ភ្នំពេញ ៖ ជនសង្ស័យចំនួន២៧នាក់ដែលបានប្រព្រឹត្តបទល្មើសលួច ឆក់ គាស់ផ្ទះ ហឹង្សានិងដឹកជញ្ជូនមនុស្សដោយមានគោលដៅ រួមនិងវត្ថុតាងជាច្រើន ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌ នៃស្នងការនគរបាលរាជធានីភ្នំពេញនិងនៅតាមបណ្ដាខណ្ឌនានាយកមកបង្ហាញមុខជាសាធារណៈរួមគ្នាកាលពីព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ បន្ទាប់ពីបង្ក្រាបបានជាបន្តបន្ទាប់ក្នុងរយះពេល៣ថ្ងៃបានចំនួន១៧ករណី។
តាមនគរបាលព្រហ្មទណ្ឌនៃស្នងការនគរបាលរាជធានីភ្នំពេញបានអោយដឹងថា ដោយទទួលបទបញ្ជាដ៍ម៉ឺងម៉ាត់ ពីលោក ឧត្ដមសេនីយ៍ ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និង ជាស្នងការ នគរបាល រាជធានីភ្នំពេញ ,កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់និងការិយាល័យព្រហ្មទណ្ឌកំរិតស្រាលបានសហការជាមួយអធិការដ្ឋានខណ្ឌទាំង១៤ធ្វើការស្រាវជ្រាវបង្ក្រាប បង្ក្រាបបទល្មើសជាក់ស្តែងជាបន្តបន្ទាប់។
តាមរបាយការណ៍របស់នគរបាលព្រហ្មទណ្ឌនៃស្នងការនគរបាលរាជធានីភ្នំពេញបានឱ្យដឹងថា ដោយមានការស្រាវជ្រាវបង្ក្រាប និងបង្ក្រាបជាក់ស្តែងរយៈពេល៣ថ្ងៃគិតពីថ្ងៃ២៤ ដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ ជាលទ្ធផលបង្ក្រាប បានសរុប ១៧ករណី ដោយឃាត់ខ្លួនសង្ស័យចំនួន ២៧នាក់។នៅក្នុងនោះជនសង្ស័យដែលមានសារធាតុញៀន ចំនួន ១០នាក់, ជនជាតិចិន ០២នាក់ និងស្រី ០១នាក់ ។
តាមរបាយការណ៍បានឲ្យដឹងទៀតថា នៅក្នុងចំណោមជនសង្ស័យទាំង២៧ នាក់ក្នុងនោះមាន៖
-ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសចំនួន០២ករណី ឃាត់ខ្លួន ចំនួន០៧នាក់ (ឈ្មោះក្រុមស្បែកជើងហោះ SJHនិងឈ្មោះក្រុមធីអិនអេសTNS),ករណីលួចទូរស័ព្ទ, ម៉ូតូ, អាគុយនិងដែកចំនួន១២ករណី ឃាត់ខ្លួន ១០នាក់ (ជនជាតិចិន០២នាក់),ករណីគាស់ផ្ទះចំនួន០១ករណី ឃាត់ខ្លួន ០១នាក់,ករណីឆក់ទូរស័ព្ទចំនួន០១ករណី ឃាត់ខ្លួន ០១នាក់,ករណីហិង្សានិងដឹកជញ្ជូនមនុស្សដោយមានគោលដៅចំនួន០១ករណី ឃាត់ខ្លួន ០៨នាក់។
តាមនគរបាលបានឱ្យដឹងទៀតថា នៅក្នុងចំណោមជនសង្ស័យទាំង២៧នាក់នោះនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការនគរបាលរាជធានីភ្នំពេញបង្ក្រាបបានចំនួន០៣ករណី ឃាត់ខ្លួន ១៦នាក់ ក្នុងនោះមាន៖ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសនិងកាប់យកស្លាកលេខ ១ករណី ឃាត់ចំនួន៦នាក់ (ក្មេង ទំនើងឈ្មោះក្រុមស្បែកជើងហោះ SJH),ករណីលួច (បើកទ្វាររថយន្តលួចសម្ភារៈ និងអាវុធខ្លីចំនួន ១ ដើម) ចំនួន១ករណី ឃាត់ខ្លួនបាន២នាក់(ជនជាតិចិន)និងករណីហិង្សានិងដឹកជញ្ជូនមនុស្សដោយមានគោលដៅ ចំនួន១ករណីបង្ក្រាបបានចំនួន ៨នាក់។នគរបាលខណ្ឌពោធិសែនជ័យបង្ក្រាបបានចំនួន០៣ករណី ឃាត់ខ្លួន ០២នាក់ ករណីលួចម៉ូតូ ស្រី០១នាក់(មានសារធាតុញៀន២នាក់)។
នគរបាលខណ្ឌបឹងកេងកងបង្ក្រាបបានចំនួន០៤ករណី ឃាត់ខ្លួន ០១នាក់ លួចទូរស័ព្ទដៃ។នគរបាខណ្ឌ៧មករា បង្ក្រាបបាន០១ករណី ឃាត់ខ្លួន ០១នាក់ ឆក់ទូរស័ព្ទដៃ (មានសារធាតុញៀន)។នគរបាលខណ្ឌសែនសុខបង្ក្រាបបាន០១ករណី ឃាត់ខ្លួនចំនួន ០១នាក់ ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ឈ្មោះក្រុមធីអិនអេសTNS) (មានសារធាតុញៀន)។នគរបាលខណ្ឌទួលគោកបង្ក្រាបបាន០១ករណី ឃាត់ខ្លួន ០១នាក់ លួចគាស់ផ្ទះ(មានសារធាតុញៀន)។នគរបាលខណ្ឌច្បារអំពៅបង្ក្រាបបានចំនួន០១ករណី ឃាត់ខ្លួន ០២នាក់ លួចដែក (មានសារធាតុញៀន)។នគរបាលខណ្ឌដង្កោបង្ក្រាបបានចំនួន០១ករណី ឃាត់ខ្លួន ០១នាក់ លួចអាគុយ (មានសារធាតុញៀន)។នគរបាលខណ្ឌព្រែកព្នៅបង្ក្រាបបាន០១ករណី ឃាត់ខ្លួន ០១នាក់ ករណីលួចម៉ូតូ (មានសារធាតុញៀន)។នគរបាលខណ្ឌមានជ័យបង្ក្រាបបាន០១ករណី ឃាត់ខ្លួន ០១នាក់ ករណីលួចម៉ូតូ (មានសារធាតុញៀន)។
បច្ចុប្បន្នជនសង្ស័យទាំង២៧នាក់ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាលនិងកម្លាំងនគរបាលខណ្ឌទាំង១០ដែលជាម្ចាស់ករណីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញចាត់ការតាមច្បាប់បន្ទាប់ពីធ្វើការបង្ហាញមុខ៕
ដោយ ៖ ភារ៉ា ដង្កោ