ភ្នំពេញ៖ លោក ផន រឹម អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូន នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥នេះ បានឱ្យដឹងថា ស្ថានភាពផ្លូវអាចលំបាកដោយអន្លើពេលមានភ្លៀងធ្លាក់ខ្លាំងលើកំណាត់ផ្លូវជាតិលេខ១១ ដែលយើងកំពុងថែទាំ និងជួសជុលនេះ។
លោកអ្នកនាំពាក្យរូបនេះ បានបន្តថា សូមជម្រាប់ជូនសាធារណជន និងបងប្អូនអ្នកធ្វើដំណើរលើកំណាត់ផ្លូវជាតិលេខ១១ និងប្រជាពលរដ្ឋរស់នៅសងខាងផ្លូវមេត្តាជ្រាបថា កំណាត់ផ្លូវខាងលើ ស្ថិតក្នុងគម្រោងការងារថែទាំខួបឆ្នាំ២០២៥ របស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តត្បូងឃ្មុំ។ បច្ចុប្បន្នមន្ទីរបានធ្វើការស្ថាបនាដល់ស្រទាប់គ្រឹះរង ដោយប្រើប្រាស់ដីល្បាយថ្ម។
ដោយហេតុភ្លៀងធ្លាក់ជោគជាំជាប់ៗគ្នាច្រើនថ្ងៃ បណ្តាលឱ្យដីល្បាយថ្មដែលបានចាក់ឡើងហើម ទើបធ្វើឱ្យមានការជាប់ផុង ដល់រថយន្តដឹកទំនិញធុនធ្ងន់ និងពិបាកដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ។
លោក ផន រឹម បានឱ្យដឹងទៀតថា ត្រង់ចំណុចនេះ មន្ទីរក៏បានធ្វើការកៀសម្រួលចរាចរណ៍រួចហើយ ប៉ុន្តែភ្លៀងនៅតែបន្តធ្លាក់។ សូមបងប្អូនប្រជាពលរដ្ឋមេត្តា យោគយល់ និងអធ្យាស្រ័យ។ មន្ទីរព្យាយាម កៀរកិនបង្ហាប់ សម្រួលចរាចរណ៍បន្ថែមទៀត ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
គួរបញ្ជាក់ថា កំណាត់ផ្លូវជាតិលេខ១១ ស្ថិតក្រោមការងារថែទាំប្រចាំរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តត្បូងឃ្មុំ មានប្រវែងជាង២៤ គ.ម។
ចំពោះការងារថែទាំខួបឆ្នាំ២០២៥ មានចំនួន ២គម្រោង ៖
១/ ការងារកាត់ជួសជុលក្រាលបេតុងកៅស៊ូ AC មានប្រវែងជាង ១ គ.ម គ្រោងបញ្ចប់ក្នុងខែសីហា ឆ្នាំ២០២៥។
២/ការងារ Overlay AC មានប្រវែងជាង ២គ.ម គ្រោងបញ្ចប់ក្នុងខែកញ្ញា ឆ្នាំ២០២៥៕
ដោយ៖ស តារា