ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ដាក់ចេញនូវអនុសាសន៍គន្លឹះចំនួន១០ចំណុច លើវិស័យការងារ សន្តិសុខសង្គមនិងបណ្តុះបណ្តាល វិជ្ជាជីវៈ

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ៖ រាជរដ្ឋាភិបាលបានបន្តយកចិត្តទុកដាក់លើវិស័យការងារ សន្តិសុខសង្គមនិងបណ្តុះបណ្តាល វិជ្ជាជីវៈ តាមរយៈការដាក់ចេញនូវអនុសាសន៍គន្លឹះចំនួន១០ចំណុច រួមមាន ៖ 

 (១) ការកំណត់ប្រាក់ឈ្នួលអប្បបរមា និងអត្ថប្រយោជន៍ផ្សេងៗ ។ 

 (២) ការពង្រីកវិសាលភាពបេឡាជាតិរបបសន្តិសុខសង្គម ។

(៣) កម្មវិធីបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈ និងបច្ចេកទេសសម្រាប់យុវជនមកពីគ្រួសារក្រីក្រនិងគ្រួសារងាយរងហានិភ័យ។

 (៤) ការជំរុញការអនុវត្ត កាតព្វកិច្ចហ្វឹកហ្វឺនកូនជាង។

 (៥) ការឧបត្ថម្ភថវិកាដល់កម្មករនិយោជិតជាស្ត្រីមានផ្ទៃពោះ ។

(៦) ការជំរុញយុទ្ធនាការ សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ។

 (៧) ការបង្កើតទារកដ្ឋាននិងមត្តេយ្យសហគមន៍នៅតាមតំបន់ដែលមាន រោងចក្រ។

 (៨) ការកែលម្អកន្លែងហូបបាយឬអាហារដ្ឋាននៅតាមរោងចក្រ។

 (៩) ការផ្លាស់ប្តូរមធ្យោបាយដឹកជញ្ជូនកម្មករ និយោជិត ។

និង (១០) កម្មវិធីធ្វើតេស្តទទួលស្គាល់ជំនាញ សំដៅបន្តលើកកម្ពស់លក្ខខណ្ឌការងារនិងបង្កើនប្រាក់ចំណូល សិទ្ធិសេរីភាពនិងសុខដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈ កិច្ចគាំពារសង្គមនិងអត្ថប្រយោជន៍បេឡាជាតិសន្តិសុខសង្គម និងការអភិវឌ្ឍជំនាញវិជ្ជាជីវៈជូនបងប្អូនកម្មករនិយោជិតនិងក្រុមគ្រួសារ។ 

សម្តេចធិបតី ហ៊ុន ម៉ាណែត បានផ្តល់ទិសដៅថា ៖ ទន្ទឹមនឹងនេះ ការដាក់ចេញនូវចលនា ប្រឡងប្រណាំង «សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ» ដែលជាចក្ខុវិស័យមួយរបស់រាជរដ្ឋាភិបាលក្នុង ការអភិវឌ្ឍវិស័យការងារ សំដៅប្រែក្លាយទៅជាចលនាជាតិមួយនៅកន្លែងធ្វើការងារដែលគ្រប់ភាគីពាក់ព័ន្ធ ជាពិសេស កម្មករនិយោជិតនិងនិយោជក ចូលរួមអនុវត្តដើម្បីបង្កើតបានវប្បធម៌អនុលោមភាពតាមច្បាប់ សុខដុមនីយភាពក្នុង ទំនាក់ទំនងវិជ្ជាជីវៈនិងទំនួលខុសត្រូវផ្នែកសង្គមរបស់សហគ្រាស ដោយកំណត់លក្ខណវិនិច្ឆ័យ «មិនមានការប្រើប្រាស់ ទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ» ជាវិញ្ញាបនបត្រអនុលោមភាពមួយសម្រាប់ជាលក្ខខណ្ឌកំណត់ថា សហគ្រាសមួយ អាចទទួលបានពានសហគមន៍សុខសាន្តប្រចាំឆ្នាំ៕

ដោយ ៖ សិលា


ចែករំលែក៖