ភ្នំពេញ ៖ បុរសម្នាក់កំពុងជិះម៉ូតូម្នាក់ឯងតាមដងផ្លូវត្រូវជនមិនស្គាល់មុខជិះម៉តូមកវាយពីក្រោយបណ្តាលឲ្យដួលម៉ូតូរងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះបន្ទាន់៧១១ កងពលតូចលេខ៧០ ដឹកទៅមន្ទីរពេទ្យភ្លាមៗ។
ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៣ ភូមិព្រៃកី សង្កាត់ភ្លេីងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ។
ជនរងគ្រោះមានឈ្មោះ សៀម សីហា ភេទប្រុស អាយុ២៥ឆ្នាំ រងរបួសបាក់ដៃខាងស្តាំនិងហេីមភ្នែក មានទីលំនៅនៅភូមិបរិវាស ឃុំសំរោងលេី ស្រុកបន្ទាយមាស ខេត្តកំពត។
តាមសម្តីជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលកេីតហេតុ រូបគាត់បានផឹកស្រា អស់ពីរទៅបីកំប៉ុង បន្ទាប់មកបានឡើង ជិះម៉ូតូម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០២៤ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1KZ-8601 ជិះម្នាក់ឯងចេញពីផ្សារដីហុយធ្វើដំណើរទៅរកគូស្នេហ៍នៅឯម្ដុំវត្តព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ ក្នុងគោលបំណងនាំយកទៅស្រុកកំណើតនៅខេត្តព្រៃវែងដេីម្បីឱ្យឪពុកម្ដាយរបស់ខ្លួនបានស្គាល់ ។ ខណៈជិះម៉ូតូតាមបណ្ដោយផ្លូវជាតិលេខ៣មកដល់ទល់មុខការាសសាំងកាល់តិច ស្រាប់តែត្រូវជនមិនស្គាល់មុខបានវាយពីក្រោយបណ្ដាលឱ្យដួលម៉ូតូរងរបួសធ្ងន់សន្លប់ស្តូក ចំណែកជនបង្កគេចខ្លួនទៅបាត់ ។
ជនរងគ្រោះបន្តថា ក្រោយមកក៏ដឹងខ្លួនវិញ រូបគាត់ក៏បានលេីកម៉ូតូជិះធ្វើដំណើរមកដល់ត្រង់ចំណុចស្តុបផ្លូវបំបែក៣០ម៉ែត្រការាសសាំង តូតាល់ (ក្នុងសា្មរតីវង្វេង) ក៏ដួលសន្លប់ម្តងទៀតទេីបបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះមកអន្តរាគមន៍ភ្លាមៗ។
ក្រោយមកជនរងគ្រោះបានដឹងខ្លួនវិញបានទូរស័ព្ទហៅគូស្នេហ៍ឲ្យមកយក ។ ក្រោយនារីជាគូស្នេហ៍មកដល់ដោយឃើញស្ថានភាពជនរងគ្រោះរងរបួសធ្ងន់ធ្ងរពេកក៏សុំឲ្យបងប្អូនពលរដ្ឋជួយទាក់ទង់ហៅរថយន្តសង្គ្រោះបន្ទាន់ ៧១១ កងពលតូចលេខ៧០ មកដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យព្រះកុសុមៈតែម្ដង ។
ក្រោយកេីតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋានបានយកម៉ូតូជនរងគ្រោះទៅរក្សាទុកនៅផ្នែកជំនាញការិយាល័យនៃអធិការដ្ឋានខណ្ឌកំបូលបណ្ដោះអាសន្នរង់ចាំស្រាវជ្រាវបន្តតាមនីតិវិធី៕

ដោយ ៖ សុខាសែនជ័យ
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច