ខេត្តបន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យបានឱ្យដឹងនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ថា ជនសង្ស័យចំនួន៥នាក់ដែលបានដឹកសព ជនជាតិចិនម្នាក់យកទៅកប់នៅស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ត្រូវបានកម្លាំងនគរបាលរបស់លោកតាមចាប់បាន ហើយត្រូវបានតុលាការដេញដីកាឃុំខ្លួនដាក់ពន្ធនាគាររួចហើយ។
ជុំវិញករណីខាងលើនេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានបញ្ជាក់ថា កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង១៩៖៥៣នាទី មានរថយន្ត ២គ្រឿង ពណ៌ស១គ្រឿង ពណ៌ខ្មៅ ១គ្រឿង ម៉ាកអាល់ផាដ បានជាប់ភក់នៅចំណុចផ្លូវលំ ភូមិបឹងស្នោ ឃុំស្លក្រាម ស្រុកស្វាយចេក ពេលនោះអ្នកបើករថយន្តនិងអ្នកជិះនៅក្នុងរថយន្តបានរកប្រជាពលរដ្ឋឱ្យជួយទាញរថយន្តចេញពីភក់ រួចក៏បានបើកចេញទៅបាត់។
លុះស្អែកឡើងដោយមានការសង្ស័យ ប្រជាពលរដ្ឋបានរាយការណ៍ជូនកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល, ភ្លាមនោះសមត្ថកិច្ចជំនាញ បានចុះមកដល់ទីតាំងនោះធ្វើការត្រួតពិនិត្យឃើញមានសាក សពម្នាក់មិនទាន់ស្គាល់អត្តសញ្ញាណ ភេទប្រុស អាយុប្រហែល៤៥ឆ្នាំ សង្ស័យជាជនជាតិចិនកប់ក្នុងប្រឡាយ។
ដោយមានការដឹកនាំសម្របសម្រួលនីតិវិធីពីតំណាងអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ ថ្នាក់ដឹកនាំបានបង្កើតគណៈកម្មការពិនិត្យសាកសព ដែលជាលទ្ធផល ផ្នែកក្បាល ដងខ្លួន និងផ្នែកអវយវៈពុំមានស្លាកស្នាមអ្វីគួរកត់សម្គាល់នោះទេ។
យោងតាមការសន្និដ្ឋានរបស់លោកវេជ្ជបណ្ឌិត និងមានការពិនិត្យយ៉ាងល្អិតល្អន់របស់មន្រ្តីជំនាញកោសល្យវិច័យ ការបំភ្លឺរបស់សាក្សី និងមានការឯកភាពបឋមពីលោកព្រះរាជអាជ្ញារង សន្និដ្ឋានថា ជនរងគ្រោះសង្ស័យស្លាប់ដោយសារគាំងបេះដូង។
លោកឧត្តមសេនីយ៍ស្នងការបានបញ្ជាក់ថា ក្រោយមានករណីនេះកើតឡើង លោកបានបញ្ជាឱ្យកម្លាំងជំនាញ និងកម្លាំងអធិការដ្ឋាននគរបាលស្រុកអូរជ្រៅ ធ្វើការស្រាវជ្រាវតាមរករថយន្ត និងមុខសញ្ញាខាងលើ រហូតឃាត់ខ្លួនជនល្មើសចំនួន០៦នាក់ (ជនជាតិមីយ៉ាន់ម៉ា៥នាក់និងជនជាតិចិនម្នាក់) នៅចំណុចការដ្ឋានចិនស្ថិតនៅភូមិប្រាសាទ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ដោយដកហូត រថយន្ត២គ្រឿង Lexus LM ពាក់ស្លាកលេខកម្ពុជា ST.1001 និងរថយន្ត Lexus LM ពាក់ស្លាកលេខ ភ្នំពេញ CA-6968។
ក្រោយសាកសួរ ក្នុងចំណោមជនសង្ស័យខាងលើបានឆ្លើយអះអាងថា ជនរងគ្រោះឈ្មោះ A Xing ជនជាតិចិន (សាកសព) ជាបុគ្គលិកដែលខ្លួនទទួលយកមកធ្វើការបានមួយរយៈពេល។ ជនរងគ្រោះកើត មានជំងឺក៏ស្លាប់ក្នងបន្ទប់ ពេលនោះពួកខ្លួនភ័យក៏បាននាំកូនចៅជនជាតិភូមាចំនួន៥នាក់ (ទាំងរូបខ្លួន) ជិះរថយន្ត២ គ្រឿងខាងលើ ដឹកសាកសពជនរងគ្រោះយកទៅចោលនៅឯព្រៃឆ្ងាយដែលខ្លួនមិនស្គាល់តែម្តងទៅ ព្រោះខ្លាចប៉ូលិសឃើញ។
ក្រោយបញ្ចប់ការសួរនាំ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានបញ្ជូនក្រុមជនល្មើសជនជាតិភូមាទាំង៥នាក់ទៅតុលាការរហូតចៅក្រមចេញដីកាឃុំខ្លួនដាក់ពន្ធនាគារតែម្តង៕
ដោយ៖សូរិយា