ព័ត៌មានទាន់ហេតុការណ៍៖

Update៖​ លទ្ធផល នៃជំនួបរវាងរដ្ឋមន្រ្តីការបរទេស នៃព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ

ចែករំលែក៖

ភ្នំពេញ៖​ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក ម៉ារឹត សាងៀមផុង្ស រដ្ឋមន្ត្រីការបរទេសថៃ នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ បានជួបពិភាក្សាគ្នានៅទីក្រុងតូក្យូ ក្នុងឱកាសអមថ្នាក់ដឹកនាំអញ្ជើញចូលរួមវេទិកានីកកេ លើកទី ៣០ ស្តីពី “អនាគតរបស់អាស៊ី» ។ 

រដ្ឋមន្ត្រីការបរទេសទាំងពីរបានកត់សម្គាល់ថា បន្ទាប់ពីជំនួបរវាងមេបញ្ជាការកងទ័ព ជើងគោក នៃប្រទេសទាំងពីរកាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ សភាពការណ៍បានវិលត្រឡប់ ទៅរកស្ថានភាពដើមវិញ ដូចមុនការប៉ះទង្គិចនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ នៅភូមិតេជោ មរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។ ការប៉ះទង្គិចនេះបានកើតឡើង បន្ទាប់ពីយោធាថៃ បើកការវាយប្រហារមកលើកងកម្លាំងឈរជើងរបស់កម្ពុជា នៅក្នុងតំបន់ខាងលើនេះ។ 

រដ្ឋមន្ត្រីការបរទេសទាំងពីរបានកត់សម្គាល់អំពីការប្រាស្រ័យទាក់ទងគ្នាភ្លាមៗ រវាងសម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយលោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ ដែលបានបញ្ជាក់អំពីការប្តេជ្ញារក្សាទំនាក់ទំនងមិត្តភាពជាប្រពៃណី ភាពជា អ្នកជិតខាងល្អ ការយោគយល់និងជឿទុកចិត្តគ្នាទៅវិញទៅមក ក្នុងការដោះស្រាយរាល់ជម្លោះដែល កើតឡើងជាយថាហេតុដោយសន្តិវិធី ឈរលើមូលដ្ឋាននៃការគោរពអធិបតេយ្យភាព និងបូរណភាព ទឹកដីរៀងៗខ្លួន ។ 

រដ្ឋមន្ត្រីការបរទេសទាំងពីរបានឯកភាពប្រកាន់ស្មារតី នៃការគោរព​អនុស្សរណៈ នៃការយោគយល់គ្នាឆ្នាំ២០០០ ស្តីពីការវាស់វែង និងខណ្ឌសីមាព្រំដែនគោកកម្ពុជា​ ថៃ​ ប្រេីប្រាស់គ្រប់យន្តការដែលមានស្រាប់ជាពិសេសជំរុញយន្តការគណៈកម្មាធិការព្រំដែនចម្រុះ​ (JBC) និង ជួបពិភាក្សាការងារគ្នាឱ្យបានឆាប់តាមដែលអាចធ្វើបាន ដើម្បីដោះស្រាយបញ្ហាព្រំដែន ដោយផ្ដោតសំខាន់ទៅលើតំបន់ដែលបានកើតហេតុនាពេលថ្មីនេះ។ 

ជាមួយនឹងការប្តេជ្ញាដ៏មុះមុតក្នុងការការពារអធិបតេយ្យ និងបូរណភាពទឹកដីរបស់ខ្លួន កម្ពុជា ប្រកាន់ជំហររឹងមាំ ក្នុងការប្រែក្លាយតំបន់ព្រំដែនជាមួយប្រទេសជិតខាង ឱ្យក្លាយទៅជាតំបន់សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ដើម្បីជាផលប្រយោជន៍របស់ប្រទេស និងប្រជាជន រៀងៗខ្លួន៕

ដោយ៖​ តារា


ចែករំលែក៖