ខេត្តពោធិ៍សាត់ ៖ អ្នកធ្វើដំណើរលើកំណាត់ផ្លូវជាតិលេខ៥ ដែលបានឆ្លងកាត់ស្រុកបាកាន ខេត្តពោធិ៍សាត់រាយការណ៍ នារសៀលថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥ នេះថា មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៍សែនរន្ធត់មួយ បានកើតឡើងបណ្ដាលឲ្យមានមនុស្សយ៉ាងហោចចំនួន០២នាក់ បានស្លាប់បាត់បង់ជីវិតភ្លាមៗ និងម្នាក់ទៀតបានរងរបួសធ្ងន់ នៅគ្រាដែលកំពុងធ្វើដំណើរស្របទិសគ្នា ។
ប្រភពរាយការណ៍ដដែលឲ្យដឹងទៀតថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យមានមនុស្សស្លាប់ និងរងរបួសខាងលើ បានកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចបង្គោលគីឡូម៉ែត្រលេខ២០៩ ស្ថិតនៅភូមិ.ឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់ ។
ប្រភពបន្តថា គេឃើញរថយន្តម៉ាក HYUNDA ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3A 6030 បើកបរ ដោយឈ្មោះ ចាត ចាន់ធា ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ រស់នៅ ភូមិអន្លង់ឈើឃ្លាង ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល របួស(ធ្ងន់)និងអ្នកដំណើរចំនួន០២នាក់ ទី-១ ឈ្មោះ វ៉ាត វិរៈ ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ(ស្លាប់)និងទី-២ ឈ្មោះ ឃឿន ឃី ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ(ស្លាប់)អ្នកទាំង២រស់នៅ ភូមិ.ឃុំជាមួយអ្នកបើកបររងរបួសធ្ងន់ បញ្ជាក់ជនរងគ្រោះបានគាបជាប់ក្នុងកាប៊ីនរថយន្ត ខណៈកំពុងធ្វើដំណើរក្នុងទិសដៅពីកើតឆ្ពោះទៅទិសខាងលិច លុះមកដល់ចំណុចកើតហេតុ បានជ្រុលបុកគូថរថយន្ត១គ្រឿងម៉ាក FUSO ពណ៌ស្លែ ពាក់ស្លាកលេខ ស្វាយរៀង 3A 1106 ពេញទំហឹងតែម្ដង ។
ប្រភពបញ្ជាក់ទៀតថា អ្នកបើកបររថយន្តម៉ាក FUSO ឈ្មោះ អិត បញ្ញា ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ រស់នៅ ភូមិនិគមន៍កណ្ដាល ឃុំជ្រោយស្ដៅ ស្រុកថ្មគោល ខេត្តបាត់ដំបង ពុំរងរបួសនោះទេ ។
ប្រភពបញ្ជាក់បន្ថែមទៀតថា មូលហេតុសង្ស័យខាងភាគីរថយន្តម៉ាក HYUNDA ដែលបណ្ដាលឲ្យស្លាប់ និងរងរបួសធ្ងន់ បើកបរក្នុងស្ថានភាពងងុយដេក គ្រានោះ(សព)គេឃើញសមត្ថកិច្ចនគរបាល ប្រគល់ជូនក្រុមគ្រួសារ ចំណែកជនរងរបួសបញ្ជូនទៅ មន្ទីរពេទ្យបង្អែកស្រុកបាកាន ដោយឡែក វត្ថុតាង(រថយន្ត)រក្សាទុកនៅ ប៉ុសិ៍្ដនគរបាលរដ្ឋបាលអូរតាប៉ោង ។ ករណីគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យមានមនុស្សស្លាប់ដល់ទៅចំនួន០២នាក់ និងរងរបួសធ្ងន់អ្នកបើកបរនេះ អ្នកសារព័ត៌មានយើង ធ្វើការទំនាក់ទំនងទៅលោក សុង គឹមសែ អធិការនៃអធិការដ្ឋាននគរបាលស្រុកបាកាន តាមប្រព័ន្ធតេឡេក្រាម នារសៀលថ្ងៃដដែលនេះពុំបានទេ ដោយមានអ្នកចូលមើលប៉ុន្តែគ្មានការតប ដោយឡែក លោក នូវ តាល់ ស្នងការរងទទួលការងារចរាចរណ៍ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានបញ្ជាក់នៅថ្ងៃដដែលថា ពិតជាមានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រថយន្តបុកគូថរថយន្តចតលើចិញ្ចើមផ្លូវ បណ្ដាលឲ្យមានមនុស្សស្លាប់ និងរងរបួសធ្ងន់ពិតមែន ៕
ដោយ៖ ប៉ឹម ពិន