ខេត្តស្វាយរៀង : សមត្ថកិច្ចនគរបាលក្រុងបាវិត បានឃាត់ខ្លួន ប្រុស ស្រី៤នាក់ ពាក់ព័ន្ធនឹងករណីប្រើប្រាស់ថ្នាំញៀន កាលពីវេលាម៉ោង៤និង៣០នាទីរសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦ នៅផ្ទះជួលបន្ទប់លេខ 207 ក្នុងតំបន់សេដ្ឋកិច្ចពិសេសតាយសេងបាវិត ស្ថិតក្នុងភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។
សមត្ថកិច្ចនគរបាលបានឲ្យដឹងថា ជនសង្ស័យចំនួន៤នាក់ ស្រី១នាក់ ដែលមានឈ្មោះដូចខាងក្រោម៖ អ៊ូ ដានី ភេទប្រុស ឆ្នាំកំណើត1991 ជនជាតិខ្មែរ មុខរបរសន្តិសុខរោងចក្រអេ អិន ជេ មានទីលំនៅភូមិស្វាយប៉ោ ឃុំត្រពាំងស្តៅ ស្រុករមាសហែក ខេត្តស្វាយរៀង, ឈ្មោះ បឿន សារ៉េន ភេទប្រុស ឆ្នាំកំណើត1996 ជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានទីលំនៅភូមិស្វាយប៉ោ ឃុំត្រពាំងស្តៅ ស្រុករមាសហែក ខេត្តស្វាយរៀង, ឈ្មោះ ចាន់ សាវ៉ែន ភេទប្រុស ឆ្នាំកំណើត1991 ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិស្វាយប៉ោ ឃុំត្រពាំងស្តៅ ស្រុករមាសហែក ខេត្តស្វាយរៀង និងឈ្មោះ ផូ ស្រីពេជ្រ ភេទស្រី ឆ្នាំកំណើត1998 ជនជាតិខ្មែរ មុខរបរបុគ្គលិកកាស៊ីណូ (ជីវីន) មានទីលំនៅភូមិបឹងងោល ឃុំទឹកល្អក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។ ជនសង្ស័យទាំងនេះត្រូវនាំខ្លួនមកអធិការដ្ឋាននគរបាលក្រុងបាវិតដើម្បីសាកសួរ ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនបានប្រើប្រាស់គ្រឿងញៀនពិតប្រាកដមែន លទ្ធផលនៃការធ្វើតេស្តិ៍ទឹកនោម (វិជ្ជមាន) ។
ចំណែកឯជនសង្ស័យឈ្មោះ អ៊ូ ដានី ឆែកឆេរនៅលើដងខ្លួន រកឃើញម្សៅក្រាម ពណ៌ស (ម៉ាទឹកក) ចំនួន01កញ្ចប់ធំ (ជួញដូរ) ។
ក្រោយពីសាកសួរចប់ ផ្អែកតាមចម្លើយសារភាព រួមទាំងវត្ថុតាងសមត្ថកិច្ចសម្រេចឃាត់ខ្លួនជនសង្ស័យខាងលើដើម្បីកសាងសំណុំរឿងចាត់ការតាមនិតិវិធីច្បាប់ ៕ យឹម សុថាន