ភ្នំពេញ៖ រថយន្តឡិចស៊ីសRX 400hមួយគ្រឿងខណៈអ្នកបេីកបរស្រវឹងបានជ្រុលទៅបុកនិងម៉ូតូកង់បីឥណ្ឌាដែលជិះដោយបុរសម្នាក់ពីក្រោយយ៉ាងពេញទំហឹង បណ្ដាលឲ្យក្រឡាប់កង់បីរងការខូចខាត ហើយរថយន្តបង្កព្យាយាមបេីករត់ដល់មូលដ្ឋានខណ្ឌទួលគោក ក៏ត្រូវបងប្អូនប្រជាពលរដ្ឋដេញតាមឃាត់បានប្រគល់អោយសមត្ថកិច្ច ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៩និង៣០នាទីយប់ ថ្ងៃទី២០ខែឧសភាឆ្នាំ២០២៥ចំណុចស្តុបវត្តមហាមន្ត្រី ផ្លូវព្រះសីហនុ កែងផ្លូវ១៦៣ សង្កាត់អូឡាំពិក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុបានអោយដឹងថា មុនពេលកេីតហេតុ គេបានឃើញបុរសម្នាក់បានជិះម៉ូតូកង់បីឥណ្ឌាពណ៌ស ពាក់ស្លាកលេខ កណ្ដាល 1AC.3887 បានជិះធ្វើដំណើរតាមបណ្ដោយផ្លូវព្រះសីហនុ ទិសដៅពីលិចទៅកេីត លុះមកដល់ចំណុចកេីតហេតុ ក៍មានភ្លេីងស្តុបអទិភាព ម៉ូតូក៏បន្តបេីកតិចៗទៅមុខ ហើយគាប់ជួនពេលនោះក៏ស្រាប់តែមានបុរសម្នាក់ទៀត បានបេីករថយន្តម៉ាកឡិចស៊ីសRX400h ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2AG.3186 បានបេីកធ្វើដំណើរតាម
ទិសដៅស្របគ្នាល្បឿនលឿនព្រមទាំងស្រវឹង ក៍ជ្រុលទៅបុកនិងម៉ូតូកង់បីពីក្រោយយ៉ាងពេញទំហឹងបណ្ដាលឲ្យក្រឡាប់កង់បីរងការខូចខាតយ៉ាងដំណំ ព្រមទាំងធ្វើឲ្យមនុស្សរងរបួសរលាត់ដៃជើងតិចតួច ។
ដោយឡែកខាងរថយន្តវិញរងការខូចខាតផ្នែកខាងមុខ តែភ្លាមៗនោះអ្នកបេីកបរ មិនព្រមឈប់ទទួលខុសត្រូវនោះទេ បែរជាព្យាយាមបេីករថយន្តរត់គេចរហូតដល់ជិតវិទ្យាល័យសន្ធរម៉ុក ផ្លូវកម្ពុជាក្រោមកែងផ្លូវ២៥៣ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ក៍ត្រូវបងប្អូនប្រជាពលរដ្ឋដេញតាមឃាត់បានប្រគល់អោយសមត្ថកិច្ចជំនាញតែម្តង ។
ក្រោយកេីតហេតុ សមត្ថកិច្ចសម្រេចយកមធ្យោបាយទាំងអស់រួមទាំងអ្នកបេីកបរ ទៅផ្នែកជំនាញនៃអធិការខណ្ឌបឹងកេងកងដេីម្បីរង់ចាំដំណោះស្រាយ ៕
ដោយ៖ សុខា សែនជ័យ