ព័ត៌មានទាន់ហេតុការណ៍៖

Update៖«បុណ្យផ្សោតមេគង្គ និងព្រឹត្តិការណ៍អុំទូកកៃយ៉ាក»នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣០ឧសភា-១ មិថុនា នៅខេត្តស្ទឹងត្រែង ដើម្បីទាក់ទាញភ្ញៀវទេសចរ

ចែករំលែក៖

ខេត្ត​ស្ទឹងត្រែង៖ ព្រឹត្តិការណ៍ពុំធ្លាប់មានមួយគឺ«បុណ្យផ្សោតមេគង្គ និងព្រឹត្តិការណ៍អុំទូកកៃយ៉ាក លើកទី១» នឹងចាប់ផ្តើមប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃ ទី៣០ -៣១ នៃខែឧសភា ដល់ថ្ងៃទី១ខែមិថុនា ឆ្នាំ២០២៥ ។

ព្រឹត្តិការណ៍នេះ នឹងត្រូវរៀបចំឡើងក្រោមការសហការដោយក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តស្ទឹងត្រែង ដែលនឹងរៀបចំនៅសហគមន៍អេកូទេសចរណ៍ព្រះរំកិល នៃអន្លង់ផ្សោតឈើទាល ស្ថិតនៅភូមិអន្លង់ស្វាយ ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ។

លោក អ៊ន់ បោសឿន ប្រធានមន្ទីរទេសចរណ៍ បានឱ្យដឹងនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥នេះថា កម្មវិធីខាងលើ មានការរៀបចំនូវព្រឹត្តិការណ៍ អមសំខាន់ៗមួយ ចំនួនរួមមាន៖ ១.ពិធីបុណ្យផ្សោតមេគង្គ(ពិធីសូត្រមន្ត) ២.កម្មវិធីអុំទូកកៃយ៉ាក ៣.ការតាំងពិព័រណ៍ផលិតផលសហគមន៍អេកូទេសចរណ៍ និងម្ហូបអាហារប្រចាំតំបន់ ៤.សកម្មភាពកីឡាទេសចរណ៍ជាលក្ខណៈ មហាជន (រត់ម៉ារ៉ាតុន ដើម្បីសប្បុរសធម៌ ប្រណាំងទូកជាដើម) ៥.ការបោះតង់ជំរំទេសចរណ៍នៅលើកោះលន និងកោះទន្សាយ ៦.ទស្សនកិច្ចសហគមន៍អេកូទេសចរណ៍បុរីអូរស្វាយ (ស្តូបប្រវត្តិសាស្ត្របណ្ណាល័យហ្លួងម៉ែ) ៧. ទស្សនកិច្ចទឹកធ្លាក់សុភ័ក្រមិត្ត ។

លោក អ៊ន់ បោសឿន បន្តថា ការរៀបចំព្រឹត្តិការណ៍នេះ គឺរៀបចំឡើងក្នុងគោលបំណង ដើម្បីលើកកម្ពស់ការអភិរក្សសត្វផ្សោត ផ្សព្វផ្សាយតំបន់សក្តានុពលអេកូទេសចរណ៍ សកម្មភាពទេសចរណ៍ ឱ្យកាន់តែសម្បូរបែប និងពង្រឹងគុណភាពផលិតផល សេវាកម្មទេសចរណ៍ឱ្យស្របតាមស្តង់ដាទេសចរណ៍ ព្រមទាំងលើកទឹកចិត្តដល់ប្រជាពលរដ្ឋឱ្យចូលរួមយ៉ាងសកម្មក្នុងការអភិរក្សធនធានធម្មជាតិ អនាម័យបរិស្ថាន សំដៅទាក់ទាញកំណើននៃភ្ញៀវទេសចរជាតិ និងអន្តរជាតិបន្ថែមទៀត ។

លោកប្រធានមន្ទីរទេសចរណ៍ បានបញ្ជាក់ថាដើម្បីងាយស្រួលដល់ភ្ញៀវទេសចរដែលមកលេងកម្សាន្តក្នុងព្រឹត្តិការណ៍ខាងលើ មន្ទីរទេសចរណ៍មានរៀបចំនូវតារាងតម្លៃអាហារ តង់ស្នាក់នៅ នឹងតម្លៃទូកសម្រាប់ជិះលេងកម្សាន្តផងដែរ ។

ចំណែកតម្លៃសេវាកម្មរាយរបស់សហគមន៍ទេសចរណ៍ ក្នុងព្រឹត្តិការណ៍ អាហារ(១ពេល)តម្លៃ១៦,០០០រៀល, ជិះទូកកម្សាន្តក្នុងម្នាក់៣០០០០រៀល,ទូកកៃយ៉ាក់ស្មាច់តម្លៃ៣០.០០០រៀល,ទូកកៃយ៉ាក់ ម៉ាយសឺវិន តម្លៃ ៦០.០០០រៀល,តង់ស្នាក់នៅតម្លៃ២៨.០០០រៀល,ផ្ទះសហគមន៍ តម្លៃ១៦.០០០រៀល៕

ដោយ៖ សូរិយា


ចែករំលែក៖