ខេត្តឧត្តរមានជ័យ ៖ សាកសពដែលគេបានអះអាងថា ជាសាកសពជនជាតិចិន២នាក់ដែលគេយកមកកប់ចោលនៅក្នុងដីឡត៍មួយកន្លែង ត្រូវបានអ្នកភូមិគោកប្រាសាទ សង្កាត់កូនគ្រៀល ក្រុងសំរោង ដើររកដកផ្សិត និងរកជីកកង្កែប ប្រទះឃើញបានបង្កការភ្ញាក់ផ្អើល កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ កន្លងទៅ ត្រូវបានសមត្ថកិច្ចដាក់ការសង្ស័យនិងធ្វើការឃាត់ខ្លួនជនជាតិចិន២នាក់នាំទៅធ្វើការសាកសួរចម្លើយ កាលពីវេលាម៉ោង៤ល្ងាចថ្ងៃទី២៨ ឧសភា ឆ្នាំ២០២៥ ។
គួររំលឹកថា អ្នកដើរជីកកង្កែបដកផ្សិតប្រទះឃើញសាក សពដែលគេយកមកកប់ចោល នៅក្បែរដីឡូត៍មួយកន្លែងនោះ បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិ និងសមត្ថកិច្ច កាលពីថ្ងៃទី២៦មួយករណី នៅថ្ងៃទី២៧ ខែឧសភា ប្រជាពលរដ្ឋបានប្រទះឃើញកន្លែងដែលគេកប់សាកសពមួយករណីម្តងទៀតដោយឃ្លាតពីគ្នាចំនួន៩៣ម៉ែត្រតែប៉ុណ្ណោះ សាកសពទាំង២គឺគេបានអះអាងថា សាកសពជនជាតិចិន។
មន្ត្រីដែលបម្រើការងារនៅមាត់ច្រកទ្វារអន្តរជាតិអូរស្មាច់ម្នាក់ សុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា នៅរសៀលថ្ងៃទី២៨ ឧសភា ឆ្នាំ២០២៥ គេបានឃើញមានកម្លាំងចម្រុះជាច្រើនស្ថាប័នបានចុះមកធ្វើការស៊ើបអង្កេត និងធ្វើការឃាត់ខ្លួនបុរសដែលជាជនជាតិចិន២នាក់ មានប្រពន្ធខ្មែរ នាំខ្លួនទៅធ្វើការសាកសួរ រហូតមកទល់ពេលនេះ នៅមិនទាន់បានទទួលព័ត៌មាននៅឡើយទេ ៕
ដោយ៖ សូរិយា