ខេត្តព្រះវិហារ៖ លោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាល នៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ បានអញ្ជើញចូលរួមអមដំណើរលោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ចុះសួរសុខទុក្ខ សំណេះសំណាលកងកម្លាំងការពារព្រំដែនជួរមុខ នៃអង្គភាពវរសេនាតូចនគរបាលការពារ ព្រំដែនគោកលេខ៧៩៣ ស្ថិតនៅភូមិសាស្ត្រទិសខេត្តព្រះវិហារ។
ដើម្បីជាការលើកទឹកចិត្ត និងយកចិត្តទុកដាក់ ដល់កងកម្លាំងជួរមុខ ការពារព្រំដែន ដែលជាសម្ព័ន្ធមេត្រីភាព ជាមួយរដ្ឋបាលរាជធានីភ្នំពេញ ក្នុងឱកាសចុះសួរសុខទុក្ខ សំណេះសំណាល និងនាំយកនូវអំណោយផ្តល់ជូនដល់កម្លាំងការពារព្រំដែនជួរមុខ នៃអង្គភាពវរសេនាតូចនគរបាលការពារ ព្រំដែនគោកលេខ៧៩៣ ស្ថិតនៅភូមិសាស្ត្រទិសខេត្តព្រះវិហារនាពេលនេះ រួមមាន ៖ មី ៦០កេសធំ ភេសជ្ជៈ១២០កេស ទឹកសុទ្ធ៦០កេស ទឹកត្រី២០យួរ ទឹកស៊ីអ៊ីវ២០យួរ ឧបតម្ថម្ភជាសំភារៈធ្វើកសិកម្មមួយចំនួន ឧបត្ថម្ភជាថវិការដល់ អង្គភាពវរៈនគរបាល ២លានរៀល និងគណៈគ្រប់គ្រងនគរបាលជាតិទិសភូមិភាគទី៤ មេបញ្ជាការវរៈ មេបញ្ជារងវរៈ មន្ត្រីនគរបាល សរុបចំនួន ៧លានរៀល គិតជាទឹកប្រាក់សរុបចំនួន ជាង ៣៦លានរៀល ។
លោក សាំ ពិសិដ្ឋ បញ្ជាក់ដែរថា ក្នុងនាមលោក និងប្រជាជននៅទូទាំងប្រទេស ដែលជាសមរភូមិក្រោយ ពិតជាមានសេចក្តីរីករាយដែលបានឃើញកងកម្លាំងការពារព្រំដែនរបស់យើង មានសុភាពល្អ មានវីរៈភាពការពារជាតិ ជាស្តែងកាលពីម្សិលមិញនេះ កងកម្លាំងរបស់យើង បានខិតខំទប់ស្កាត់ ការពារមិនអោយមានការចូលលុក ឈានពាន និងលួចវាយឆ្មក់ ចូលមកក្នុងទឹកដីកម្ពុជារបស់យើង ធ្វើអោយកម្លាំងយើងរងគ្រោះម្នាក់ ។ ក្នុងនោះ ក្នុងនាមជាអ្នកសមរភូមិក្រោយ សូមប្តេជ្ញាគោរព និងអនុវត្តតាមការសម្រេចចិត្តដ៏គត់មត់បំផុតក្នុងបុព្វហេតុជាតិ មាតុភូមិ និងប្រជាជន របស់សម្តេចតេជោ និងសម្តេចបវរធិបតី និងចូលរួមផ្តល់ជាកម្លាំងចិត្តដល់វីរៈភាពរបស់កងកម្លាំងរបស់យើងអោយអស់លទ្ធភាព។
លោកវរៈសេនីយ៍ឯក ឃួន ប៊ុនធឿន មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនលេខ៧៩៣ បានធ្វើការថ្លែងអំណរគុណ ដល់មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ រដ្ឋបាលខណ្ឌព្រែកព្នៅ រដ្ឋបាលខណ្ឌកំបូល ព្រមទាំងមន្ត្រីរាជការ និងបុគ្គលិកតាមបណ្តាលខណ្ឌទាំងអស់ នៃរាជធានីភ្នំពេញ ដែលបានជួយឧបត្ថម្ភជា ថវិកា សម្ភារៈ គ្រឿងឧបភោគ បរិភោគ ជូនដល់កងកម្លាំងនគរបាលដែលកំពុងឈរជើងការពារបូរណភាពទឹកដីតាមខ្សែបន្ទាត់ព្រំដែន តាមរយៈសម្ព័ន្ធមេត្រីភាពរដ្ឋបាលរាជធានីភ្នំពេញ ដែលបានបង្ហាញពីការចូលរួមចំណែកយកចិត្តទុកដាក់ និងចំពោះសុខទុក្ខរបស់កងកម្លាំងការពារបូរណភាពទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជា៕

ដោយ៖ តារា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច