ខេត្តបាត់ដំបង ៖ កម្លាំងកងរាជអាវុធហត្ថក្រុងបាត់ដំបងបានឃាត់ខ្លួនបុរសម្នាក់នាប៉ុន្មាននាទីក្រោយ ពីមាន អំពើហិង្សាដោយទាញកាំបិតផ្គាក់កាប់ទៅលើអ្នកក្បែរខាងម្នាក់ទៀតឲ្យរងរបួស គ្រាន់តែប៉ះទង្គិចពាក្យសម្ដីគ្នាបន្តិចបន្តួច កាលពីវេលាម៉ោង៨ និង៥០នាទីយប់ថ្ងៃទី១៩ ឧសភា ស្ថិតនៅចំណុចភូមិអញ្ចាញ សង្កាត់អូរចា ក្រុង-ខេត្តបាត់ដំបង ។
មន្ត្រីកងរាជអាវុធហត្ថក្រុងបាត់ដំបងបានឲ្យដឹងថា ជន សង្ស័យឈ្មោះ ឌឹម រ៉ាវីត ភេទប្រុស អាយុ៤០ឆ្នាំ រីឯជនរងគ្រោះឈ្មោះ ប៉ិល ណារិទ្ធ ភេទប្រុស អាយុ២៨ឆ្នាំ ។ គូជម្លោះនេះ រស់នៅក្នុងភូមិ សង្កាត់ជាមួយគ្នាខាងលើ ហើយក៏មានមុខរបរកម្មករដូចគ្នាដែរ ។ ជនសង្ស័យត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាត់ដំបងឃាត់ខ្លួនភ្លាមៗ ក្រោយកើតហេតុ និង បន្ទាប់ពីភរិយាជនរងគ្រោះដាក់ពាក្យបណ្ដឹង ។
សមត្ថកិច្ចមិនបាននិយាយលំអិតអំពីមូលហេតុ ដែលនាំឲ្យអំពើហិង្សានេះទេ ។ ហើយក៏មិនទាន់មានសាក្សីបំភ្លឺជុំវិញករណីនេះដែរ ។ គេគ្រាន់តែរាយការណ៍បឋមថា ជនដៃដល់ និងជនរងគ្រោះបានប៉ះទង្គិចគ្នាដោយពាក្យសម្ដី មុនពេលប្រើហិង្សាយ៉ាងកំរោល ។
នៅក្នុងរបាយការណ៍មន្ត្រីជំនាញបានឲ្យដឹងថា នៅពេលផ្ទុះជម្លោះ ស្រាប់តែជនសង្ស័យ បានស្ទុះទៅទាញកាំបិត ផ្គាក់យ៉ាងវែងមកកាប់ជនរងគ្រោះ ត្រូវចំកែងដៃខាង ឆ្វេងបណ្ដាលឲ្យរងរបួស ។ គេមិនទាន់មានចម្លើយពីជនសង្ស័យទេ រហូតដល់ពេលនេះ។ ប៉ុន្តែយ៉ាងណា ជនសង្ស័យរូបនេះ កំពុងត្រូវបានកងរាជអាវុធហត្ថក្រុងបាត់ដំបង ឃាត់ខ្លួនពីបទ «ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស» ហើយក៏ពុងសួរនាំ ដើម្បីចងក្រងសំណុំរឿងចាត់ការតាមនីតិវិធីហើយ៕
ដោយ៖ សូរិយា