្មិនជំនាញ ផ្នែកសារព័ត៌មានកីឡានិងផ្នែក MC ធ្វើ បទបង្ហាញពាក់ព័ន្ធនឹងវិស័យកីឡាដោយរៀនប្រើពាក្យពេចន៍បច្ចេកទេសក្នុងវិស័យកីឡាឲ្យចំគោលដៅទាំង MC និងអ្នក សរសេរអត្ថបទ ។ លោកបញ្ជាក់ថា វគ្គ សិក្សាជំនាន់ទី២នេះមានអ្នកចូលរួម ប្រមាណពី៦០-៧០នាក់ ៕ សារីម

 

img_4804-copy


ចែករំលែក៖