ព័ត៌មានទាន់ហេតុការណ៍៖

«ឆ្នាំទេសចរណ៍កម្ពុជា-ចិន ២០២៥» ប្រកាសបើកជាផ្លូវការ

ចែករំលែក៖

ភ្នំពេញ​៖​ «ឆ្នាំទេសចរណ៍កម្ពុជា-ចិន ២០២៥» អមដោយការសម្តែងសិល្បៈពិសេស ៖ សម្រស់កម្ពុជា-ជាំងស៊ូ ត្រូវបានរៀបចំពិធីប្រកាសបើកជាផ្លូវការ នារាត្រីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ។

កម្មវិធីនេះបានប្រព្រឹត្តទៅ ក្រោមអធិបតីភាព លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រី ទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី, លោក Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា, លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក Xu Kunlin អភិបាលខេត្តចាំងស៊ូ នៃសាធារណរដ្ឋប្រជាមានិតចិន ព្រមទាំង មន្ត្រីជាន់ខ្ពស់ មន្ត្រីមកពីក្រសួងស្ថាប័ន និងសាធារណជនចូលរួម យ៉ាងច្រើនកុះករ។

លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានមានប្រសាសន៍ថា កាលពីឆ្នាំ២០២៤ កម្ពុជាទទួលបានភ្ញៀវទេសចរចិន ប្រមាណ៨៥ម៉ឺននាក់ កើនឡើង៥៥% ធៀបនឹងឆ្នាំ២០២៣ ហើយសម្រាប់រយៈពេល៤ខែ ដើមឆ្នាំ២០២៥នេះ ទេសចរចិន មានចំនួន ជាង៣៨ម៉ឺននាក់ កើនឡើងជិត៤៩%។

«ផ្អែកតាមនិន្នាការនេះ យើងខ្ញុំសង្ឃឹមយ៉ាងមុតមាំថា ការកំណត់យកឆ្នាំ២០២៥ ជាឆ្នាំទេសចរណ៍កម្ពុជា-ចិន នឹងក្លាយជាចលករយ៉ាងសំខាន់ ក្នុងការជំរុញ បង្កើនភ្ញៀវទេសចរចិន មកទស្សនានៅកម្ពុជា បង្កើនទំនាក់ទំនង ក្នុងវិស័យទេសចរណ៍ និងវប្បធម៌ រវាងប្រទេសទាំងពីរ ព្រមទាំង បន្តជំរុញការផ្លាស់ប្តូរ រវាងប្រជាជននិងប្រជាជន ជាពិសេស ការផ្លាស់ប្តូរ ក្នុងចំណោមយុវជន និងថ្នាក់ដឹកនាំជំនាន់ក្រោយ ដើម្បីរួមចំណែកដល់ការសម្រេចបាន នូវបំណងប្រាថ្នា ក្នុងការកសាងសហគមន៍ជោគវាសនារួម កម្ពុជា-ចិន»។

លោករដ្ឋមន្ត្រី​ បានបន្តថា ដើម្បីអនុវត្តឆ្នាំទេសចរណ៍កម្ពុជា-ចិន ឲ្យមានប្រសិទ្ធិភាព ក្រសួងទេសចរណ៍ គ្រោងនឹងរៀបចំព្រឹត្តិការណ៍សំខាន់ៗ ជាបន្តបន្ទាប់ រួមមានទាំង ពិធីបុណ្យតន្ត្រីទេសចរណ៍អន្តរជាតិកម្ពុជា-ចិន អមដោយព្រឹត្តិការណ៍បង្ហាញតន្ត្រីចម្រុះកម្ពុជា-ចិន, មហោស្រពសិល្បៈ តាមដងផ្លូវអន្តរជាតិកម្ពុជា-ចិន មានដូចជា ល្ខោនបាសាក់កម្ពុជា-ហ៊ីចិន, មហោស្រពក្បាច់គុណចម្រុះកម្ពុជាចិន, ព្រឹត្តិការណ៍ផ្សព្វផ្សាយកាទូតទេសចរណ៍ម្ហូបអាហារកម្ពុជាចិន សន្និសីទទេសចរណ៍អន្តរជាតិកម្ពុជាចិន ព្រមទាំងកម្មវិធី មួយចំនួនទៀត។ 

លោក Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានមានប្រសាសន៍ថា កាលពីខែមុន ប្រធានរដ្ឋចិន Xi Jinping បានមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ ជាប្រវត្ថិសាស្ត្រ នៅកម្ពុជា ហើយភាគីទាំងពីរបានប្រកាសរួមគ្នា ចាត់ទុកឆ្នាំ២០២៥ ជាឆ្នាំទេសចរណ៍ចិន-កម្ពុជា។ នេះគឺជាឆ្នាំទី៣ បន្តបន្ទាប់គ្នា ដែលប្រទេសទាំងពីរ បានរៀបចំព្រឹត្តិការណ៍ឆ្នាំថ្នាក់ជាតិ បន្ទាប់ពីឆ្នាំមិត្តភាពចិន-កម្ពុជា ២០២៣ និង ឆ្នាំផ្លាស់ប្តូរប្រជាជននិងប្រជាជន ២០២៤។

លោកឯកអគ្គរដ្ឋទូត​ បានបន្តថា ការរៀបចំកម្មវិធីនេះ គឺជាការអនុវត្តកុងសុងស៊ីសសំខាន់ៗ ដែលកំណត់ដោយថ្នាក់ដឹកនាំទាំងពីរប្រទេស បន្តសន្ទុះវិជ្ជមាន ការផ្លាស់ប្តូរចំណងមិត្តភាព រវាងប្រទេសទាំងពីរ និងកត់ត្រាភាពអស្ចារ្យ នៃកិច្ចសហប្រតិបត្តិការទេសចរណ៍ចិន-កម្ពុជា។

លោក Xu Kunlin បានមានប្រសាសន៍ថា ប្រទេសចិននិងកម្ពុជា មានភូមិសាស្ត្រជិតគ្នា មានការផ្សារភ្ជាប់ប្រជាជន និងប្រជាជន ព្រមទាំងមានវាសនារួម។ ប្រវត្ថិនៃការផ្លាស់ប្តូរចំណងមិត្តភាពរវាងប្រទេសទាំងពីរ មានអាយុកាលជាង២,០០០ឆ្នាំ មកហើយ។

«ភាគីទាំងពីរតែងតែប្រកាន់ខ្ជាប់ នូវទំនុកចិត្តប្រៀបដូចជាដើមឈើ និងដើរឆ្ពោះទៅរកគោលដៅដូចគ្នា ដើម្បីធ្វើជាគំរូនៃការកសាងទំនាក់ទំនងអន្តរជាតិបែបថ្មី។ ខេត្តជាំងស៊ូបានចាប់ផ្តើមការផ្លាស់ប្តូរទំនាក់ទំនងជាមួយប្រទេសកម្ពុជាមុនគេ មានឬសគល់ជ្រៅ និងមានមូលដ្ឋានគ្រឹះដ៏ល្អ»។

លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រី ទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានមានប្រសាសន៍គូសបញ្ជាក់ថា ចិនគឺជាប្រភពទុនវិនិយោគធំជាងគេនៅកម្ពុជា ហើយចិនក៏ជាដៃគូពាណិជ្ជកម្មធំបំផុតរបស់កម្ពុជា។ ប្រទេសទាំងពីរបានឯកភាពគ្នា ជំរុញឲ្យកាន់តែស៊ីជម្រៅ នូវកិច្ចសហប្រតិបត្តិការ លើខ្សែច្រវាក់ផ្គត់ផ្គង់ ក្នុងវិស័យឧស្សាហកម្ម ប្រកបដោយសុវត្ថិភាព ស្ថិរភាព តាមរយៈការពន្លឿនការកសាងច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា ច្រករបៀងមច្ឆា និងអង្ករ ហើយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ក៏កំពុងផ្តល់លក្ខខណ្ឌ អំណោយផលដល់ការនាំចេញកសិផលកម្ពុជា ដែលមានគុណភាពខ្ពស់ ដូចជា ចេក ស្វាយ មៀន និង ទុរេន ជាដើម ទៅកាន់ប្រទេសចិន ផងដែរ។

លោកឧបនាយករដ្ឋមន្ត្រី​ បានឲ្យដឹងផងដែរថា «ឆ្នាំទេសចរណ៍កម្ពុជា-ចិន ២០២៥» ត្រូវបានប្រកាសក្នុងពេលដែលទំនាក់ទំនងកម្ពុជានិងចិនត្រូវបានពង្រឹងនិងពង្រីក កាន់តែខ្លាំងក្លា ក្នុងក្របក្របខ័ណ្ឌភាពជាដៃគូជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ រវាងប្រទេសទាំងពីរ ជាពិសេស បន្ទាប់ពីដំណើរទស្សនកិច្ច របស់ប្រធានរដ្ឋចិន នៅកម្ពុជា ប្រកបដោយផ្លែផ្កា កាលពីខែមេសា កន្លងទៅ ដែលបានបន្ថែមសន្ទុះថ្មីទៀត ដល់ការកសាងសហគមន៍វាសនារួម កម្ពុជា-ចិន គ្រប់រដូវកាល ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដាខ្ពស់។

«មិត្តចិនមិនត្រឹមតែចូលរួមចំណែក ក្នុងការកសាងនិងអភិវឌ្ឍន៍ សេដ្ឋកិច្ចកម្ពុជា ប៉ុណ្ណោះទេ ក៏ប៉ុន្តែ ថែមទាំងជួយពង្រឹងឯករាជ្យភាពនយោបាយរបស់កម្ពុជាផងដែរ»

លោកឧបនាយករដ្ឋមន្ត្រី វង្សី វិស្សុត បានអញ្ជើញថ្លែងប្រកាសបើក ជាផ្លូវការ នូវ ឆ្នាំទេសចរណ៍កម្ពុជា-ចិន ២០២៥ នាពេលនោះផងដែរ។

ក្រៅពីនេះ ក៏មានការសម្តែងសិល្បៈរួមគ្នា រវាងសិល្បករ សិល្បការិនី កម្ពុជានិងចិន ជាពិសេស ក្រុមសម្តែង អញ្ជើញមកពីខេត្តជាំងស៊ូ៕

ដោយ​៖ តារា​


ចែករំលែក៖