ភ្នំពេញ ៖ ជារៀងរាល់ខែក្រសួងមុខងារសាធារណៈបានរៀបចំកិច្ចប្រជុំជាមួយតំណាងក្រសួង ស្ថាប័នទាំងអស់ដើម្បីតាមដានត្រួតពិនិត្យវឌ្ឍនភាពការងារនៃការពង្រឹងប្រព័ន្ធគ្រប់គ្រងវត្តមានមន្រ្តីរាជការស៊ីវិល និងមន្រ្តីជាប់កិច្ចសន្យាដែលកំពុងបម្រើការងារនៅតាមអង្គភាពចំណុះក្រសួង ស្ថាប័ននីមួយៗ។
កិច្ចប្រជុំប្រចាំខែដឹកនាំដោយ លោក សយ រាសី អគ្គាធិការ នៃអគ្គាធិការដ្ឋានក្រសួងមុខងារសាធារណៈដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួង ស្ថាប័នចំនួន៣០ ដែលទទួលបន្ទុកការងារធនធានមនុស្ស ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីជំនាញនៃអគ្គាធិការដ្ឋានជាច្រើនរូប។ គោលបំណងនៃការរៀបចំកិច្ចប្រជុំជារៀងរាល់ខែគឺដើម្បីត្រួតពិនិត្យតាមដានវឌ្ឍនភាពនៃការពង្រឹងប្រព័ន្ធគ្រប់គ្រងវត្តមានមន្រ្តីរាជការស៊ីវិល និងមន្រ្តីជាប់កិច្ចសន្យានៅតាមក្រសួង ស្ថាប័ន និងវឌ្ឍនភាពនៃការប្រមូលរបាយការណ៍គ្រប់គ្រងទិន្នន័យវត្តមានរបស់ក្រសួង ស្ថាប័ននានាដែលបានផ្ញើមកក្រសួងមុខងារសាធារណៈ ក៏ដូចជាការជជែកពិភាក្សាចែករំលែកបទពិសោធន៍ល្អៗនិងធាតុចូលសំខាន់ៗនៃការគ្រប់គ្រងវត្តមានរបស់ក្រសួង ស្ថាប័ន។
ក្នុងកិច្ចប្រជុំតំណាងក្រសួង ស្ថាប័ន នីមួយៗបានបង្ហាញការតាំងចិត្តនិងការបេ្តជ្ញារួមគ្នាក្នុងការធ្វើយ៉ាងណាពង្រឹងប្រព័ន្ធគ្រប់គ្រងវត្តមាន និងស្ថានភាពមន្រ្តីរាជការស៊ីវិលក៏ដូចជាមន្រ្តីជាប់កិច្ចសន្យា ហើយរៀបចំនូវរបាយការណ៍ប្រចាំខែដើម្បីជូនមកក្រសួងមុខងារសាធារណៈដើម្បីបូកសរុបឱ្យទាន់ពេលវាលា៕
ដោយ ៖ សិលា