ទីក្រុងតូក្យូ ៖ សម្ដេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបញ្ជាក់ពីប្រទេសជប៉ុនថា ៖ «កន្លែងដែលទាហានឈ្លានពានថៃលួចឆ្មក់បាញ់ទាហានខ្មែរបណ្តាលឲ្យបាត់បង់ជីវិតម្នាក់កាលពីថ្ងៃទី២៨ ខែឧសភា កន្លងទៅ ត្រូវបានទាហានខ្មែរយើងដណ្តើមទីតាំងបានមកវិញភ្លាមៗ ខណៈទីតាំងនេះគឺជាដែនអធិបតេយ្យភាពរបស់ខ្មែរ»។ នេះជាការបញ្ជាក់របស់សម្តេចនាយករដ្ឋមន្រ្តី ពីទីក្រុងតូក្យូ ប្រទេសជប៉ុន នាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ ពេលជួបសំណេះសំណាលជាមួយបងប្អូនខ្មែរយើងនៅទីនោះ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់នៅចំពោះមុខពលរដ្ឋ និស្សិត និងពលករខ្មែរដែលកំពុងរស់នៅ សិក្សា និងធ្វើការនៅប្រទេសជប៉ុនថា បញ្ហាព្រំដែនគឺត្រូវការជំនាញច្បាស់លាស់ ត្រូវការឯកសារច្បាស់លាស់ ត្រូវការបច្ចេកទេសច្បាស់លាស់ និងផ្អែកលើច្បាប់ ដើម្បីដោះស្រាយ ទើបសម្រេចបានជោគជ័យ និងយូរអង្វែង។ សម្ដេចធិបតីបន្ថែមថា កម្ពុជាចង់ដោះស្រាយ បញ្ហាព្រំដែនដោយសន្តិភាព ដោយសន្តិវិធី និងសហប្រតិបត្តិការល្អជាមួយប្រទេសជិតខាង តែកម្ពុជារក្សាសិទ្ធិនៅក្នុងការការពារបូរណភាពទឹកដីរបស់ខ្លួនមិនឱ្យបាត់បង់ ក្នុងករណីមានការរំលោភបំពានណាមួយ។
សម្ដេចធិបតីបានបញ្ជាក់ថា តួនាទីភារកិច្ចរបស់កងទ័ពខុសៗគ្នា កងទ័ពសម្រាប់វ៉ៃលុក ថ្មើរជើង កងទ័ពសម្រាប់ឧបត្ថម្ភគ្រប់គ្រងស្បៀងអាហារ កងទ័ពសម្រាប់អន្តរាគមន៍។ រាជរដ្ឋាភិបាលបានគិតគូរចំពោះសុខទុក្ខកងទ័ពតាំងពីដើមតរៀងមករហូតដល់បច្ចុប្បន្ន។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានអំពាវនាវដល់គ្រប់បណ្ដាកងទ័ពទាំងអស់ ពិសេសតំបន់ព្រំដែន សូមកុំថតពីការត្រៀមកម្លាំងរបស់កងទ័ព ការត្រៀមយុទ្ធោបករណ៍(សម្ភារយោធា)នានា បង្ហោះនៅលើបណ្ដាញសង្គមនោះអី ព្រោះនេះជាការសម្ងាត់របស់កងទ័ព ៕
ដោយ ៖ សិលា