ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនក្មេងទំនេីងម្នាក់ពាក់ព័ន្ធករណីជិះម៉ូតូបង្ហោះតាមផ្លូវសាធារណៈនិងថតបង្ហោះក្នុងបណ្តាញសង្គម

ចែករំលែក៖

ភ្នំពេញ៖​ យុវជនម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចធ្វេីការឃាត់ខ្លួនយកទៅសួរនាំនិងអប់រំក្រោយជិះម៉ូតូបង្ហោះតាមផ្លូវសាធារណៈនិងថតវីដេអូបង្ហោះក្នុងបណ្តាញសង្គមហ្វេសប៊ុក។ 

ការឃាត់ខ្លួនក្មេងទំនេីងខាងលេីនេះបានធ្វេីឡេីងកាលពីថ្ងៃទី២០​ ខែឧសភា​ ឆ្នាំ២០២៥​ ស្ថិតនៅចំណុចផ្លូវបេតុង ភូមិស្នោកើត សង្កាត់ស្នោ  ខណ្ឌកំបូល រាជធានីភ្នំពេញ។ 

ក្មេងទំនើងខាងលេីដែលឃាត់ខ្លួនឈ្មោះ សុខ ពេជ្រ ហៅពេជ្រ ភេទប្រុស អាយុ១៨ឆ្នាំ  មុខរបរជាងឡាន ស្នាក់នៅភូមិស្នោកេីត សង្កាត់ស្នោ ខណ្ឌកំបូល រាជធានីភ្នំពេញ  ។ 

វត្ថុតាងចាប់យក​ ១-ម៉ូតូ១គ្រឿងម៉ាកស៊ុយស៊ូគីនិច ពណ៌ស ពាក់ផ្លាកលេខ កំពង់ធំ 1S-1794  ស៊េរីឆ្នាំ២០១៩ (ម៉ូតូជិះធ្វើសកម្មភាពបង្ហោះ)។ 

តាមសមត្ថកិច្ចបានឲ្យដឹងថា​ កាលពីអំឡុងខែមីនា ឆ្នាំ២០២៥ វេលាម៉ោង១៣ និង៣០នាទី​ មានគណនីហេ្វសប៊ុកមួយបានបង្ហោះវីដេអូលេីបណ្ដាញសង្គមហ្វេសប៊ុកពីការបង្ហោះម៉ូតូ​លេីផ្លូវសាធារណៈ​ លុះដល់ថ្ងៃទី២០​ ខែឧសភា​ ឆ្នាំ២០២៥​ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្នោធ្វេីការល្បាតជួបប្រទះក៏សួរនាំ​។ បន្ទាប់ពីបានសួរនាំរួច​ សមត្ថកិច្ច​បានធ្វេីកិច្ចសន្យាអប់រំ​ និងដកហូតម៉ូតូរក្សាទុកនៅប៉ុស្តិ៍រយៈពេល​៣ខែទេីបប្រគល់ម៉ូតូឲ្យវិញ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖