ព័ត៌មានទាន់ហេតុការណ៍៖

ទិញក្របី ប៉ះចំសត្វក្របីវ័ធ បណ្តាលឲ្យស្លាប់ខ្លួនឯងយ៉ាងអាណោចអាធ័ម

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ បុរសជនជាតិខ្មែរឥស្លាមម្នាក់ ត្រូវបានសត្វក្របីវ័ធស្លាប់យ៉ាងអាណោចអាធ័ម ខណៈសត្វក្របី១ក្បាលនេះ គាត់ទើបនឹងដាក់ចុះពីលើរថយន្ត ហើយគាត់ចាប់ខ្សែដឹកយកទៅចងកត្រូវវាវ័ធតែម្តង ។

ហេតុការណ៍ដ៏កម្រនេះ បានភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦ ត្រង់ចំណុចបរិវេណផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិចាមថ្មី ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត។

លោក វេរសេនីយ៍ត្រី ឯម រុន អធិការនគរបាលស្រុកក្រគរបានឲ្យដឹងថាសាកសពជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ ម៉ាត់ ឡេះ ភេទប្រុស អាយុ ៤៥ឆ្នាំ ជនជាតិខ្មែរឥស្លាម បច្ចុប្បន្នរស់នៅភូមិ-ឃុំកើតហេតុ ។

លោក អធិការនគរបាលស្រុកបន្តថា មូលហេតុបុរសរងគ្រោះ(ស្លាប់) ដោយសារសត្វក្របី១ក្បាលវ័ធ ក្បែរដោះខាងស្ដាំចំនួន២ស្នែងជ្រៅ  និងទ្រូងខាងឆ្វេងចំនួន១ស្នែងល្មម បណ្ដាលឲ្យគាត់ដួលប្រកាច់ក្នុងថ្លុកឈាមស្លាប់មួយរំពេច ហើយសត្វក្របី១ក្បាលនេះ ជនរងគ្រោះទើបទិញយកមក និងដាក់ចុះពីរថយន្ត នៅពេលរថយន្តបើកចេញបាត់ គាត់កចាប់ខ្សែដឹកសត្វក្របី១ក្បាលនេះដើររកកន្លែងចងវា ប៉ុន្តែជាអកុសល គាត់រវល់តែកាន់ខ្សែដឹកវាដើរ ក៏ត្រូវវាវ័ធពីក្រោយស្ទួនៗគ្នាបណ្ដាលឲ្យជនរងគ្រោះស្លាប់បែបនេះតែម្តង ។ សត្វក្របីទើបនឹងទិញយកមកថ្មីថ្មោង មិនអាចដឹងចិត្តវានោះទេ ។ ម្យ៉ាងសត្វ យើងដឹកវាតាមរថយន្តអញ្ចឹងនាំឲ្យវាកាច ។

លោក បន្តទៀតថា ក្រោយកើតហេតុ សមត្ថកិច្ចនគរបាលបានចុះដល់កន្លែងកើតហេតុ ដើម្បីពិនិត្យក្រែងវាអាចជាករណីផ្សេងៗ ប៉ុន្តែពុំមានប្រភព ឬស្លាកស្នាមអ្វីជាប់ពាក់ព័ន្ធនឹងករណីឃាតកម្មនោះឡើយ ជនរងគ្រោះពិតជាស្លាប់ដោយសារសត្វក្របីវ័ធប្រាកដមែន ហើយបានប្រគល់សាកសពជូនសាច់ញាតិក្រុមគ្រួសារចាត់ចែងតាមប្រពៃណី៕ ប៉ឹម ពិន

 

photo_2016-09-13_10-52-46 photo_2016-09-13_10-52-55


ចែករំលែក៖