ខេត្តប៉ៃលិន ៖ បុរសពិការម្នាក់ស្លាប់នៅក្នុងភ្នក់ភ្លើងគួរឱ្យអាណោចអាធ័ម ព្រោះតែតូចចិតខ្លួនពិការ និងខឹងប្រពន្ធ បន្ទាប់ពីឈ្លោះទាស់ទែងគ្នាតិចតួច ក៏ចាក់សោក្នុងបន្ទប់រួចដុតផ្ទះ បណ្តាលឱ្យឆេះស្លាប់ម្នាក់ឯង បង្កឱ្យមានការភ្ញាក់ផ្អើលដល់អ្នកភូមិនាំគ្នាចូលជួយពន្លត់ ភ្លើង។ តែអ្វីៗ បានហួសពេលបាត់ទៅហើយ ដោយសារតែព្រះអគ្គីបានឆាបឆេះផ្ទះប្រក់ស្បូវយ៉ាងសន្ធោរសន្ធៅដោយមិនអាចជួយមិនទាន់។
ហេតុការណ៍បុរសពិការម្នាក់តូចចិត្តខ្លួនពិការ និងខឹងប្រពន្ធហើយដុតផ្ទះនេះកើតឡើងកាលពីវេលាម៉ោង៧ និង៣០នាទីយប់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ ស្ថិតនៅក្នុងភូមិអូរប្រើស សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
មន្ត្រីនគរបាលមូលដ្ឋានបានឲ្យដឹងថា បុរសជនរងគ្រោះ មាន ឈ្មោះ សឿន ពិសិទ្ធ អាយុ៤២ឆ្នាំ (ស្លាប់) មានប្រពន្ធ ឈ្មោះ ម៉ិល អៀម អាយុ៣៨ឆ្នាំ មានកូន៣នាក់ក្នុងបន្ទុក ប្រុស១ ស្រី២នាក់។
ស្ត្រីជាប្រពន្ធជនរងគ្រោះ ឈ្មោះ ម៉ិល អៀម បានឱ្យដឹងថា មុនពេលកើតហេតុ នាងនិងប្តីបានឈ្លោះទាស់ទែងគ្នាតិចតួច ដោយប្តីនាងមានចិត្តមួរម៉ៅមិនដឹងមូលហេតុជាច្រើនថ្ងៃមកហើយ ស្រាប់តែពេលនោះ ក៏ទាញទូរស័ព្ទបោក ។ លុះឃើញសភាពមិនស្រួលនាងក៏នាំកូនទាំងបីនាក់រត់គេចចេញពីផ្ទះទៅសុំផ្ទះអ្នកជិតខាងស្នាក់នៅបណ្តោះអាសន្ន។ លុះមួយសន្ទុះក្រោយមកក៏ឃើញមានអណ្តាតភ្លើងចេញពីផ្ទះយ៉ាងសន្ធោរសន្ធៅក៏រត់ស្រែកឱ្យគេទៅជួយពន្លត់ និងជួយសង្គ្រោះប្តីរបស់ខ្លួន។ តែទ្វារ ផ្ទះបានជាប់សោពីខាងក្នុងមិនអាចបើកបាន ណាមួយភ្លើងកាន់តែឆេះខ្លាំង ទើបឆេះស្លាប់ប្តីរបស់នាងតែម្តង។
នាងបញ្ជាក់ទៀតថា កាលឆ្នាំ២០២៣ប្តីរបស់នាង បាន ឡើងទៅលើភ្នំដើម្បីនឹងរកបន្លែក្រវ៉ាញយកមកលក់ដូរឱ្យឈ្មួញនៅក្នុងភូមិនិងតាមផ្សារ។ តែជាអកុសល នៅលើភ្នំភ្លៀងខ្លាំងលាយជាមួយនឹងខ្យល់កន្ត្រាក់ ក៏រលំដើម ឈើសង្កត់ប្តីរបស់ខ្លួនបណ្តាលឱ្យបាក់ឆ្អឹងចង្កេះ រួចងាប់ មួយកំណាត់ខ្លួន។ តែនាងខិតខំប្រឹងប្រែងស៊ីឈ្នួលគេដើម្បីរកថវិកាយកទៅព្យាបាលប្តី ដោយពីមួយថ្ងៃទៅមួយថ្ងៃ ប្តីរបស់ខ្លួនមិនអាចកម្រើកជើងរួចឡើង ដោយជិះលើរទេះរុញខ្លួនឯងប៉ុណ្ណោះ។
នាងបញ្ជាក់ថា ចាប់តាំងពីពេលនោះមកប្តីរបស់ខ្លួន តែងតែខឹងប្រពន្ធកូន ព្រោះខ្លួនមិនអាចចេញទៅធ្វើការងារណាបានទៀត។ ស្រាប់តែនៅយប់ថ្ងៃកើតហេតុ ប្តីរបស់ខ្លួនកាន់តែមានបញ្ហាខ្លាំងឡើងៗ រហូតដល់ដុតខ្លួនក្នុងផ្ទះបណ្តាលឱ្យឆេះផ្ទះស្លាប់តែម្តង។
រហូតមកដល់ពេលនេះ នាងគ្មានសល់អ្វីសូម្បីបន្តិចឡើយ ដោយឆេះទាំងសម្លៀកបំពាក់ ឆ្នាំងចាន ម្ហួបអាហារ អង្ករ អស់រលីងតែម្តង។ នាងក៏សូមអំពាវនាវដល់បងប្អូនសប្បុរសជនទាំងក្នុងនិងក្រៅស្រុកជួយដល់នាងនិងកូនឱ្យមានសម្លៀកបំពាក់ ព្រមទាំងថវិកាសម្រាប់ផ្គត់ផ្គង់ជីវភាពផងដែរ៕

ដោយ៖សូរិយា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច