ព័ត៌មានទាន់ហេតុការណ៍៖

មុខសញ្ញាកាច់កម៉ូតូ គាស់ផ្ទះ លួចទ្រព្យសម្បត្តិប្រជាពលរដ្ឋ នៅកណ្តាលអាធ្រាត្រ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌបង្រ្កាបបាន

ចែករំលែក៖

ភ្នំពេញ៖ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥នេះ បានឱ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង០២៖៥៥នាទីទៀបភ្លឺ លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋាន ដឹកនាំកម្លាំងជំនាញនាយកដ្ឋាន ល្បាតក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ មកដល់ត្រង់ចំណុចមុខធនាគារអេប៊ីអេ ផ្លូវហាណូយ កែងផ្លូវម៉ុងឬទ្ធី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ក៏ប្រទះឃេីញជនសង្ស័យម្នាក់បានធ្វេីសកម្មភាពចូលលួចទូរស័ព្ទពីជនរងគ្រោះជាសន្តិសុខយាមធនាគារបានសម្រេច។

ភ្លាមនោះកម្លាំងជំនាញក៏បានធ្វេីការឃាត់ខ្លួនបានភ្លាមៗ ជនសង្ស័យមាន ឈ្មោះ ឡុង សិលា ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ ទីលំនៅមិនពិតប្រាកដ មុខរបរមិនពិតប្រាកដ។

សម្ភារៈដកហូតមាន ទូរស័ព្ទម៉ាក vivo (របស់ជនរងគ្រោះ), សោរទីបលេខ៨ និងដែកសំប៉ែតមុខស្រួច (សម្រាប់កាច់កម៉ូតូ) និង ដែកសម្រាប់គាស់សោរ។

បច្ចុប្បន្ននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កំពុងកសាងសំណុំរឿងទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕

ដោយ៖តារា


ចែករំលែក៖