ព័ត៌មានទាន់ហេតុការណ៍៖

Update ៖ ចាប់ឃាត់ខ្លួនមនុស្ស២៤នាក់ ពេលកម្លាំងសមត្ថកិច្ចចុះបង្ក្រាបទីតាំងលួចបេីកល្បែងអនឡាញខុសច្បាប់នៅក្រុងកំពង់ឆ្នាំង

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ ចាប់ឃាត់ខ្លួនមនុស្ស២៤នាក់ពេលកម្លាំងសមត្ថកិច្ចចុះបង្ក្រាបទីតាំងលួចបើកល្បែងអនឡាញខុសច្បាប់នៅក្រុង-ខេត្តកំពង់ឆ្នាំង មានប្រុសស្រី បរទេសនិងខ្មែរ ។

សូមបញ្ជាក់ថា ៖ កម្លាំងសមត្ថកិច្ចខេត្តកំពង់ឆ្នាំង ក្រោមការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងខេត្ត បានចុះបង្ក្រាបទីតាំងលួចបើកល្បែងអនឡាញខុសច្បាប់មួយកន្លែងនៅភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ដោយចាប់ខ្លួនមនុស្ស២៤នាក់។

តាមការបញ្ជាក់របស់សមត្ថកិច្ចដែលចុះប្រតិបត្តិការបានឲ្យដឹងថា សកម្មភាពពួកគេដែលកំពុងប្រព្រឹត្តនៅលើទីតាំងខាងលើនេះ គឺមានជួលបុគ្គលិកមកធ្វើការតាមអនឡាញ ដើម្បីទារប្រាក់អ្នកដែលជំពាក់លុយនៅប្រទេសវៀតណាម។

បច្ចុប្បន្នក្រុមហ៊ុនមានបុគ្គលិកសរុប២៤នាក់ ក្នុងនោះជនជាតិវៀតណាមចំនួន២១នាក់, ជនជាតិចិនចំនួន២នាក់ និងជនជាតិខ្មែរ១នាក់។

អាជ្ញាធរមូលដ្ឋានបានបញ្ជាក់ថា កាលដែលពួកគេមកជួលផ្ទះគឺបានធ្វើកិច្ចសន្យាជួលថា ពួកគេមករស់នៅតែ២ ទៅ៣នាក់តែប៉ុណ្ណោះ និងប្រកបមុខរបរស្របច្បាប់ ដោយជួលក្នុងតម្លៃ៧៥០ដុល្លារក្នុង១ខែ។ ក្នុងនោះក៏បានកក់ប្រាក់សម្រាប់១ខែរួចរាល់ នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ផងដែរ។

ប៉ុន្តែនៅពេលដែលឃើញមកស្នាក់នៅហាក់ដូចជាប្លែក ដោយផ្ទះបានបិទទ្វារជាប់រហូត និងមានឮសំឡេងគ្នាច្រើននៅក្នុងផ្ទះ មិនដូចកាលដែលធ្វើកិច្ចសន្យាជួលនោះឡើយ ទើបលោកមេភូមិមានការសង្ស័យ ក៏បានរាយការណ៍ជូនសមត្ថកិច្ចឲ្យចុះមកពិនិត្យភ្លាមៗ។

បច្ចុប្បន្នសមត្ថកិច្ចបានចាប់យកទូរស័ព្ទដៃរបស់បុគ្គលិកជាច្រើនគ្រឿង និងកុំព្យូទ័រចំនួន៣គ្រឿង យកមករក្សាទុកជាបណ្ដោះអាសន្ន ដើម្បីធ្វើការស្រាវជ្រាវបន្ត។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានបញ្ជាដល់រដ្ឋបាលរាជធានី-ខេត្ត ឱ្យចុះប្រតិបត្តិការបង្ក្រាបឱ្យអស់ទីតាំងបញ្ចាំខុសច្បាប់ និងទីតាំងល្បែងផ្សងសំណាង ឬឡូតូខុសច្បាប់ ល្បែងតាមអនឡាញ ដែលមាននៅគ្រប់ភូមិ ឃុំ សង្កាត់។ បទបញ្ជាដូច្នេះរបស់លោករដ្ឋមន្ត្រី ធ្វើឡើងក្នុងកិច្ចប្រជុំគណៈកម្មការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នៃខេត្តជាប់ព្រំដែនកម្ពុជា-ថៃ កន្លងទៅ ។

លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានទទួលស្គាល់ថា នៅក្នុងនីតិកាលទី៦កន្លងទៅ ថ្នាក់ដឹកនាំរដ្ឋបាលរាជធានី-ខេត្ត និងអាជ្ញាធរពាក់ព័ន្ធពិតជាមិនបានព្រងើយកន្តើយចំពោះបញ្ហាទាំងនេះមែន ប៉ុន្តែលោកសម្គាល់ឃើញថា វិធានការដែលបានធ្វើកន្លងមកមិនទាន់មានប្រសិទ្ធភាពគ្រប់ជ្រុងជ្រោយនៅឡើយ ពោលគឺក្រុមជនទុច្ចរិតនៅតែមានឱកាសបើកទីតាំងទទួលបញ្ចាំខុសច្បាប់ដដែល។ ទីតាំងខុសច្បាប់ទាំងនេះ ត្រូវបានលោក ស សុខា ចាត់ទុកថា ជាជម្រកនៃការទទួលផលចោរកម្ម ៕

ដោយ ៖ សិលា


ចែករំលែក៖