ភ្នំពេញ៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ បានលើកឡើងថា ក្នុងនាមអ្នកជំនាញបច្ចេកទេសត្រូវតែមានចំណេះដឹងបច្ចេកទេសច្បាស់លាស់ទើបធានាបាននូវសុវត្ថិភាពក្នុងពេលប្រតិបត្តិការ។ លោកអគ្គនាយកស៊ីម៉ាក់ បញ្ជាក់ថា ការរៀបចំការប្រឡងដល់អ្នកជំនាញបច្ចេកទេសគឺជាការធានាគុណភាពចំណេះដឹងខាងបច្ចេកទេស។
លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ ២០២៥នេះ បានបង្ហោះរូបភាពចំនួន៨សន្លឹកនៅលើផេកហ្វេសប៊ុកផ្លូវការរបស់លោក។
រូបភាពដែលលោក ហេង រតនា បង្ហោះនោះបានបង្ហាញពីសកម្មភាពនៃការប្រឡងរបស់អ្នកជំនាញបច្ចេកទេសកម្ទេចគ្រាប់យុទ្ធភណ្ឌសំណល់សង្គ្រាមប្រមាណជាង៣០នាក់ កំពុងអង្គុយប្រឡងនៅក្រៅបន្ទប់។
តាមរយៈរូបភាពនេះ លោក ហេង រតនា បានបញ្ជាក់ថា មិនមែនអត់មានថ្នាក់រៀនដូចសម័យឆ្នាំ១៩៧៩-៨០ស្អីនោះទេ តែការរៀបចំប្រឡងបែបនេះជាការធានាគុណភាពចំណេះដឹងខាងបច្ចេកទេសកម្ទេចគ្រាប់យុទ្ធភណ្ឌសំណល់សង្គ្រាម។ លោកអគ្គនាយកស៊ីម៉ាក់ បន្តថា ក្នុងនាមអ្នកជំនាញបច្ចេកទេសត្រូវតែមាន ចំណេះដឹងបច្ចេកទេសច្បាស់លាស់ណាស់ទើបធានាបាននូវសុវត្ថិភាពក្នុងពេលប្រតិបត្តិការ។
សូមជម្រាបថា ចន្លោះពីដើមទសវត្សរ៍១៩៦០ដល់ពាក់កណ្តាលទសវត្សរ៍១៩៧០ កម្ពុជារងការទម្លាក់គ្រាប់បែកចង្កោមជិត៣០លានគ្រាប់ (កូនគ្រាប់បែក) ដែលវាយប្រហារលើទីតាំងជាង១ម៉ឺនទីតាំងក្នុងក្របខណ្ឌទូទាំងប្រទេស។
ខណៈរយៈពេល៤ខែដើមឆ្នាំ២០២៥ ពោលចាប់ពីខែមករា ដល់ខែមេសា ករណីគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមមានចំនួន១១លើក ប្រជាពលរដ្ឋចំនួន១៦នាក់ រងរបួស ពិការ និងស្លាប់ នេះជាការបញ្ជាក់របស់អាជ្ញាធរមីននាពេលកន្លងមក៕
ដោយ៖សូរិយា