ខេត្តកំពង់ស្ពឺ៖ កម្លាំងជំនាញនគរបាលយុត្តិធម៌ស្រុកសំរោងទង អន្ដរាគមន៍បង្ក្រាប ក្រុមក្មេងទំនើង ដែលបានធ្វើសកម្មភាព គប់កញ្ចក់រថយន្តបានចំនួន ០៤នាក់ និងដកហូតវត្ថុតាង ម៉ូតូចំនួន ២គ្រឿង។
មន្ត្រីនគរបាលស្រុកសំរោងទងបានឲ្យដឹងថា នៅថ្ងៃទី ២៨ ខែឧសភា ២០២៥ វេលាម៉ោង ២៣និង ៥០នាទី កម្លាំងជំនាញព្រហ្មទណ្ឌស្រុក បានទទួលព័ត៌មានថាមានករណីគប់កញ្ចក់រថយន្តនៅផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ៣៨-៣៩ ភូមិអូរក្រាំងអំបិល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
ក្រោយពីទទួលបានព័ត៌មាននេះ កម្លាំងព្រហ្មទណ្ឌស្រុកបានចេញអន្តរាគមន៍ទាន់ពេលវេលាបានស្រាវជ្រាវរហូតឃាត់ខ្លួនបានជនសង្ស័យចំនួន ០៤នាក់រួមមាន៖
១- ឈ្មោះ ពេជ្រ ផានិត ភេទប្រុស អាយុ ២៥ឆ្នាំ ជាម្ចាស់ម៉ូតូ អ្នកបើកបរ,២- ឈ្មោះ មាន សូយទ្រី (ហៅទ្រី) ភេទប្រុស អាយុ ១៨ឆ្នាំ អ្នកគប់,៣- ឈ្មោះ ភូ ចាន់ដា (ហៅចយ) ភេទប្រុស អាយុ ២១ឆ្នាំ អ្នកបើកបរនិង ៤- ឈ្មោះ សូត្រ ស៊ីធួន ភេទប្រុស អាយុ ២០ឆ្នាំ ជិះក្រោយ ទាំង៤នាក់ នៅភូមិសំរោងទងលើ ឃុំសំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។ សមត្ថកិច្ចដកហូតវត្ថុតាង ម៉ូតូចំនួន ០២គ្រឿង ។
នៅពេលដែលកម្លាំងសមត្ថកិច្ចសាកសួរ ក្រុមក្មេងទំនើងទាំងនេះបានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានគប់កញ្ចក់រថយន្តខាងលើពិតប្រាកដមែន ។
បច្ចុប្បន្នសមត្ថកិច្ចជំនាញបានធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់ការតាមនីតិវិធីបន្ដ៕
ដោយ៖ សូរិយា