ខេត្តព្រៃវែង ៖ បុរសចំណាស់វ័យ៧០ឆ្នាំម្នាក់ជាអាចារ្យវត្តផងនោះត្រូវជនសង្ស័យវាយនឹងដែកជ្រុង បណ្ដាលឱ្យស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម ដោយសារតែជនសង្ស័យខឹងលោកតាចេះតែញុះញង់ឱ្យប្រពន្ធរបស់គេលែងលះរូបគេ ។
អំពើឃាតកម្មនេះ បានកើតឡើងកាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី២៥ ឧសភា នៅចំណុចភូមិសេរីចរចា ឃុំគោកគង់កើត ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង ។ ជនរងគ្រោះមានឈ្មោះ ថោង ថេត ភេទប្រុស អាយុ៧០ឆ្នាំ មានទីលំនៅក្នុងភូមិជ្រៃម្រាក់ ឃុំគោកគង់កើត ស្រុកកញ្ជ្រៀច ចំណែកជនបង្កមានឈ្មោះ យ៉េត រៃយ៉ា ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅក្នុងភូមិឃុំជាមួយជនរងគ្រោះ ។
យោងតាមរបាយការណ៍សមត្ថកិច្ចបានបញ្ជាក់ថា មុនពេលកើតហេតុ ជនរងគ្រោះកំពុងតែធ្វើដំណើរម្នាក់ឯងតាមផ្លូវលំក្នុងភូមិសុខៗ ស្រាប់តែជនសង្ស័យយកដែកជ្រុងស្ទុះទៅវាយសំពងជនរងគ្រោះបណ្ដាលឱ្យប្រកាច់ស្លាប់ភ្លាមៗនៅនឹងកន្លែង រួចជនបង្កក៏រត់គេខ្លួនបាត់ភ្លាមៗផងដែរ ។
ប្រភពដដែលនេះបានបញ្ជាក់ថា ពេលជនសង្ស័យធ្វើសកម្មភាពវាយជនរងគ្រោះ មានអ្នកស្រុកដែលកំពុងដើរឃ្វាលគោនៅក្បែរនោះបានឃើញហេតុការណ៍ ហើយក៏បានទាក់ទងប្តឹងទៅសមត្ថកិច្ចជួយអន្តរាគមន៍ភ្លាមៗ ហើយប្រមាណ១ម៉ោងប៉ុណ្ណោះ សមត្ថកិច្ចក៏ស្ទាក់ចាប់ឃាត់ខ្លួនជនល្មើសបាន។
ក្រោយត្រូវបានចាប់ឃាត់ខ្លួន ជនល្មើសបានឆ្លើយសារភាពថា មូលហេតុដែលគេវាយសម្លាប់ជនរងគ្រោះ គឺដោយសារតែរូបគេខឹងជនរងគ្រោះបានញុះញង់ប្រពន្ធរបស់ខ្លួនឱ្យលែងរូបគេ ហើយបើជនរងគ្រោះមិនញុះញង់ប្រពន្ធគេទេ ប្ដីប្រពន្ធរបស់គេក៏មិនបែកបាក់គ្នាដែរ។
បច្ចុប្បន្នជនសង្ស័យកំពុងត្រូវបានឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកកញ្ជ្រៀច ដោយសមត្ថកិច្ចកំពុងកសាងសំណុំរឿង ដើម្បីចាត់ការបន្តទៅតាមនីតិវិធី៕

ដោយ៖ សូរិយា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច